រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេអះអាងថា មានសតិមិនគ្រប់បានគំរាមផឹកថ្នាំកណ្តុរ និងចង.កសម្លាប់ខ្លួនដោយនិយាយប្រាប់គេឯងថា ខ្លួនមិនចង់រស់នៅពិបាកចិត្តណាស់ ព្រោះអ្នកភូមិជាមួយគ្នាគេតាមរករឿង បន្ទាប់ពីមានស្ត្រីម្នាក់ត្រូវចរន្តអគ្គិសនីឆក់ទៅជួយសង្គ្រោះគេតែពុំបានសម្រេច។ ទោះបីជាយ៉ាងណាការអះអាងនោះគ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។
ការប៉ុនប៉ងសម្លាប់ខ្លួននេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី២៩ សីហា ២០១២ នៅខាងកើតជាប់ផ្សារដើមគក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ បុរសដែលពុំចង់រស់នៅនោះបានប្រាប់ឱ្យដឹងថា ខ្លួនឈ្មោះ គឺន ហ្សើឌី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមសាក្សីឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសនោះធ្វើដំណើរតាមផ្លូវលេខ៣៣៦ ខាងជើងផ្សារដើមគ ដោយនិយាយប្រាប់គេថា ពិបាកចិត្តណាស់មានរឿងធំ ហើយពុំចង់រស់នៅក៏ឱ្យបុរសម្នាក់ជួយរកទិញថ្នាំកណ្តុរឱ្យផឹកសម្លាប់ខ្លួន តែរកទិញពុំបាន ។ បន្ទាប់ពីទិញថ្នាំមិនបានជនមានវិបត្តិរូបនោះបានដើរចុះឡើងនៅខាងកើតផ្សារដើមគ ប្រុងចង.កសម្លាប់ខ្លួន តែប្រជាពលរដ្ឋបានដើរតាមរហូតដើម្បីរារាំង ។ នៅយប់នោះធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយប៉ូលិសប៉ុស្តិ៍ផ្សារដើមគ ក៏បានចុះទៅកន្លែងកើតហេតុដើម្បីសួរនាំផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ