រាជធានីភ្នំពេញ ៖ យុវជន២នាក់ បានរងរបួសធ្ងន់ដោយត្រូវក្រុមក្មេងអន្ធពាលត្រួតគ្នាវាយ និងកាប់ដោយកាំបិតប៉័ងតោ ខណៈយុវជនរងគ្រោះរួមជាមួយមិត្តភក្តិនាំគ្នាចេញពីផឹកស៊ី និងរាំកម្សាន្តនៅក្លិបម៉ូណាកូ តាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ សីហា ។ ចំពោះមូលហេតុដែលនាំឱ្យក្រុមក្មេងអន្ធពាលព្រួតគ្នាដេញកាប់ជនរងគ្រោះខាងលើ គឺមកពីជនរងគ្រោះរាំជាមួយស្រីស្នេហ៍របស់ពួកគេ ។
ជនរងគ្រោះឈ្មោះសង់ ទី ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១១ ក្រុម១០ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ បានឱ្យដឹងថា មុនពេលកើតហេតុរូបគេ និងមិត្តភក្តិចំនួន៦នាក់ទៀត ស្រី៣នាក់ ប្រុស៣នាក់ បាននាំគ្នាចូលទៅផឹកស៊ី និងរាំកម្សាន្តនៅក្នុងក្លិបម៉ូណាកូ ដែលនៅមិនឆ្ងាយពីផ្ទះរបស់ខ្លួននៅវេលាម៉ោង៩និង៣០នាទីយប់ ។
ជនរងគ្រោះបន្តថា នៅពេលផឹកស៊ី និងរាំកម្សាន្ត ពេលនោះមានមនុស្សស្រីម្នាក់ដែលបានស្គាល់គ្នាជាមួយនឹងមិត្តស្រីរបស់ខ្លួន ហើយបានចូលរួមតុផឹកស៊ីជាមួយគ្នា ពេលនោះជនរងគ្រោះក៏សុំមនុស្សស្រីដែលទើបនឹងស្គាល់ឡើងរាំស្លូជាមួយគ្នា និងបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា ដោយមិនដឹងថា មនុស្សស្រី នេះមានប្រុសកំណាន់ចិត្តនៅក្នុងក្លិបនេះដែរ ។ លុះវេលាម៉ោង១២និង២៤នាទីរំលងអធ្រាត្រ ខ្លួន និងមិត្តភក្តិម្នាក់ទៀតឈ្មោះប៉ែន សុខលីស ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្បែរគ្នា បានសុំមិត្តភក្តិផឹកស៊ីជាមួយចេញពីក្លិបទៅផ្ទះមុន ស្រាប់តែពេលដើរតាមផ្លូវជិតដល់ផ្ទះទៅហើយ ក៏លេចមុខក្រុមជនអន្ធពាលចំនួន៤-៥នាក់ បានព្រួតគ្នាវាយ និងកាប់ទៅលើពួកខ្លួនទាំង២នាក់ កាំបិតប៉័ងតោ ចំនួន៣កន្លែង ត្រូវចំក្បាល ដៃ និងជើង បណ្តាលឱ្យរបួសធ្ងន់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ