រាជធានីភ្នំពេញ ៖ យុវជនស្ទាវ២ក្រុមបានបើករថយន្តប្រណាំងគ្នាក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកជ្រុលទៅបុកម៉ូតូមួយគ្រឿងនៅចំណុចកែងផ្លូវលេខ១៥៤ និង៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ សីហា ២០១២ បណ្តាលឱ្យនារីម្នាក់បោកក្បាលទៅនឹងកញ្ចក់រថយន្តរងរបួសធ្ងន់ ។
ក្រោយពីបុកម៉ូតូ និងបានកៅអីថ្មជួយទប់គេឃើញយុវជនស្ទាវ២នាក់ ស្ថិតក្នុងសភាពស្រវឹងធ្លាក់ភ្នែកបានបើកទ្វាររថយន្តចេញមកក្រៅ ហើយជួយបីនារីម្នាក់ដែលបោកក្បាលនឹងកញ្ចក់រថយន្ត បណ្តាលឱ្យបែកក្បាលនោះចូលក្នុងគ្លីនិកឯកជនមួយក្បែរកន្លែងកើតហេតុ ។
នគរបាលប៉ូស្តិ៍រដ្ឋបាលផ្សារថ្មីទី១ ឱ្យដឹងថា យុវជនស្ទាវដែលបើករថយន្តបុកម៉ូតូមានឈ្មោះហ៊ង បិសមារក៍ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧BE2z ផ្លូវលេខ១៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ យុវជននេះមានប័ណ្ណបើកបរ ចំណែកនារីរបួសក្បាលមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។ ហើយក្នុងហេតុការណ៍នេះដែរ បណ្តាលឱ្យម៉ូតូខូចខាតធ្ងន់ និងរថយន្តបែកកញ្ចក់ផ្នែកខាងមុខត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ