រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារត្រូវរថយន្តកិនបែកក្បាលខ្ទេច និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ខណៈពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នា ត្រូវបានរថយន្តមួយគ្រឿងបុកពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៩ សីហា ២០១២ នៅចំណុចមុខគ្រឹះស្ថានហិរញ្ញវត្ថុស្ថាបនាលីមីធីត តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េចក៏ត្រូវរថយន្តប្រភេទទួរីសមួយគ្រឿងបើកបញ្ច្រាសទិសគ្នាបុកជាមួយនឹងម៉ូតូជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលឱ្យកង់រថយន្តកិនចំក្បាលយុវជនម្នាក់ជាអ្នកឌុបស្លាប់ភ្លាមៗនៅនឹងកន្លែង និងយុវជនម្នាក់ទៀតខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែខណៈនោះអ្នករងរបួសធ្ងន់ បែរជាចោទរថយន្តកូរ៉េមួយគ្រឿងទៀតដែលបើកក្បែរនោះថា ជាអ្នកបុកទៅវិញធ្វើឱ្យប៉ូលិសឃាត់រថយន្តកូរ៉េនោះជជែកគ្នាបែកផ្សែងទម្រាំដឹងខុសត្រូវ ។ បើតាមសម្តីអ្នកយាមនៅជិតចំណុចកើតហេតុបាននិយាយថា រថយន្តបង្កហេតុប្រភេទទួរីស១២កៅអី បានបើករត់គេចខ្លួនបាត់ទៅហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ