ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុង វីរៈ ប្រកាស​​ផ្តួល​​ វ៉ែន សុវណ្ណ ឯ​ ចាន់ រតនា ​ប្រកាស​ផ្តួល​ វ៉ោយ សុធន លើសង្វៀនបាយ័នបឹងស្នោ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​ព្រឹត្តិ​ការណ៍​​ប្រកួត​ក្បាច់​គុន​បុរាណ​ខ្មែរ​​នៅ​​សង្វៀន​​បាយ័ន​​បឹង​ស្នោ​​ស្អែក​​នេះ​ (១ កញ្ញា) នឹង​ធ្វើ​​ឱ្យរញ្ជួយ​សង្វៀន​​ជាក់​ជា​មិន​ខាន ខណៈ​ដែល​អ្នក​ស្នេហា​វិស័យ​​ប្រដាល់​កំពុង​ទន្ទឹង​រង់​ចាំ​​មើល​​ថា តើ​​ក្នុង​ចំណោម​ជើង​ខ្លាំង​ទាំង​៤​រូប​ដែល​​ឡើង​មក​អង្រួន​​សង្វៀន​​បាយ័ន​​ នរណា​​មាន​ឱ​កាស​​ឡើង​ទៅប្រកួត​​​ដណ្តើម​​ខ្សែ​ក្រវាត់​អាជ្ញា​ធរ​ជាតិ​ប្រឆាំង​​គ្រឿង​ញៀន ពី​អ្នក​ប្រដាល់​​កែង​ឆេះ ជង្គង់​ទិព្វ អូត ភូថង បាន​​។

ដើម្បី​បង្ហាញ​​ពី​ឥទ្ធិ​ពលខ្លួន​​ ​​កីឡា​ករ​អ៊ុង វីរៈ មក​ពី​ក្លិប​​កង​ពល​តូច​​ឆត្រ​យោង​៩១១ បាន​ធ្វើ​ការ​ប្រកាស​​ថា នឹង​​ផ្តួល​កីឡាករ​វ៉ែន សុវណ្ណ មក​ពី​ក្លិប​​កង​កេង​ខេត្ត​បាត់​ដំបង ឱ្យ​បាន​​ ព្រោះ​​កន្លង​មក​​លោក​ធ្លាប់​​សាក​កណ្តាប់​ដៃ​​គ្នា​បាន៣​លើក​​​ដែរ ​​ក្នុង​នោះ​ឈ្នះ​​២ ​ចាញ់​១​ ទើប​​លោក​ដឹងច្បាស់​​ពី​ក្បាច់​​ប្រដាល់​របស់​វ៉ែន សុវណ្ណ ថា​មាន​​ចំណុច​ណា​ខ្លះដែល​អាច​​​យក​ឈ្នះ​គាត់​បាន ។ វ៉ែន សុវណ្ណ គាត់​ពូកែ​ខាង​​ប្រើ​កណ្តាប់​ដៃ​​ និង​ជើង​​ ដូច្នេះ​​លោក​​ត្រៀម​​ខ្លួន​រួច​​រាល់​​ហើយ​ទាំង​​ក្បាច់​​ទប់​ទល់​​ និង​សម្លាប់​​​ក្នុង​ការ​ផ្តួល​​គាត់​​ ។

ដោយ​ឡែក​កីឡា​ករ​​ចាន់ រតនា ដែល​អ្នក​ណា ក៏​ស្គាល់​​ថា​ជា​ជើង​ខ្លាំង​​ម្នាក់​ដែរ​នោះ​ ក៏​បាន​​អះ​អាង​​ពី​ការ​​ផ្តួល​​ដៃ​គូ​​វ៉ោយ សុធន ឱ្យ​​ទាល់​តែ​​បាន​ដែរដើម្បី​​បាន​ឡើង​​ទៅ​ត​តាំង​ជា​មួយ​​អូត ភូថង ។ កីឡា​ករ​​ចាន់ រតនា មក​ពី​ក្លិប​​ខេមរៈ​ខ្លា​ហោះ​​ បាន​ថ្លែង​​ថា លោក​​មិន​ដែល​មាន​​ប្រវត្តិ​ប្រកួត​​ជា​មួយ​វ៉ោយ​ សុធន ទេ ​​នេះ​ជា​លើក​​ទី​មួយ​​ ដូច្នេះ​​លោក​​ត្រូវ​តែ​​បញ្ចេញ​​ឱ្យ​អស់​ពី​សមត្ថ​ភាព​​ដើម្បី​​​ផ្តួល​​ដៃ​គូ​ឱ្យខាង​តែ​​បាន​ដោយ​លោក​បាន​ប្រឹង​​ហ្វឹក​ហាត់​​តាំង​ពី​បាន​​ដឹង​ពី​សមាសភាព​គូ​ប្រជែង​មកម៉្លេះ​ ។ រតនា បាន​បញ្ជាក់​​ពីច​ំណុច​​ពិសេស​​របស់​សុធន ទោះ​បី​លោក​​មិន​ធ្លាប់​​ជួប​​ប្រកួត​ជា​មួយ​ក៏​ដោយ ក៏​ដឹង​​​បាន​ថា គាត់​(សុធន) ធ្វើ​បាន​​ល្អ​ខាង​ប្រើ​ជង្គង់​​ និង​​មាន​កម្លាំង​​ខ្លាំង​​ រី​ឯ​កម្ពស់​​វិញ​ ក៏​​ល្អ​ដែល​ផ្ទុយ​​ពី​លោក​ពូកែ​ខាង​ទាត់​។​តែ​យ៉ា​ង​ណា​លោក​​បាន​ត្រៀម​​​​ក្បាច់​ពិសេស​​ៗ​​រួច​ជា​ស្រេច​​ដើម្បី​ការ​ពារ​ខ្លួន​​ រួច​ប្រើ​ក្បាច់​​សម្លាប់​​គាត់​តែ​ម្តង​​ និង​​សង្ឃឹម​ថា​​​ចុង​ក្រោយ​​បាន​ប៉ះ​​ជា​មួយ​អូត ភូថង ។

គួរ​​បញ្ជាក់​ថា កីឡា​ករ​ចាន់ រតនា ចាប់​ផ្តើម​​អាជីព​​ប្រដាល់​​ដំបូង​នា​​ឆ្នាំ​២០០៦ ប្រកួត​​ក្នុង​ប្រភេទ​​ទម្ងន់​​៥៧​គីឡូ​ក្រាម តែ​សព្វ​ថ្ងៃ​​លោក​ប្តូរ​មក​​វាយ​​​ក្នុង​​ប្រភេទ​​​ទម្ងន់​​៧៧​​គីឡូ​​ក្រាម​ប្រមាណ​​២​ឆ្នាំ​ហើយ ។ កីឡា​ករ​រូប​នេះ​​ធ្លាប់​​បាន​ទទួល​​ឱកាស​​ចេញ​ទៅ​ប្រដាល់​​នៅ​ប្រទេស​បារាំង​​ម្តង​កាល​ពី​ចុង​ឆ្នាំ​២០១០ កន្លង​ទៅ​ដោយ​ទទួល​បាន​ខ្សែ​ក្រវាត់​​ពី​ខាង​សហ​ព័ន្ធ​កីឡា​​ប្រដាល់​នៅ​ប្រទេស​បារាំង ។ រយៈ​ពេល​ជិត​​៧​ឆ្នាំ​​ ចាន់ រតនា ប្រកួត​បាន​ជាង​៥០​ដង​ហើយ​ដោយ​លោក​​ធ្វើ​បាន​ល្អ​ខាង​ប្រើ​​ជើង​ទាត់ធ្វើ​​ឱ្យ​​​មហា​ជន​​កត់​ចំណាំ​ ។ រី​ឯ​កីឡា​ករ​អ៊ុង វីរៈ ទើប​តែ​ចាប់​ផ្តើម​អាជីព​​ប្រដាល់​​​​កាល​ពី​​ឆ្នាំ​២០១១ ប្រកួត​ក្នុង​ទម្ងន់​​ចាប់​ពី​៦៥​ដល់​៦៩​​គីឡូ​ក្រាម ។ វីរៈ ពូកែ​ខាង​ប្រើ​ជង្គង់​ និង​កណ្តាប់​ដៃ​ ធ្លាប់​​ប្រកួត​ជើង​​ឯក​​ទូ​ទាំង​ប្រទេស​​នៅ​​ឆ្នាំ​២០១១ ​​ទទួល​បាន​​មេ​ដាយ​សំរឹទ្ធិ​​ និង​​ធ្លាប់​ទទួល​បានជើង​​ឯក​​ពាន​រង្វាន់​​ស៊ី​ម៉ង់​​ត៍​​រូប​ភ្នំ​​កាល​ពី​​ដើម​ឆ្នាំ​​នេះ​​នៅ​សង្វៀន​​ស្ថានីយ​ទូរ​​ទស្សន៍​បាយ័ន។

ចាំ​មើល​​តើ​អ៊ុង វីរៈ និង​ចាន់ រតនា អាច​ផ្តួល​គូ​​ប្រកួត​បាន​ដូចការ​អះ​អាង​ដែរ ឬ​​ទេ? ខណៈ​ដែល​កីឡា​ករ​​ពីរ​រូប​​ (វ៉ែន សុវណ្ណ និ​ង​វ៉ោយ សុធន) ក៏​ប្រកាស​​​​ពី​​ការ​តាំង​ចិត្ត​​យក​​​ឈ្នះ​​គូ​ប្រកួត​​​ដែរ​នោះ ដូច្នេះ​មាន​​តែ​រង់​ចាំ​តាម​​ដាន​​​ទាំង​អស់​គ្នា​​នា​ថ្ងៃ​សៅរ៍​ស្អែក​​នេះ​​ តើ​អ្នក​ណា​​​ជា​តួ​ឯក​ពិត​ប្រាកដ​ ។ ដោយ​​ឡែក​​សម្រាប់​គូ​​ប្រកួតជា​លក្ខណៈ​​មិត្ត​ភាព​​វិញ កីឡា​ករ​ចាន់ ប៊ុន​ឡេក មក​​ពី​ក្លិប​​និរោធ​​មាន​ជ័យ​​ ប៉ះ​ជា​មួយ​កីឡា​ករ​​ផាន ចំណាន មក​ពី​ក្លិប​រតនគិរី ។ កីឡា​ការិនី​​សម សំណាង មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​​ខេត្ត​បាត់​ដំបង ដែល​បាត់​​មុខ​មួយ​រយៈ​​ ប្រកួត​ជា​មួយ​កីឡា​ការិនី​​វី អិច មក​ពី​ក្លិប​​អេភូ​​ថង​​កីឡា និង​គូ​ចុង​ក្រោយ​​កីឡា​ករ​​ម៉ន ភិរម្យ មក​ពី​ក្លិប​ព្រែក​​ឯង​កីឡា​​​ ប្រកួត​ជា​មួយ​​កីឡា​ករ​គុន សំណាង មក​ពី​ក្លិប​​ខេមរិន្ទ​​កីឡា ៕