អគ្គលេខាធិការ អ.ស.ប លោកបានគីមូន កាលពីថ្ងៃទី២៩ សីហា នៅទីក្រុងតេហេរ៉ង់បានជួបជាមួយប្រធានាធិបតី និងមេដឹកនាំកំពូលអីុរ៉ង់ដោយស្នើដល់មេដឹកនាំទាំង២ឱ្យចាត់វិធានការជាក់ស្តែងនានាដើម្បីបង្ហាញថាកម្មវិធីនុយក្លេអ៊ែររបស់ពួកគេគឺសន្តិភាព។
ក្នុងឱកាសជួបពិភាក្សាដាច់ដោយឡែកពីគ្នាដែលលោកធ្វើជាមួយលោកប្រធានាធិបតីម៉ាមូដអាម៉ាឌីណឺហ្សាដ និងលោកអាយ៉ាតុលឡាអាលី ខាមេនី លោកបានគីមូនគូសបញ្ជាក់ ម្យ៉ាងទៀតថាលោកនឹងចាត់ទុកការវាយប្រហារដោយពាក្យសម្តីចុងក្រោយទាំងឡាយរបស់ប្រធានាធិបតីអីុរ៉ង់ ចំពោះអីុស្រាអែលថាជាពាក្យសម្តីក្តុកក្តួលបញ្ជេះភ្លើង ហើយមិនអាចទទួលយកបានឡើយ ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យលោក ។
លោកបានគីមូន អញ្ជើញទៅដល់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៩ សីហា ដើម្បីបំពេញទស្សនកិច្ចរបស់លោក៣ថ្ងៃមួយនៅទីនោះដោយលោកត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ ដែលប្រព្រឹត្តទៅនាថ្ងៃទី៣០និង៣១ សីហា ក្នុងរដ្ឋធានីអីុរ៉ង់ ។ សហរដ្ឋអាមេរិកនិងអីុស្រាអែលបានអំពាវនាវឱ្យធ្វើពហិការកិច្ចប្រជុំកំពូលនោះ ។
ទាក់ទិនដល់ប្រទេសស៊ីរី លោកបានគីមូន បានទទូចដល់មេដឹកនាំអីុរ៉ង់ឱ្យប្រើឥទ្ធិពលរបស់ខ្លួនដើម្បីអំពាវនាវឱ្យប្រធានាធិបតីស៊ីរី លោកបាចាអាល់អាសាដ បញ្ឈប់អំពើហិង្សា ហើយបង្កើតលក្ខខណ្ឌនានាសម្រាប់ការចរចាដែលគួរឱ្យជឿជាក់ និងដំណើរការនយោបាយដោយពិតប្រាកដដែលឆ្លើយតបចំពោះឆន្ទៈរបស់ប្រជាជនស៊ីរី ៕
ចែករំលែកព័តមាននេះ