ក្រុមអ្នកជំនាញការបាននិយាយថា រូបិយប័ណ្ណយាន់អាចនឹងត្រូវបានប្រើប្រាស់ជារូបិយប័ណ្ណជំនួសដុល្លារនិងអឺរ៉ូ ដោយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ។ មន្ត្រីជាន់ខ្ពស់ធនាគារថៃលោកផាត់ណាផុង ភូសុវ៉ាន់និយាយនៅក្នុងសន្និសីទស្តីពីទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុថៃ-ចិនថា រូបិយប័ណ្ណយាន់ទំនងជានឹងត្រូវបានប្រើប្រាស់កាន់តែច្រើនរវាងចិននិងបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់នាពេលខាងមុខ ។
នៅក្នុងកិច្ចពិភាក្សាដែលធ្វើជាម្ចាស់ផ្ទះរួមគ្នា ដោយក្រុមប្រឹក្សាស្រាវជ្រាវជាតិថៃ សាកលវិទ្យាល័យហួរឈាវ (Huaqiao University) និងសមាគមសេដ្ឋកិច្ចវប្បធម៌ថៃ-ចិន មន្ត្រីធនាគារកណ្តាលថៃបានផ្តល់ការអធិប្បាយថា រូបិយប័ណ្ណចិននឹងអាចជំនួសប្រាក់ដុល្លារនិងអឺរ៉ូនៅពេលដែលឈានទៅដល់ការធ្វើពាណិជ្ជកម្ម ហិរញ្ញវត្ថុនិងការដោះដូរនៅក្នុងសហគមន៍អាស៊ានទាំងមូល បើទោះបីជាបញ្ហាហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៅអាមេរិកនិងអឺរ៉ុបមិនទាន់បានដោះស្រាយក៏ដោយ ។
នាពេលខាងមុខចាប់ពីឆ្នាំ២០១៥ ទៅ ការធ្វើពាណិជ្ជកម្មជាមួយអាស៊ីនឹងកើនឡើងខ្លាំងក្រោមកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលនឹងមានឥទ្ធិពលលើការប្រើប្រាស់ប្រាក់យាន់និងរូបិយប័ណ្ណក្នុងស្រុក ។ នៅពេលអនាគតប្រាក់យាន់នឹងត្រូវបានធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ។ លោកបន្តថា តួនាទីប្រាក់យាន់ចិននៅក្នុងប្រទេសថៃនិងរដ្ឋសមាជិកអាស៊ានផ្សេងទៀតនឹងនៅតែមានកំណត់នៅក្នុងរយៈពេលខ្លីនិងមធ្យម ។ ពាណិជ្ជករថៃបានបង្កើនការប្រើប្រាស់ប្រាក់យាន់នៅក្នុងការធ្វើពាណិជ្ជកម្ម បន្ទាប់ពីមានការបន្ធូរបន្ថយបទប្បញ្ញត្តិពីរដ្ឋាភិបាលចិន ។ បច្ចុប្បន្ននេះធនាគារពាណិជ្ជថៃចំនួន១២ និងសាខាធនាគារបរទេសជាច្រើនបានផ្តល់សេវាកម្មផ្អែកលើប្រាក់យាន់ រួមទំាងការដាក់ប្រាក់បញ្ញើរូបិយប័ណ្ណបរទេស ការដោះដូរប្រាក់និងការទិញក្រដាសប្រាក់របស់ចិនជាដើម ។
យោងតាមរបាយការណ៍ធនាគារថៃបានឱ្យដឹងថា រូបិយប័ណ្ណចិនមានចំនួន១០,៨%នៃការធ្វើពាណិជ្ជកម្មរបស់ចិនជាមួយនឹងពិភពលោកនៅក្នុងឆមាសទី១ឆ្នាំនេះ ។ សាស្ត្រាចារ្យរីតុង ហូ នៃសាកលវិទ្យាល័យហួរឈាវ បានថ្លែងថា សរុបការធ្វើពាណិជ្ជកម្មកាលពីឆ្នាំមុនរវាងចិននិងថៃមានចំនួនដល់ទៅ៦៤,៧ពាន់លានដុល្លារពោលគឺកើន២២,៣%ដោយបានធ្វើឱ្យប្រទេសថៃជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២របស់ចិន ។ ប្រទេសថៃដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានដូចជាបានភ្ជាប់និងជួយដល់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ាន។ សាស្ត្រាចារ្យកៃ យួន នៃសាកលវិទ្យាល័យហួរឈាវ បានចាត់ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិន-ថៃជាជម្រើសឈ្នះ=ឈ្នះសម្រាប់ភាគីទាំងសងខាង ហើយមិត្តភាពទ្វេភាគីនេះគឺជាគំរូនៃភាពជោគជ័យនៃវិស័យពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុក្រោមសិទ្ឋិសញ្ញាពាណិជ្ជកម្មសេរីចិន-អាស៊ាន ៕
ចែករំលែកព័តមាននេះ