ទូរទស្សន៍ក្រុងម៉ារសី រាយការណ៍កាលពីថ្ងៃទី២៩ សីហា ថា លោកយាយជនជាតិបារាំង PAULE BRONZINI ដែលមានអាយុវែងជាងគេ ហើយដែលទើបប្រារព្ធបុណ្យខួប កំណើតគម្រប់១១២ឆ្នាំ របស់គាត់ កាលពីថ្ងៃទី៧ កក្កដា បានទទួលមរណភាព ហើយកាលពីយប់ថ្ងៃទី២៨ មក២៩ សីហាក្នុងលំនៅឋានសម្រាប់និវត្តន៍ជននៅ VAUCLUSE ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង។
លោកយាយ PAULE BRONZINI កើតថ្ងៃទី៧ កក្កដា ឆ្នាំ១៩០០ នៅក្រុងម៉ារសី ។ លោកយាយមានកូន៤នាក់ ដែលនៅរស់ ដោយពួកគាត់មានអាយុពី៧៦ ទៅ៩៤ឆ្នាំ ហើយមានចៅទួត និងចៅលួតប្រមាណជា១២នាក់ ។ លោកយាយជានារីបារាំងមានអាយុវែងជាងគេចាប់ពីថ្ងៃទី៨ មិថុនា កន្លងទៅនេះមក ។
កាលពីថ្ងៃទី៧ កក្កដា ពេលប្រារព្ធបុណ្យខួបកំណើតគម្រប់១១២ឆ្នាំរបស់គាត់លោកយាយនោះរៀបរាប់ប្រាប់អ្នកកាសែតទាំងឡាយពីអាថ៌កំបាំងនៃការមានអាយុវែងរបស់គាត់ថា ចូរកុំរួមរ័កច្រើនលើសលប់ពេក ហើយត្រូវចេះសម្របខ្លួន ។ពេលនេះនារីមានអាយុវែងជាងគេរបស់បារាំង គឺលោកយាយម្នាក់មានអាយុ១១១ឆ្នាំ៕
ចែករំលែកព័តមាននេះ