ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សម្បុក​ចោរ​ប្លន់​បុគ្គ​លិក​ក្រុម​ហ៊ុន​ចិន​នៅស្រុក​កំរៀង ប៉ូលិស​ចាប់​បាន​៥​នាក់ ប៉េអឹម​ចាប់​បាន​ម្នាក់​

13 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​ការ​ប្រឹង​ប្រែង​ដោយ​អំណត់​​របស់​សមត្ថ​កិច្ច​ក្នុង​ការ​តាម​បំបែក​សម្បុក​​ក្រុម​ចោរ​ប្លន់​បុគ្គ​លិក​​ក្រុម​ហ៊ុន​​ចិន​ធ្វើ​​ថ្នល់​​នៅ​ស្រុក​​កំរៀង ទី​បំផុត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​ក្នុង​ចំណោម​៧​នាក់​ កាលពីរសៀល​ថ្ងៃទី​២៩ សីហា ​២០១២ ក្នុង​នោះ​កង​រាជអាវុធហត្ថ​​ក៏ចាប់​​​បាន​ម្នាក់​ផង​ដែរ ។

លោក​ឈឹម ​គឹម​ហុង អធិការ​ស្រុក​កំរៀង​​បាន​ប្រាប់​កោះ​សន្តិភាពថា ​អំពើ​ប្លន់​​បុគ្គ​លិក​​ក្រុម​ហ៊ុន​​ចិន​ធ្វើ​ផ្លូវ​កាល​​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ សីហា ​នៅភូមិ​អូរដា​លើ ឃុំ​បឹង​រាំង ​ស្រុក​កំរៀង ​ត្រូវ​កម្លាំង​​របស់​លោក​ដែល​ដឹក​នាំ​ផ្ទាល់​​ដោយ​លោក​ជេត វណ្ណនី ស្នង​ការ​​រង​ខេត្ត​បាន​ស្រាវជ្រាវ​ចាប់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់​ជា​បន្ត​បន្ទាប់​នៅ​រសៀល​ថ្ងៃ​ដដែល ។ រីឯ​កម្លាំង​កង​រាជអាវុធ​ហត្ថ​​ក៏​ចាប់​​បាន​បក្ស​ពួក​ក្រុម​នេះ​បាន​ម្នាក់​ដែរ ប៉ុន្តែ​​នៅ​មាន​​ម្នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន ។ លោក​​អះអាង​ថា សំណុំរឿង​នេះ​ចាត់​ទុកថា សមត្ថ​កិច្ច​​​យើង​បង្ក្រាប​​បាន​ស្ទើរ​ទាំង​ស្រុង​ហើយ ក្រោយ​ពី​កើតហេតុ ។

លោក​ឈឹម គឹម​ហុង បាន​ប្រាប់​ថា ជន​សង្ស័យ​ទាំង​នេះ​ មាន ១-ឈ្មោះ​សូរ ខ្លឹង អាយុ​២២​ឆ្នាំ ជា​អ្នក​បើក​បរ​​​រថយន្ត​ឱ្យ​ក្រុម​ហ៊ុន​ចិន និង​ជា​អ្នក​ផ្តើម​គំនិត «ប្លន់» ២-ឈ្មោះ​​ស្តើង ជា​ ហៅ​ដេត ​អាយុ​៣២​ឆ្នាំ ៣-ឈ្មោះ​​ម៉ៅ ចក់ អាយុ​៥០​ឆ្នាំ ​៤-ឈ្មោះ​នៅ វីរៈ អាយុ​២១​ឆ្នាំ ​៥-ឈ្មោះ​តាំង ​ចិត្រា អាយុ​៣០​ឆ្នាំ ​និង​ម្នាក់​ទៀត​ដែល​កម្លាំង​កង​រាជអាវុធ​ហត្ថ​ចាប់​បាននោះឈ្មោះ​​សោម ស៊ីនុច អាយុ​២៩ឆ្នាំ ។ លោក​​បញ្ជាក់ថា ​​ក្រុម​នេះ​ត្រូវ​កម្លាំង​​របស់​លោក​ស្រាវ​​ជ្រាវ​​ចាប់​បាន​​​ជា​បន្ត​បន្ទាប់​ក្រោយ​​ពី​ប្រព្រឹត្ត​បទល្មើស។ ​លោកបន្ត​​ថា អំពើ​ប្លន់​នេះ​​ផ្តើម​គំនិត​ដោយ​ឈ្មោះ​​សូរ ខ្លឹង ជា​អ្នក​បើក​បរ​រថយន្ត​ឱ្យ​​​ជន​ជាតិ​ចិន ដែល​រង​គ្រោះ​នោះ​តែ​ម្តង ដែល​​ជន​នេះ​អះអាង​ថា ​មិន​សប្បាយ​​ចិត្ត និង​ចិន​ឱ្យ​ស៊ីចុក​​មិន​គ្រប់​គ្រាន់​ និង​ខ្ចីប្រាក់​តិច​តួច​មិន​បាន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕