រាជធានីភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរ អូសេអង់ ប្រមាណ៣.០០០នាក់បាននាំគ្នាធ្វើកូដកម្មហែក្បួនក្នុងគោលបំណងទៅក្រសួងការងារ តែត្រូវបានសមត្ថកិច្ចស្ទាក់រារាំងត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣០ សីហា ២០១២ ដែលរោងចក្រខាងលើមានទីតាំងស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ការធ្វើកូដកម្មនេះមានរយៈពេល២០ថ្ងៃមកហើយ ធ្វើនៅខាងក្នុងរោងចក្រ ដោយកម្មករទាមទារសុំឱ្យថៅកែរោងចក្រដកឈ្មោះហ្វា រ៉ុក ជនជាតិបង់ក្លាដេសប្រធានសង្វាក់ផលិតកម្មចេញពីរោងចក្រ តែរឿងនេះទុកលទ្ធភាពឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បើរកឃើញថា ជននេះមានកំហុស ។ ដោយឡែកកម្មករនាំគ្នាធ្វើកូដកម្មដង្ហែក្បួននាពេលនេះ គឺសុំឱ្យថៅកែដោះស្រាយលក្ខខណ្ឌ២ចំណុច ទី១ អត្ថប្រយោជន៍នៃការធ្វើកូដកម្ម គឺសុំកុំឱ្យថៅកែកាត់លុយពួកគេ និងទី២ សុំឱ្យថៅកែដកពាក្យបណ្តឹងដែលបានដាក់ទៅតុលាការប្តឹងដកតំណាងសហជីពចលនាកម្មករ៥នាក់ឱ្យចូលធ្វើការវិញ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ