ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​​បាល់​ទាត់​ស្ត្រី​​ជ្រើស​រើស​​ជើង​ឯក​​ថ្នាក់​ជាតិ​​ 2012 ក្រុម​​អង្គ​ការ​​កម្ម​វិធី Salt ជា​អ្នក​​លើក​ពាន​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ​ការ​ប្រកួត​បាល់​ទាត់​​ស្ត្រី​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​​ជាតិ​ឆ្នាំ​២០១២ ដែល​​​ចាប់​ផ្តើមធ្វើ​​​តាំង​ពី​ថ្ងៃ​ទី​២២ សីហា នៅ​ទី​លាន​​បាល់​ទាត់​ខេត្ត​បន្ទាយ​មាន​ជ័យ​នោះ ​នៅ​ព្រឹក​​ថ្ងៃ​ទី​២៩ សីហា ​​ការ​ប្រកួត​​បាន​​ឈាន​ចូល​ដល់​វគ្គ​​ផ្តាច់​ព្រ័ត្រ​​ហើយ​ ដោយ​​មាន​ការ​​ចូល​រួម​​ប្រគល់​​ពាន​រង្វាន់​​ពី​សំណាក់​​លោក​អ៊ុង អឿន អភិបាល​​ខេត្ត​បន្ទាយ​មាន​ជ័យ និង​គណៈ​ប្រតិ​ភូ​កីឡា ​ភ្ញៀវ​ជាតិ អន្តរ​ជាតិ ព្រម​ទាំង​កម្លាំង​​កង​រាជ​អាវុធ​​ហត្ថ​ជា​ច្រើន​រូប​​​ ។ លទ្ធ​​ផល​​នៃ​ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​​ គឺ​ក្រុម​​បាល់​ទាត់​អង្គ​ការ​​កម្ម​វិធី Salt របស់​ខេត្ត​​បាត់​ដំបង​​ យក​ឈ្នះ​ក្រុម​​អធិ​រាជ​ភ្នំ​ស្វាយ​ខេត្ត​​បន្ទាយ​មាន​ជ័យ ២​ ទល់​នឹង ១ មាន​ឱ​កាស​​លើក​​​ពាន​​ជើង​​ឯក​ថ្នាក់​ជាតិ​​ឆ្នាំ​២០១២ នេះ ។

ក្រម​បាល់​ទាត់​​អង្គ​ការ​​កម្ម​​វិធី Salt របស់​ខេត្ត​បាត់​ដំបង​ បាន​ក្លាយ​ជា​​ក្រុម​ជើង​ឯក​ម្តង​ទៀត បន្ទប់​ពី​ប្រកួត​​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​ឈ្នះ​ក្រុម​អធិ​រាជ​ភ្នំ​ស្វាយ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​ ២​ ទល់​នឹង ១ ខណៈ​កាល​ពី​​ឆ្នាំ​​២០១១ ការ​ប្រកួត​បាន​រៀប​ចំ​​ធ្វើ​នៅ​​ខេត្ត​បាត់​ដំបង ហើយ​ក្រុម​អង្គ​​ការ​កម្ម​វិធី Salt ដែល​ជា​ម្ចាស់​ផ្ទះ​​ជា​អ្នក​​លើក​ពាន​​នេះ​ម្តង​រួច​​មក​ហើយ ។ ក្នុង​ឆ្នាំ​២០១២​ នេះ ការ​ប្រកួត​ធ្វើ​នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យ ជា​​ឱ​កាស​​សម្រាប់​ក្រុម​អធិ​រាជ​ភ្នំ​ស្វាយ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ យក​ឈ្នះ​​​ដើម្បី​​លើក​ពាន​​ម្តង ដោយ​សារ​លេង​លើ​ទឹក​ដី​របស់​ខ្លួន​​ ប៉ុន្តែ​​បែរ​ជា​ក្រុម​​អង្គ​ការ​កម្ម​វិធី Salt ជា​អ្នក​លើក​ពាន​ទៅ​វិញ បើ​ទោះ​ជា​លេង​​លើ​ទឹក​​គេ​ក៏​ដោយ ។

គួរ​បញ្ជាក់​​ថា ក្រុម​ទាំង​២​​នេះ ស្ថិត​នៅក្នុង​​ពូល​ជា​មួយ​គ្នា​ដែល​កាល​ជួបគ្នា​ក្នុង​ពូល​​ក្រុម​​អង្គ​ការ​​កម្ម​វិធី​​ Salt ឈ្នះ​ក្រុម​​អធិ​រាជ​​ភ្នំ​ស្វាយ​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៤​ទល់​នឹង ២ ​។ ពេល​នេះ​ក្រុម​​អង្គ​ការ​កម្ម​វិធី Salt ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ​​១ ក្រុម​អធិ​រាជ​ភ្នំ​ស្វាយខេត្ត​បន្ទាយ​មាន​ជ័យ​​​ លេខ២ និង​ក្រុម​លេខ​៣ ស្ទួន​គឺ​ខេត្តកំពង់​ឆ្នាំង និង​ខេត្ត​សៀម​​រាប ។ ព្រឹត្តិ​ការណ៍​​ប្រកួត​បាល់​ទាត់​ស្ត្រី​​ជ្រើស​​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១២ នេះ​​ មាន​ក្រុម​​បាល់​ទាត់​ចំនួន​១០​​ចូល​រួម​​ប្រកួត​ និង​បែង​ចែក​ជា​២​ពូល (A និង B) ដែល​ក្នុង​​មួយ​ពូលៗ​​មាន​៥​ក្រុម។

សម្រាប់​ពូល A មាន​​ក្រុម​អធិ​រាជ​​ភ្នំ​ស្វាយ​ខេត្ត​បន្ទាយ​មាន​ជ័យ, ក្រុម​ខេត្ត​កំពង់​ធំ, ក្រុម​អភិវឌ្ឍន៍​បាល់​ទាត់​​ស្ត្រី, ក្រុម​អង្គ​ការ​កម្ម​វិធី Salt និង​ក្រុម​​ខេត្ត​ក្រចេះ ។ ចំណែក​ពូល B មាន​​ក្រុម​ខេត្ត​​កំពង់​​ឆ្នាំង, ក្រុម​​ខេត្ត​ប៉ៃលិន, ក្រុម​ខេត្ត​ព្រះសីហនុ, ក្រុម​ខេត្ត​បាត់ដំបង និង​ក្រុម​​ខេត្ត​សៀម​រាប ៕