ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​កាំភ្លើង​ខ្លី​៥​នាក់​ចូល​ប្លន់​ផ្ទះ​ប្រជា​ពល​រដ្ឋ​​យក​មាស​​ប្រាក់​​អស់​​ជា​ច្រើន​សន្ធឹក​សន្ធាប់​

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ចោរ​ប្លន់​​ប្រដាប់​ដោយ​កាំភ្លើង​​ខ្លី​៥​​នាក់​​បាន​ធ្វើ​​សកម្ម​ភាពចូល​​​ប្លន់​​ផ្ទះ​ប្រជា​ពល​រដ្ឋ​​មួយ​​គ្រួសារ​ ស្ថិត​ក្នុង​​ភូមិ​វត្ត​អង្គ ​ឃុំ​ព្រៃ​ឃ្មុំ​ ​ស្រុក​ទឹក​ឈូ ​កាល​ពី​វេលា​ម៉ោង​​៨​យប់​ថ្ងៃ​ទី​២៨ សីហា ២០១២ ខណៈ​​ពេល​ម្ចាស់​​ផ្ទះ​​កំពុង​​អង្គុយ​​មើល​​ទូរទស្សន៍​​នៅ​ក្នុង​ផ្ទះ ។ ​

​មន្ត្រី​នគរ​បាល​ស្រុក​ទឹក​​ឈូ ​បាន​​ឱ្យ​ដឹង​ថា​ ម្ចាស់​​ផ្ទះ​​ដែល​ត្រូវ​ចោរ​ប្លន់​​ប្តី​ឈ្មោះ​នី ​ឈីវ ​អាយុ​៤៩​ឆ្នាំ​ ​ប្រពន្ធ​​ឈ្មោះ​សោ សៀប អាយុ​៤៩ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​​កើតហេតុ​ខាងលើ ។ ​នគរបាល​បន្ត​​ទៀត​​ថា ​នៅ​ថ្ងៃ​​កើតហេតុ​​ម្ចាស់​ផ្ទះ​​ពីរ​នាក់​ប្តី​ប្រពន្ធ​​នេះពុំ​បាន​​នៅ​ផ្ទះ​ទេ មាន​តែ​ម្តាយ​​ចាស់​ជរា​​ម្នាក់ និង​​កូនៗ​​ពីរ​នាក់​ និង​អ្នក​ជិត​ខាង​ម្នាក់​​កំពុងអង្គុយ​មើល​​ទូរទស្សន៍​​ក្នុង​ផ្ទះ ។ ​តាម​សម្តី​​កូន​​ម្ចាស់​ផ្ទះ និង​ម្តាយ​បាន​រៀបរាប់​ប្រាប់​​សមត្ថ​កិច្ច​​ឱ្យ​​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​អ្នក​នៅ​ក្នុង​​ផ្ទះ​ទាំង​អស់​គ្នា​​កំពុង​អង្គុយ​​មើល​ទូរទស្សន៍​​ ស្រាប់តែ​​ឮ​សំឡេង​ឆ្កែ​​​ព្រុស​​ ខណៈនោះ​​កូន​ប្រុស​ម្ចាស់​ផ្ទះក៏​បាន​ចេញ​មក​​មើល​​ពុំ​ឃើញ​​មាន​អ្វី​ក៏​ចូល​ក្នុង​ផ្ទះ​វិញ ។ មិន​ទាន់​​ទាំង​អង្គុយ​​ផង ស្រាប់​តែ​មាន​មនុស្ស​៥​នាក់​សម្រុក​ចូល​មក​ពី​ក្រោយ​​ដោយ​៣នាក់​​ប្រដាប់​ដោយ​​កាំភ្លើង​​ខ្លី​កាន់​នៅ​នឹង​ដៃ​​ ពេល​នោះ​​ពួក​វា​​បាន​ចាប់​ស្ត្រី​ចំណាស់​​ត្រូវជា​​ម្តាយ​​​ម្ចាស់​ផ្ទះ​ និង​ជា​ជីដូន​យកស្កុត​ផ្លា​ស្ទិច​បិទ​មាត់​កុំ​ឱ្យ​​ស្រែក ហើយ​​គំរាម​​​អ្នក​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​ឱ្យ​​ដេក​ផ្កាប់​មុខ​ទាំង​អស់​​គ្នា​រួច​​ពួក​វា​​ក៏​ចូលរើ​កកាយ​ពេញ​ក្នុង​ផ្ទះ​​ប្រមូល​​យកមាសប្រាក់​​គេច​ខ្លួន​បាត់​​អស់​ទៅ ។

តាម​សម្តីស្ត្រី​ជា​ប្រពន្ធ​​ម្ចាស់​ផ្ទះ​បាន​​រៀបរាប់​​ប្រាប់​​សមត្ថ​​កិច្ច​ថា ទ្រព្យ​​សម្បត្តិ​​ដែល​បាត់​បង់​​មាន​មាស​៣​តម្លឹង​​៦​ជី, ប្លាទីន៦ជី លុយ​ដុល្លារ​៩.០០០​ដុល្លារ លុយ​ខ្មែរ​​៨​លាន​រៀល សរុប​​ជាង​​២​ម៉ឺន​ដុល្លារ ។ ​ទោះ​បី​បែប​ណា សមត្ថ​កិច្ច​​ពុំ​ទាន់​​កំណត់​​មុខ​សញ្ញា​​ និង​អត្ត​សញ្ញាណ​ជន​សង្ស័យ​​បាន​​នៅ​ឡើយ​ទេ ដោយ​​ពេល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ ដើម្បី​​កំណត់​មុខ​​សញ្ញា​ជនសង្ស័យ​ឱ្យ​ខាង​តែ​បាន​នា​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ​ដើម្បី​ចាប់​មក​ផ្តន្ទាទោស​​តាម​ច្បាប់​ ៕