ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុត្ថា​រ៉ា​ឆា​នី​ និង​ចន​ ចាន់លក្ខិណា រស់នៅ​បែកផ្ទះ​គ្នា​ តើ​ជីវិត​ អាពាហ៍ពិពាហ៍​កំពុង​តែ​បែក​ប្រេះ​ស្រាំឬ?

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ មាន​​ការ​លេច​ឮ​ថា​លោក​យុត្ថា​រ៉ា ​ឆា​នី និង​អ្នក​នាង​ចន​ចាន់លក្ខិណា ដែល​ជា​គូ​ស្វា​មី​ភរិយា តា​រា​ធ្លាប់​ទទួល​ការ​សរសើរ​​ថា​មាន​ចំណង​​ស្នេ​ហ៍​រឹង​មាំ​​​យូរ​​អង្វែង​នោះ​ ឥឡូវនេះរស់​នៅ​បែក​ផ្ទះ​គ្នា គឺ​ជា​សញ្ញា​នៃ​ការ​​ប្រេះ​ឆា​ឈាន​ទៅ​លែង​លះ​គ្នា ។
តើ​រឿង​នេះ​ជា​ការ​ពិត​ទេ ?

តាម​ប្រភព​​ស្និទ្ធ​ស្នាល​ជា​មួយ​លោក​យុត្ថ​ា​រ៉ា ឆា​នី ​ឱ្យ​ដឹង​ថា ​សព្វ​ថ្ងៃ​លោក​ឆា​នី និង​ភរិយា​រស់​នៅ​បែក​គ្នា ។ ចំពោះ​មូល​ហេតុ​​គឺ​មក​ពី​​លោក​ឆា​នី​ប្រចណ្ឌ​​ និង​អន់​ចិត្ត​​អ្នក​នាង​  ​​ច​ន​ ចាន់​លក្ខិណា​ ខណៈ​នាង​ចូល​ចិត្ត​​ដើរ​លេង​សប្បាយ​​រហូត​យប់​ជ្រៅ ។កាល​ពី​ថ្ងៃ​ទី​២៧ ​សីហា​ ឆ្នាំ​២០១២ ​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​​ព្យាយាម​ទាក់​ទង​ទៅ​លោក​​យុត្ថា​រ៉ា ឆា​នី តាម​ទូរសព័ព្ទ​​សុំ​ឱ្យ​ជួយ​បំភ្លឺ​ជុំ​វិញ​រឿង​​លេច​ឮ​ថា​ លោក និង​ភរិយា​រស់​នៅ​បែក​ផ្ទះ​គ្នា​នេះ ដើម្បី​ឱ្យ​មាន​ភាព​ប្រាកដ​ប្រជា ចៀស​វាង​ការ​ចោទ​ថា​​ចុះ​ផ្សាយ​ដោយ​មិន​សួរ​សាមី​ខ្លួន ប៉ុន្តែ​លោក​ពុំ​ព្រម​បក​ស្រាយ​​ទេ ។

​​ផ្ទុយ​ទៅ​វិញ​លោក​បញ្ចេញ​​អារម្មណ៍​ឆេវ​ឆាវ ​ប្រហែល​​មក​ពី​លោក​មាន​រឿង​​បែប​នោះ​មែន​ឬ? ​បើ​គ្មាន​រឿង​បែប​នោះ​លោក​ទំនង​មិន​​ខឹង ហើយ​បក​ស្រាយ​​​ដោយ​រីក​រាយ​​​ហើយ ។ ជា​ទូ​ទៅ​អ្នក​សិល្បៈ​ជើង​ចាស់​តែង​តែ​​រួស​រាយ​​ រាក់​ទាក់​ជា​មយយ​អ្នក​យក​ព័ត៌មាន​​គួរ​ឱ្យ​ចូល​ចិត្ត​ គឺ​មិន​ឆ្មើង​​​ឆ្មៃ​ទេ។ ចំពោះ​រឿង​របស់​លោក​យុត្ថា​រ៉ា ឆានី ​ដោយ​លោក​មិនបក​ស្រាយ​ ដូច្នេះ​យើង​ក៏​មិន​ហ៊ាន​សន្និដ្ឋាន​​ថា​ជា​ការ​ពិត​ ឬ​យ៉ាង​ណា​​ដែរ ។ យើង​នៅ​តែ​សរសើរ​​លោក​ជា​តា​រា​ដ៏​ភ្លឺ​ចែង​ចាំង​​ ហើយ​សង្ឃឹម​​ថា​លោក​នឹង​សម្រួល​អារម្មណ៍​ឱ្យ​រីក​រាយ​បំភ្លឺ​ការ​ពិត​ ជា​អ្វី​ដែល​​មហាជន​​ចង់​ដឹង ព្រោះ​​លោក​ជា​បុគ្គល​សាធារណៈ ហើយ​យើង​ក៏​មិន​ជឿ​​ថា​លោក​ចង់​ឱ្យ​សារព័ត៌មាន​​ផ្សាយ​ពី​លោក​ដោយ​​មិន​បាន​សួរ​នាំ​​លោក​ដែរ ។

ចំណែក​អ្នក​នាង​ចន ចាន់​លក្ខិណា​​ វិញ ពេល​អ្នក​យក​ព័ត៌មាន​​យើង​ទាក់​ទង​​សួរ​នាំ​​តាម​ទូរស័ព្ទ​ បាន​អះ​អាង​ថា​ ប្តី​-ប្រពន្ធ​​នាង​​មិន​ដែ​ល​មាន​បញ្ហា​​ជា​​មួយ​គ្នា​ទេ ។ ប្តី-ប្រពន្ធ ​នាង​មិន​រស់​នៅ​បែក​គ្នា​ដូច​ការ​លេច​ឮ​នោះ​ទេ ​តែ​នាង​ទទួល​ស្គាល់​ថា ពួក​នាង​​បាន​ជួប​មុខ​គ្នា​តែ​ពេល​ល្ងាច​ប៉ុណ្ណោះ ​ព្រោះ​រវល់​​ធ្វើ​ការ​ងារ​​រៀង​ខ្លួន ។ ម៉្យាង​​ទៀត​ពួក​នាង​មាន​រថយន្ត​​តែ​មួយ​ ដូច្នេះ​​លោក​ឆា​នី​ មិន​អាច​ជូន​នាង​ទៅ​ធ្វើ​ការ​ ឬ​ទៅ​ទទួល​នាងញឹក​ញាប់​ទេ ព្រោះ​លោក​រវល់​ណាស់ ។ ​ក្នុង​ស្ថាន​ភាព​បែប​នេះ​ ពេល​ខ្លះ​នាង​ទៅ​ធ្វើ​ការ​​​ជា​​មួយ​​ម្តាយ ពេល​ខ្លះ​ទៅ​ជា​​មួយ​មិត្ត​ភក្តិ ។

តា​រា​ភាព​យន្ត​​នាង​ខ្ពស់​ស្រឡះ​នេះ បញ្ជាក់​ថា ​ដោយ​សារ​ស្ថាន​ភាព​​រស់​​នៅ​របស់​ប្តី​-ប្រពន្ធ​នាង​បែប​​នោះ​ហើយ ទើប​​អ្នក​ដ​ទៃ​​យល់​ច្រឡំ​មក​លើ​ពួក​នាង ។ ទាក់​ទិន​នឹង​រឿង​នាង​ចូល​ចិត្ត​ដើរ​លេង​យប់​ជ្រៅ​​ នាំ​ឱ្យ​លោក​ឆា​នី​អន់​ចិត្ត​ និង​ប្រចណ្ឌ​នោះ អ្នក​នាង​​ចន ចាន់​លក្ខិណា​ អះ​អាង​ថា​វា​ក៏​មិន​ពិត​ដែរ។អ្នក​នាង​ចន ចាន់​លក្ខិណា​ និង​លោក​យុត្ថា​រ៉ា ឆា​នី រៀប​អាពាហ៍​ពិពាហ៍​​ជា​មួយ​គ្នា​នៅ​ឆ្នាំ​១៩៩៩ និង​ទទួល​បាន​​​​​​​​​​​ចំណង​ដៃ​ស្នេ​ហា​កូន​​ស្រី​ម្នាក់​ ។ គូ​ស្នេហ៍​នេះ​ធ្លាប់​​​ទទួល​បាន​ការ​លើក​សរសើរ​ថា ជា​​គូ​ស្នេហ៍​​មាន​ចិត្ត​​ស្មោះ និង​ជា​ប្តី​-ប្រពន្ធគំរូ​​នៅ​ក្នុង​ចង្កោម​​អ្នក​សិល្បៈ ។ នៅ​ឆ្នាំ​​២០១២​នេះ ស្រាប់​តែ​បែក​ធ្លាយ​​ព័ត៌មាន​​​ថា​អ្នក​ទាំង​ពីរ​​មាន​ទំនាស់​ជា​មួយ​គ្នា​​រហូត​ដល់​លោក​ឆា​នី​ចាក​ចេញ​ពី​ផ្ទះ​ទៅ​គេង​​នៅ​ខាង​ក្រៅ​ ។ ​កន្លង​មក​អ្នក​នាង​​ចន ចាន់​លក្ខិ​ណា​ ធ្លាប់​​ទទួល​ស្គាល់​​ថា​ស្វា​មី​របស់​​នាង​គេង​នៅ​ក្រៅ​ផ្ទះ​មែន ប៉ុន្តែ​មិន​មែន​មាន​ទំនាស់​ជា​​មួយ​គ្នា​ទេ​​គឺ​​មក​ពី​​ស្វា​មី​​នាង​មាន​មុខ​​ជំនួញ​ ហើយ​ដោយ​ខ្លាច​នាង​ពិបាក​រង់​ចាំ​បើក​ទ្វារ​​ក៏​ទៅ​គេង​នៅ​ខុន​ដូ ឬ​សណ្ឋា​គារ​​យូរៗ​ម្តង​ទេ មិន​មែន​ជា​ប្រចាំ​ឡើយ ។

ទោះ​​បី​ជា​លោក​យុត្ថា​រ៉ា ឆា​នី មិន​បក​ស្រាយ​ ឯ​អ្នក​នាង​ចន​ ចាន់​លក្ខិណា​​ បដិសេធ តែ​តាម​ប្រភព​ជិត​ស្និទ្ធ​​​ លោក​ឆា​នី និយាយ​ថា អ្នក​ទាំង​ពីរ​​មាន​ភាព​​រកាំ​រកូស​​នឹង​គ្នា ហើយ​​​តាម​ស្ថាន​ភាព​បែប​នេះ​អាច​ឈាន​ទៅ​ដល់​ការ​លែង​លះ​គ្នា​នា​ពេល​​ខាង​មុខ​ ។នេះ​គ្រាន់​តែ​ជា​ប្រភព​អះ​​អាង​មួយ​​ប៉ុណ្ណោះ ប៉ុន្តែ​​អ្វី​ដែល​សំខាន់​គឺ​ការ​អះ​អាង​របស់​សាមី​ខ្លួន​​ផ្ទាល់​​លោក​យុត្ថា​រ៉ា ឆា​នី ​និង​អ្នក​នាង​​ចន ចាន់​លក្ខណា ។ អ្នក​គាំ​ទ្រ​​គូ​ស្វា​មី-​ភរិយា​មួយ​គូ​នេះ​ច្រើន​នាក់​ចង់​ឃើញ​អ្នក​ទាំង​ពីរ​នៅ​តែ​ជា​គូ​ស្នេហ៍​​តា​រា​មាន​ភាព​ល្អូក​ល្អិន​នឹង​គ្នា​មិន​ចេះ​សាប​សូន្យ គឺ​មិន​ចង់​ឃើញ​​​ការ​បែក​បាក់​គ្នា​ទេ ៕