ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​​ហេង​ស្រេង​ហុង ត្រូវ​សាលា​ដំបូង​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​​កិប​កេង​ប្រាក់​ជាង​៩០​ម៉ឺន​ដុល្លារ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលា​ដំបូងរាជ​ធានីភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​៣០ សីហា ​​២០១២ បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​មាន​តួនាទី​​ជា​អ្នក​គ្រប់​​គ្រង​​ក្រុម​ហ៊ុន​​វេង​ស្រេង​ហុង ដាក់​ពន្ធ​នា​​គារ​ប៉េហ្ស៊ី​ជា​បណ្តោះ​អាសន្ន​​រង់​ចាំ​ការ​​ស៊ើប​អង្កេត​​ឈា​​ន​ទៅ​សវនា​ការ​​ផ្តន្ទា​ទោស ។

ស្ត្រី​អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​នោះ​​មាន​ឈ្មោះ​ហ៊ាន ​សោភ័ណ្ឌ​ អាយុ​៣២​​ឆ្នាំ ​ទីលំនៅ​ផ្ទះ​​លេខ​៩ ផ្លូវ​​លេខ​៥១៦ ​សង្កាត់​បឹង​កក់​១ ខណ្ឌទួល​គោក រាជ​ធានី​​ភ្នំពេញ ។

ការ​ឃាត់​​ខ្លួន និង​បញ្ជូន​ស្ត្រី​ឈ្មោះ​​ហ៊ាន ​សោភ័ណ្ឌ ទៅ​កាន់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ​ត្រូវបាន​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​ក្រសួងមហាផ្ទៃ​​ធ្វើ​ឡើង​តាម​​ដីកា​បញ្ជា​​​ឱ្យ​ចូល​ខ្លួន​របស់​សាលា​ដំបូង​​ដោយ​យោង​​ទៅ​​លើ​ពាក្យ​​បណ្តឹង​របស់​អ្នក​ស្រី​សៀម ជូ នាយិកា​​​​ក្រុម​ហ៊ុន​​ហេង​ស្រេង​ហុង ។

ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹង​ទៀតថា ​អ្នក​ស្រី សៀម ជូ មាន​ក្រុម​ហ៊ុន​ច្រើន​ និង​ជាប់​រវល់​ការងារ​មមា​ញឹក​​បាន​សំឡឹង​មើល​ឃើញ​នាង​ហ៊ាន ​សោភ័ណ្ឌ ​ជាអ្នក​គួរ​ឱ្យ​ទុកចិត្ត​ និង​ជ្រើសរើស​ឱ្យ​ឡើង​ធ្វើ​ជាអ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​រយៈ​ពេល​​១៤​ឆ្នាំ​មក​ហើយ ​ពោល​គឺ​ចាប់​តាំងពី​ឆ្នាំ​១៩៩៨ ​មក​ម៉្លេះ ។ ​កន្លង​មក​ក្រុម​ហ៊ុន​បាន​បើក​ដៃ​​ឱ្យ​នាង​​​ចាត់​ចែង​​ការងារ​ទាំងអស់​​នៅ​ក្នុង​​ក្រុម​​ហ៊ុន​ហេង​ស្រេង​ហុង  និង​ចាត់​ចែង​​បុគ្គ​លិកទូទៅ​ផង តែ​គ្មាន​​តួនាទី​​ទទួល​ប្រាក់​ចំណូល​​ចំណាយ​ទេ ។ រហូត​​ដល់ថ្ងៃទី​២៥ កក្កដា ២០១២ នេះ ដោយ​សារ​ប្រាក់​ចំណូល​ត្រូវ​ថយ​ចុះ និង​មាន​ការ​សង្ស័យ​អំពី​ការ​បាត់​បង់​ប្រាក់​មិន​ប្រក្រតី​នោះ អ្នក​ស្រីនាយិកា​​ក្រុម​ហ៊ុន​ក៏​បាន​​កោះ​ប្រជុំ​​ជា​មួយ​អ្នក​គ្រប់​គ្រង​​ និងអ្នក​ទទួល​ខុសត្រូវ​តាម​ផ្នែក តាម​ជំនាញ រហូត​រក​ឃើញ​ការ​កិប​កេង​ប្រាក់​​ជិត​១​លាន​ដុល្លារ ហើយ​​ក៏​ឈាន​ទៅ​ធ្វើ​ការ​ឃាត់​ខ្លួន​​តែ​ម្តង។

ការ​ចោទប្រកាន់​​ និង​ការ​​ឃាត់​​ខ្លួន​អ្នក​ស្រី​​ហ៊ាន សោភ័ណ្ឌ ​នេះ កោះសន្តិ​ភាព​បាន​ស្វែង​រក​ការ​បំភ្លឺ​​ពីភាគី​ជន​ជាប់ចោទ​ផង​ដែរ ​ប៉ុន្តែ​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​…។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕