ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចម្រុះ​ចុះ​អនុ​វត្ត​សាល​ក្រម​​ដី​ទំនាស់​នៅ​ក្រុង​ប៉ោយប៉ែត​

13 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ លោក​ផាន់ ភីរម្យំ ព្រះ​រាជ​អាជ្ញា​​រង​ខេត្ត​ ​ដឹក​នាំ​​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​​ចំនួន​ប្រមាណ​​៥០​នាក់ ចុះអនុ​វត្ត​សាល​ក្រម​​របស់​តុលា​ការ​កំពូល​នៅព្រឹក​ថ្ងៃទី​៣០ សីហា ២០១២ ​នេះ​នៅ​លើចំណុច​ដីទំនាស់​​ជា​មួយ​ប្រជា​ពល​រដ្ឋ​ប្រមាណ​៨០​​​គ្រួសារ ​ស្ថិត​ក្នុង​ភូមិ​បាលិ​លេយ្យ​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ។

ការ​ចុះ​អនុ​វត្ត​សាល​ក្រម​​នេះ ​គេ​ឃើញ​មាន​ប្រជា​ពលរដ្ឋ​​មួយចំនួន​ដែល​រស់​នៅ​កន្លែង​​​កើតហេតុ​​បាន​នាំ​​គ្នា​​ជ្រួល​ច្រាល់​​​ត្រៀម​ខ្លួន​​តតាំង​​ជា​មួយ​សមត្ថ​កិច្ច​​ផង​ដែរ ប៉ុន្តែ​​មិន​មាន​បាតុ​ភាព​អ្វី​កើត​ឡើង​គួរ​​ឱ្យកត់​សម្គាល់​នោះឡើយ ។ ប្រភពព័ត៌​មាន​​ពី​​ប្រជា​ពល​រដ្ឋ​បាន​​ឱ្យ​ដឹង​ថា ​ពួក​គាត់​បាន​រស់​នៅ​លើ​ដី​នេះ​តាំងពី​ឆ្នាំ​២០០០មក​ម៉្លេះ ដោយ​​មាន​​លិខិត​​កាន់​កាប់​​ដីធ្លី​ពីអាជ្ញាធរ​មូល​ដ្ឋាន​​បាន​ចេញ​ទទួល​​ស្គាល់​ត្រឹមត្រូវ​​ថែម​ទៀត​ផង ។ ទើប​តែ​នៅ​ឆ្នាំ ២០០៨​ ស្រាប់​តែ​លេច​ឮមន្ត្រី​ជាន់​ខ្ពស់​ និង​ឈ្មោះ​យស អ៊យ បាន​ដាក់​ពាក្យ​​បណ្តឹង​ជំទាស់​​ថា ដី​ស្រះ​ទឹក​របស់​ពួកគាត់​ដែល​មាន​ទំហំ​៣៣​ម៉ែត្រ​គុណ​១០៧​ម៉ែត្រ ​ថា ជា​ដី​ពួក​គេ​ទៅ​វិញ ។

ក្នុង​ការ​​ចុះអនុវត្ត​​សាល​ក្រម​នេះ​ដែរ លោក​ផាន់ ភីរម្យំ បាន​មាន​ប្រសាសន៍​​ទៅ​​កាន់​ប្រជា​ពល​រដ្ឋ​​​ឱ្យ​​ដឹងថា ការ​ដឹក​នាំ​​កម្លាំង​ចុះ​មក​នៅពេល​នេះ​មិន​មែន​មក​ធ្វើ​បាប ​ឬ​រក​រឿង​ឱ្យ​​ពល​រដ្ឋ​​មាន​ការ​ភ័យ​ខ្លាច​អ្វីឡើយ គឺក្នុង​គោល​បំណង​​មក​ពិនិត្យ​​មើល​ជាក់​ស្តែង​​ចំពោះ​​ពល​រដ្ឋដែល​រស់​នៅ​លើ​ចំណុច​ដីទំនាស់​នេះ​​ហើយ​នឹង​រក​ដំណោះ​ស្រាយ​ឱ្យ​​​មាន​ភាព​យុត្តិ​ធម៌ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕