ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ឃ្លី​ស្ទ័រ​លា​ឈប់​ពី​អា​ជីព​បន្ទាប់​ពី​បរា​ជ័យ​ក្នុង​ជុំ​ទី​២​ក្រ​ប​ខណ្ឌ​ធំ​ U.S Open​នៅ​អា​មេ​រិក

13 ឆ្នាំ មុន

អា​​ជីព​​វាយ​​កូន​​បាល់​​​ឯក​ត្ត​​ជន​​របស់​​នាង​​គីម ឃ្លី​ស្ទ័រ​​បាន​​មក​​ដល់​​ទី​បញ្ចប់​ដូច​ដែល​នាង​ប៉ង​ប្រា​ថ្នា​ហើយ​ ប៉ុន្តែ​គ្រាន់​តែ​ការ​បញ្ចប់​នេះ​វា​មិន​ដូច​បំ​ណង​ដែល​នាង​ចង់​បាន​ពី​មុន​នោះ​ ។ ម្ចាស់​ពាន​ Grand Slam៤​ជំ​នាន់​រូបនេះ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៩​សី​ហា​បាន​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​វ័យ​១៨​ឆ្នាំ​របស់​អង់​គ្លេស​ Laura Robsonក្នុង​លទ្ធផល ៧-៦​និង​៧-៦ធ្លាក់​ចេញ​ពី​​ជុំ​ទី​២​ក្រប​ខណ្ឌ U.S Open។​ កីឡាការិនី​បែល​ហ្ស៊ិក​រូបនេះ​នឹង​ចូល​និ​វត្ត​​ន៍​បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​កួត​វាយ​គូ​នៅ​ទី​លាន Flushing Meadows។​

នាង​ឃ្លីស្ទ័រ​ធ្លាប់​​បាន​ចូល​និ​វត្តន៍​​​​ម្តង​​រួច​មក​ហើយកាល​ពី​ខែ​ឧសភា ឆ្នាំ ២០០៧​ហើយ​ត្រឡប់​ចូល​ប្រ​កួត​ជា​ថ្មី​២ឆ្នាំ​កន្លះ​ក្រោយ​មក ។ ពេល​នេះ​ស្ថិត​ក្នុង​វ័យ​២៩​ឆ្នាំ​និង​ជា​ម្តាយក្មេង​ម្នាក់​ផង​នោះ នាង​បាន​ប្រ​កាស​ថា​ លទ្ធផល​ប្រ​កួត​ក្នុង​ក្រប​ខណ្ឌធំ U.S Openគឺ​ជា​ការ​កាត់​សេចក្តី​និង​​ជា​ក្រប​ខណ្ឌធំ​ចុង​ក្រោយ​ក្នុង​អា​ជីព​របស់​នាង ។

ថ្លែង​ក្នុង​ភាព​រលីង​រលោង​ទឹក​ភ្នែក នាង​បាន​បញ្ជាក់​ថា ៖«វា​ជា​កន្លែង​ដែល​បាន​នាំ​ឱ្យ​ខ្ញុំ​ធ្វើ​រឿង​រ៉ាវ​បាន​ល្អ​និង​អស្ចារ្យ​មួយ​ចំ​នួន​ ។ វា​ពិត​ជា​ពិ​បាក​ពន្យល់​ពី​មូល​ហេតុ​ ។ នេះ​ជា​ទី​កន្លែង​ល្អ​មួយ​សម្រាប់​ការ​ចូល​និ​វត្ត​ន៍​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​មិន​មែន​នៅ​ថ្ងៃ​នេះ​ទេ »។​
ការ​បរា​ជ័យ​កាល​ពី​ថ្ងៃ​ពុធ​បាន​បញ្ចប់​នូវ​ជ័យ​ជម្នះ​២២ប្រ​កួត​បន្ត​បន្ទាប់​គ្នា​របស់​នាង​ឃ្លីស្ទ័រ​នៅ​ក្នុង​ទី​ក្រុង​ញូវ​យ៉ក​ដោយ​ក្នុង​នោះ​បូក​​រួម​ទាំង​ជ័យ​ជម្នះ​ពាន​ជើង​ឯក​ឆ្នាំ ២០០៥, ២០០៩​និង​២០១០ហើយ​នឹង​ជ័យ​ជម្នះ​ក្នុង​ជុំ​ទី​១​កាល​ពី​ថ្ងៃ​ចន​​្ទ​សប្តាហ៍​នេះ​ផង​ដែរ ។​

ឃ្លីស្ទ័រ​បាន​ខក​ខាន​ការ​ប្រ​កួត​ក្រប​ខណ្ឌ U.S Openឆ្នាំ​២០០៤, ២០០៦​,​ ២០០៧,២០០៨​និង​ឆ្នាំ ២០១១​ដោយ​សាតែ​មាន​របួស​និង​ឈប់​សម្រាក​ក​សាង​គ្រួ​សារ​ ។​កូន​ស្រី​របស់​នាង​ឈ្មោះ​ Jada​កើត​នៅ​ខែ​កុម្ភៈ​​ឆ្នាំ​២០០៨ ។ ខែ​សី​ហា​ឆ្នាំ​២០០៩​ នាង​បាន​វិល​ចូល​ប្រ​កួត​ក្នុង​ក្រប​ខណ្ឌ Tour​ជា​ថ្មី​ ។ បើ​ទោះ​ជា​នាង​គ្មាន​ចំ​ណាត់​ថ្នាក់​ក៏​ដោយ​ តែ​នាង​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ U.S Openឆ្នាំ​នោះ​ផងដែរ ។​ នៅ​មុន​ចូល​រួម​ក្នុង​ U.S Open ឃ្លីស្ទ័រ​ប្រ​កួត​បាន​តែ​២​កម្ម​វិធី​ប៉ុណ្ណោះ ។​

​នាង​បានថ្លែង​ថា​៖«ចាប់​តាំង​ពី​ការ​ចូល​និ​វត្តន៍​លើក​ដំ​បូង​ សម្រាប់​គ្រួ​សារ​ខ្ញុំ​វា​បាន​ក្លាយ​ជា​ការ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ​មួយ​ ។ អ្វី​ទាំង​នោះ​ពិត​ជា​​​មាន​តម្លៃ ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​សម្លឹង​មើល​ជី​វិត​របស់​ខ្ញុំ​ទៅ​ថ្ងៃ​អនា​គត​ »។ គីម ឃ្លីស្ទ័រ​ទទួល​បរា​ជ័យ​លើក​ដំ​បូង​លើ​​ទី​លាន Flushing Meadowsនៅ​ថ្ងៃ​ទី​៦​ខែ​កញ្ញា​ឆ្នាំ ២០០៣ក្រោម​ថ្វី​ដៃ​កីឡាការិនី​មិត្ត​រួម​ជាតិ​​នាង​យ៉ា​ស្ទីន ហេនីន​ ។ កាល​នោះ​នាង Robson​មាន​អា​យុ​ទើប​តែ​៩​ឆ្នាំ​ប៉ុណ្ណោះ ។​

​ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​ពិភពលោក​ទី​៨៩​ នាង Robsonត្រូវ​បាន​មើល​ឃើញ​ក្នុង​នាម​ជា​កីឡាការិនី​ដែល​នឹង​លេច​ធ្លោ​នៅ​ថ្ងៃ​ខាង​មុខ​ ។ បច្ចេក​ទេសប្រ​កួត​ប្រើ​ដៃ​ឆ្វេង​ដ៏​ឥត​ខ្ចោះ​នឹង​ជួយ​នាង​ឱ្យ​បន្ត​ការ​ប្រ​កួត​បាន​យូរ​ទៅ​មុខ​ទៀត​ក្នុង​ក្រប​ខណ្ឌ U.S Openឆ្នាំ​នេះ ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី រហូត​​​មក​ទល់​នឹង​ពេល​នេះ​ Robson​មិន​ទាន់​បាន​យក​ឈ្នះ​ច្រើន​ជាង​១​ប្រ​កួត​ក្នុង​ក្របខណ្ឌធំ Grand Slam​នៅ​ឡើយ​ទេ ។ ថ្លែង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​កួត​ជា​មួយ​នាង​ឃ្លីស្ទ័រ​លើក​នេះ Robson​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​នាង​គីម ឃ្លីស្ទ័រ​ដែល​នាង​គឺ​ជា​គំរូ​ល្អ​មួយ​សម្រាប់​ខ្ញុំ​ជា​យូរ​មក​ហើយ​ »។

​ចូល​រួម​ក្តី​រីក​រាយ​ជា​មួយ​នាង Robson​ក្នុង​ពេល​ជា​មួយ​គ្នាដែរ​នោះ គឺ​កីឡាការិនី​អា​មេរិក Mallory Burdette ។ Burdette ដែល​ទើប​តែ​ចូល​រួម​ប្រ​កួត​ក្នុង​ក្របខណ្ឌធំ​ជា​លើក​ដំ​បូង​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៣​បន្ទាប់​ពី​នាង​យក​ឈ្នះ​កីឡាការិនី​លំ​ដាប់​ទី​៦៩​ពិភពលោក Lucie Hradeckaក្នុង​លទ្ធផល​ ៦-២​និង​៦-៤ ។ នៅ​ជុំ​បន្ទាប់​ កីឡាការិនី​​លំ​ដាប់​ទី​២៥២​ពិ​ភព​លោក​រូបនេះ​នឹង​ជួប​ជា​មួយ​នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ឬ​នាង Lourdes Dominguez Lino។

​កីឡាការិនី​ចិន​លី​ណា​ក៏​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៣​ផង​ដែរ​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនី​អូ​ស្ត្រា​លី​ Casey Dellacqua​ក្នុង​លទ្ធផល ៦-៤​និង​៦-៤ ។ កីឡាការិនី​លំ​ដាប់​ទី​៩​ក្នុង​កម្ម​វិធី​រូប​នេះ​មិន​ដែល​មាន​ប្រ​វត្តិ​ឆ្លង​ផុត​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​ញូវ​យ៉ក​នេះ​ទេ ៕