ខេត្តកណ្តាល ៖ រថយន្តដឹកដែកអេតចាយមួយគ្រឿងបើកក្នុងល្បឿនលឿន បានបែកកង់ក្រោយ២គ្រាប់លាន់ដូចគ្រាប់ផ្លោង រេចង្កូតចុះឡើងៗពេញផ្លូវរួចក្រឡាប់បះជើងដេកផ្អៀងច្រងាងទទឹងផ្លូវស្តូកស្តឹងតែសំណាងល្អគ្មានអ្នករងគ្រោះ គ្រាន់តែបង្កឱ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវនោះជាច្រើនម៉ោងផងដែរ ទំរាំគេស្ទូចយកចេញរួច ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៩ សីហា ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ។
រថយន្តដែលក្រឡាប់នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស បើកដោយឈ្មោះថុង សាង អាយុ២៨ឆ្នាំ មានទីលំនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយរថយន្តនេះបានរងនូវការខូចខាតយ៉ាងដំណំផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ