ខេត្តបន្ទាយមានជ័យ ៖ សារមន្ទីរខេត្តបន្ទាយមានជ័យ បានបើកសម្ពោធកាលពីល្ងាចថ្ងៃទី២៨ សីហា ឆ្នាំ២០១២ ។ សារមន្ទីរនេះសម្រាប់រៀបចំរក្សាទុកវត្ថុបុរាណនានានៅក្នុងខេត្ត និងបម្រើឱ្យការចូលទស្សនាស្វែងយល់ពីភ្ញៀវទេសចរផងដែរ ។ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តថ្មី ព្រមទាំងសម្ពោធសារមន្ទីរខេត្តនោះ លោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់មន្ត្រីមន្ទីរទាំងអស់កុំនិយមបក្សពួកត្រូវចេះសហការគ្នាការពារបេតិកភណ្ឌ និងទ្រព្យសម្បត្តិរដ្ឋ ទើបសមជាមន្ត្រីល្អបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ។
ក្នុងឱកាសនោះ លោកស្រី សួន ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអានប្រកាសតែងតាំងលោកស៊ីវ សារួន ជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យថ្មីជំនួសលោកពៅ សំណាង ប្រធានមន្ទីរ ដែលត្រូវចូលនិវត្តន៍ និងមានជំងឺ ។លោកអ៊ុង អឿន អភិបាលខេត្ត មានប្រសាសន៍ថា នៅខេត្តបន្ទាយមានជ័យ មានប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ពស្ថិតនៅក្នុងស្រុកថ្មពួក ។ ប្រាសាទបន្ទាយឆ្មារពេលនេះកំពុងជួសជុលដោយអង្គការបេតិ
កភណ្ឌពិភពលោក ។ ក្រៅពីនេះមានទីទួលប្រាសាទជាច្រើនទៀត និងមានស្ថានីយបុរាណវិទ្យាចំនួន៤៣២កន្លែង មានសារមន្ទីរចំនួន៣ និងមានវត្ថុបុរាណដែលរឹបអូសបានពីជនល្មើស និងប្រជាពលរដ្ឋរកឃើញយកមកប្រគល់ជូនសរុបចំនួន៤.២៣៤ដុំ ។
លោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្តាំផ្ញើដល់ប្រធានមន្ទីរថ្មី ក៏ដូចជាមន្ត្រីទាំងអស់ធ្វើការកុំនិយមបក្សពួក ត្រូវចេះសហការគ្នាការពារបេតិកភណ្ឌ និងទ្រព្យសម្បត្តិរដ្ឋឱ្យបានល្អ ទើបសមជាមន្ត្រីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងអភិរក្ស និងអភិវឌ្ឍវប្បធម៌ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ មន្ត្រីទាំងអស់ត្រូវចៀសវាងប្រព្រឹត្តអំពើពុយរលួយ ។ លោករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រគល់ជូនកុំព្យូទ័រ១សម្រាប់ ម៉ាស៊ីនព្រីនធ័រ១គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿង ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ៕


ចែករំលែកព័តមាននេះ