កីឡាករស្វ៊ីស Fredrik Kessiakoffបានធ្វើឱ្យមិត្តរួមក្រុម Katusha Teamរបស់ខ្លួនទទួលបានក្តីរីកជាលើកដំបូងក្នុងកម្មវិធីប្រណាំងកង់ Tour of Spainឆ្នាំ២០១២នៅប្រទេសអេស្ប៉ាញខណៈកាលពីថ្ងៃពុធទី២៩ខែសីហាគេបានយកឈ្នះដំណាក់ទី១១ មានចម្ងាយផ្លូវ៣៩.៤គីឡូម៉ែត្រ។ ការប្រណាំងត្រូវបានបញ្ចប់នៅទីក្រុង Pontevedra ។
Kessiakoffវ័យ៣២ឆ្នាំបានយកឈ្នះដំណាក់មានចម្ងាយផ្លូវ៣៩.៤គីឡូម៉ែត្រចេញដំណើរពីទីក្រុង Cambados ឆ្ពោះទៅកាន់ទីក្រុង Pontevedraដោយបានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ៥២នាទីនិង៣៦វិនាទីយកឈ្នះកីឡាករម្ចាស់ផ្ទះអាល់បឺតូ កុងតាឌ័រជិះឱ្យក្រុម Saxo Bankដែលបានប្រើអស់ថិរវេលាច្រើនជាង ១៧វិនាទី និងឈ្នះកីឡាករអង់គ្លេស Christopher Froome ជិះឱ្យក្រុម Sky Procyclingដែលបានប្រើថិរវេលាច្រើនជាង ៣៩វិនាទី ។
សម្រាប់ Kessiakoff នេះគឺជាជ័យជម្នះក្នុងក្របខណ្ឌធួលើកដំដូងរបស់គេហើយ ។ គេបានថ្លែងក្នុងក្តីរីករាយថា៖«ខ្ញុំបានរង់ចាំវាជាយូរមកហើយ ។ ពេលនេះខ្ញុំបានធូរស្បើយក្នុងអារម្មណ៍មួយកម្រិត ។ ខ្ញុំដឹងថា វាជារឿងពិបាកបំផុតក្នុងការយកឈ្នះកីឡាករ កុងតាឌ័រនិង Froomeប៉ុន្តែក្រុមរបស់យើងបានដាក់ការផ្តោតអារម្មណ៍ខ្លាំងបំផុតក្នុងដំណាក់នេះ ។ ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលបានយកឈ្នះដំណាក់នេះ »។
បើទោះជាយ៉ាងណា នៅលើតារាងថិរវេលាសរុប រូបគេនៅតែពុំទាន់អាចដណ្តើមបានការនាំមុខជាដដែល ដ្បិតកីឡាករអេស្ប៉ាញ Joaquim Rodriguezដែលបានបញ្ចប់ដំណាក់នេះក្នុងលំដាប់ទី៧នោះ នៅតែសន្សំពេលវេលាបានយ៉ាងល្អបំផុតគ្រងអាវកាក់ពណ៌ក្រហមក្នុងនាមជាអ្នកនាំមុខគេសម្រាប់ការប្រណាំងដដែល ។
ឆ្លងកាត់ការប្រណាំងចំនួន១១ដំណាក់មកនេះ Joaquim Rodriguezដែលជិះឱ្យក្រុម Katusha Teamបានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ៤០ម៉ោងនិង២៦នាទីនិង១៥វិនាទីនាំមុខកីឡាករអង់គ្លេស Christopher Froomeដែលប្រើថិរវេលាច្រើនជាង១វិនាទី។ ចំណែកកីឡាករអេស្ប៉ាញម្នាក់ទៀតអាល់បឺតូ កុងតាឌ័រស្ថិតនៅលំដាប់ទី៣បន្ទាប់ពីបានប្រើថិរវេលាច្រើនជាងកីឡាករ Rodriguez ១៦នាទី ។
សូមបញ្ជាក់ថាការប្រណាំងកម្មវិធី Tour of Spainឆ្នាំនេះចែកចេញជា២១ដំណាក់និងមានចម្ងាយផ្លូវសរុប៣៣៦០គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី១២ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៩០.៥គីឡូម៉ែត្រដោយការប្រណាំងចាប់ចេញដំណើរពីទីក្រុង Vilagarcía de Arousa ឆ្ពោះទៅកាន់ទីក្រុង Mirador de Ézaroប្រទេសអេស្ប៉ាញ ៕
ចែករំលែកព័តមាននេះ