ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុស​ប្តី​មុន​ក្លាយ​ជា​ឃាតករ​ពេល​ឃើញ​ឪពុក​ចុង​វាយ​ដំ​ម្តាយ​

13 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ បុរស​ជា​ឪពុក​ចុង​ម្នាក់​បា​ន​រងរបួស​ធ្ងន់​ហើយ​ត្រូវ​​បាន​ក្រុម​គ្រួសារ​បញ្ជូន​មកសង្គ្រោះ​នៅមន្ទីរពេទ្យ​​បង្អែកខេត្ត​ តែ​ដោយ​សារ​​ស្ថាន​​ភាព​របួសធ្ងន់​ពេក​ក៏​​​បានស្លាប់​​ទៅ​នៅ ២ថ្ងៃ​ក្រោយ​មក ។ ​ការ​រងរបួស​ធ្ងន់​រហូត​ដល់​ស្លាប់​​នេះ​ គឺដោយ​សារ​​កូន​ប្រុស​វាយ​ព្រោះទ្រាំ​មិន​បាន​នឹងការវាយ​ធ្វើ​បាប​ម្តាយ​និង​កូន​រាល់​ថ្ងៃ​ឱ្យ​តែ​ស្រវឹង​ ឯ​កូន​ប្រុស​ដែល​វាយ​ឪពុក​ចុង​ស្លាប់​នេះ​​ក៏​បាន​រត់​គេច​​ខ្លួន​បាត់​ដែរ ​។ ហេតុ​ការណ៍​​នៃ​អំពើ​ហិង្សា​នេះ បា​ន​កើត​ឡើង​កាលពី​ព្រលប់​​ថ្ងៃទី​២៧ ​សីហា ​​​​នៅ​ភូមិ​ក្រាំង​ដៃ​​ ឃុំ​ធ្លក​ ស្រុក​ទ្រាំង​ ។

​លោក​ទៀង ​ម៉ាលី ​អធិការ​នគរបាល​ស្រុក​ទ្រាំង​​ឱ្យ​ដឹងថា ​ឪពុក​ចុងដែល​ស្លាប់​នេះ ​ឈ្មោះ​ប៊ុន ​ប៊ន ​អាយុ​៤៨ឆ្នាំ​​ ​ប្រពន្ធ​ឈ្មោះ​លឹម ​ហេង ​​អាយុ​៤៧​ឆ្នាំ​ ​មាន​កូន​៣នាក់​ក្នុងនោះ​កូន​ប្តី​មុន​ម្នាក់ ។ ក្រុម​គ្រួសារ​មួយ​​នេះ​មិន​សូវ​​មាន​សុភ​មង្គល​ទេ ព្រោះ​តែ​បុរស​ជា​ប្តី​ពេលស៊ីផឹក​ស្រវឹង​ត្រឡប់​មក​ដល​់​ផ្ទះវិញ​តែង​តែ​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ​និងវាយ​ធ្វើ​បាប​ប្រពន្ធ​កូន​មិនដែល​ខាន​ឡើយ ។​ មុន​ពេល​​​កើត​ហេតុ កាលពី​ថ្ងៃទី​២៧ សីហា ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ ខណៈម្តាយ​និងកូន​កំពុងនៅ​ក្នុង​ផ្ទះ​ ស្រាប់តែ​បុរស​ជាប្តី​​បាន​ជេរទាំង​ស្រវឹង​ជោក ។ ពេល​នោះ​​ដែរ កូន​ប្រុស​ឈ្មោះ​​ជ្រន ​ផារិន​ អាយុ​១៧ឆ្នាំ​ ​ដែល​ធ្វើ​កម្មករ​នៅ​ភ្នំពេញ​​មកលេងផ្ទះ​ឃើញ​ឪពុកដើរ​ចូល​ផ្ទះ​ក៏​​សុំលុយ​៥ម៉ឺនរៀល​​ដើម្បី​ធ្វើ​សោ​ហ៊ុយ​ត្រឡប់​ទៅ​ធ្វើ​ការងារ​វិញ តែឪពុក​​ថាគ្មាន​​ ព្រមទាំងហក់​ទៅ​ដាល់​មុខ​​កូនប្រុស​នោះ​​​២​ទៅ​៣​ដៃ​ធ្វើ​ឱ្យ​ប្រពន្ធ​កូន​ភ័យ​ខ្លាច​បាន​នាំគ្នា​រត់ចេញ​ពីផ្ទះ​អស់​ ។ ភ្លាម​ៗ​នោះ​ដែរឪពុក​រូប​នេះ​បាន​​កាន​់ពូថៅ​ឡើងទៅ​លើ​ផ្ទះ​ហើយ​វាយ​បំផ្លាញ​ទូរទស្សន៍​​១គ្រឿង ​និងធុងទឹក​​កក១ ​​រួច​​ស្រែក​ហៅ​ប្រពន្ធ​ឱ្យ​ត្រឡប់​មក​ចូល​ផ្ទះ​វិញ​និង​ព្រមាន​ថា​​បើ​មិន​ចូ​លផ្ទះ​ទេ​នឹង​ដុតផ្ទះ​ចោល ។ លុះពេល​ប្រពន្ធ​​​ដើរ​ចូល​ផ្ទះ​ក៏​ត្រូវ​ប្តី​នោះ​ចាប់​​បោ​ចសក់​​អុក​ទៅ​​នឹង​​ដី​និងយក​ពូថៅ​វាយពី​ក្រោយ​ ឯ​​​កូន​ប្រុស​ឃើញ​​ក៏​​រត់​មក​ជួយ​ម្តាយ​របស់​ខ្លួន​ដោយ​រុញ​ឪពុក​​​ ឱ្យ​ដួល​ផ្កាប់​មុខ​ទៅលើ​ដី​ រួច​​យក​មែក​ប្រេង​ខ្យល់​វាយ​កញ្ចឹង​ក​និង​ខ្នង​​បណ្តាល​ឱ្យ​រង​​របួស​​រហូត​​​ងើប​លែង​រួច​ ។ ពេល​ឃើញ​ឪពុក​ងើប​លែងរួច​ ​កូនប្រុស​​រូប​នោះ​មាន​ការ​ភ័យ​ខ្លាច​ក៏​រត់​​បាត់​តែម្តង ។

​ស្ត្រីជា​ប្រពន្ធឈ្មោះ​លឹម ​ហេង ​​និយាយ​រៀប​រាប់​ថា ​គាត់​មានប្តី​មុន​មាន​កូន​ប្រុស​ម្នាក់​​ឈ្មោះ​ជ្រន ​ផារិន ​​នេះ​ ​តែ​បាន​លែង​​លះ​គ្នា​និ​ងមក​យក​ប្តីរាល់​ថ្ងៃ​នេះ​​មាន​កូន​២នាក់​ទៀត​​(ប្រុស​ម្នាក់​ ស្រី​ម្នាក់ ​)។ ពីមុន​គ្រួសារ​គាត់​​ដូច​ជា​មាន​សុភមង្គល​​ដែរ ​តែ​​ក្រោយ​​ពី​​​​​​មា​ន​កូន​​២នាក់​មក​ ​ប្តី​​​តែង​ដើរ​ស៊ីផឹក​​​រាល់​ថ្ងៃ​​ហើយ​ឱ្យ​តែ​ត្រឡប់​ចូលផ្ទះ​​​គឺ​រក​រឿង​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដែលមាន​បន្តិច​បន្តួច​ខូច​​ខាត​អស់​គ្មាន​សល់​និងវាយ​គាត់​ជា​ប្រពន្ធ​​កូន​មិន​ដែល​ខាន​ឡើយ ។ ​នៅ​ថ្ងៃ​​កើត​ហេតុ​នោះ​​​​​កូនគាត់​សម្រាកពី​ការងារ​ធ្វើ​កម្មករ​នៅ​ភ្នំពេញ​មកលេង​ផ្ទះ​ និង​ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ការ​ងារ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ​។ ដូច​សព្វ​ដង​ប្តី​របស់គាត់​ខណៈ​​​មកពី​ជួយ​ស្ទូង​គេ​វិញ​​តែង​​មា​ន​សភាព​ស្រវឹង​ជោក ឯ​កូន​ប្រុសគាត់​ឃើញ​ឪពុក​មក​ផ្ទះ​​ក៏​និយាយ​សុំ​លុយ​៥​ម៉ឺន​រៀល​ធ្វើ​សោ​ហ៊ុយ​ត្រឡប់​ទៅធ្វើ​ការងារវិញ​ តែ​ប្តីគាត់​ថា​គ្មាន​លុយ​ ហើយ​ក៏​វាយ​កូន​២ទៅ​៣​ដៃ​ ​​ធ្វើ​​ឱ្យ​ភ័យ​ខ្លាច​ទាំង​គាត់​​ទាំងកូន ​ក៏នាំ​គ្នា​រត់ចេញ​ពី​ផ្ទះ​​។

ស្ត្រី​ជា​ប្រពន្ធ​រៀប​រាប់​ទៀតថា ​​ពេល​នោះ​​ប្តី​គាត់ឡើង​លើ​ផ្ទះ​វាយ​បំផ្លាញ​ទូរទស្សន៍​ ធុង​ទឹក​កក ​និង​ហៅគាត់​ឱ្យ​ចូល​ផ្ទះ ​ដោយ​គំរាម​ដុត​ផ្ទះ​​​ចោល​ទៀត ​។ ​ដោយ​ខ្លាច​ប្តី​​ប្រមឹក​​ដុត​ផ្ទះ​គាត់​ក៏​ចូល​ផ្ទះវិញ ​ ស្រាប​់​តែ​ត្រូវ​​​ប្តី​​ចាប់​​បោច​សក់​បោក​ក្បាល​ទៅ​លើ​​ដី​និង​យក​ខ្នង​ពូថៅ​វាយ​ត្រគាក​​គាត់​មិន​ប្រណី​។ ​ដោយឃើញ​​ឪពុកវាយ​គាត់​ជា​ម្តាយ​​​បែប​នេះ​​កូន​​ប្រុស​គាត់​​ក៏​រត់​មកជួយ​ដោយ​រុញ​ប្តីគាត់​ដែលស្រវឹង​ជោក​ឱ្យដួល​ រួច​​យក​មែក​​ប្រេង​ខ្យល់​វាយ​​ បណ្តាល​​ឱ្យ​របួស​ធ្ងន់​។ បន្ទាប់​មក​ ​រូបគាត់​និងអ្នក​ជិត​ខាង​បាន​នាំ​ប្តី​គាត់​​មក​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ តែ​ដោយ​របួស​ធ្ងន់​ពេក​​គ្រូពេទ្យ​ប្រាប់​ថា​ឱ្យ​បញ្ជូន​ទៅ​ព្យាបាល​បន្តនៅ​ភ្នំពេញ​ ហើយ​​ដោយ​គ្រួសារ​គាត់​ក្រពេក​​ក៏​បញ្ជូន​ត្រឡប់​មក​ផ្ទះ​វិញ ​។ ស្ត្រីជា​ប្រពន្ធ​បន្តថា ​​​នៅ​យប់​ថ្ងៃ​ទី​២៨ សីហា ​គាត់​បាន​បញ្ជូន​ប្តី​មក​មន្ទីរ​ពេទ្យ​បង្អែកម្តង​ទៀត​ តែក៏​​បាន​ស្លាប់​នៅ​​វេលា​ម៉ោង​ជាង​៥ព្រឹក​ថ្ងៃទី​២៩ សីហា។

អ្នក​រស់​នៅ​ជិតខាង​​និយាយថា ​បុរស​ដែល​ស្លាប់​នោះ​ឱ្យ​តែស្រវឹង​ស្រា​​ពេល​មក​​ដល់​​ផ្ទះ​​​តែង​តែ​វាយ​ធ្វើ​បាប​ប្រពន្ធ​កូន​ពុំ​ដែល​ខាន​ហើយ​​គ្មាន​អ្នកណា​ហ៊ាន​ជួយឡើយ​។ ​ពេល​នេះ​​មិនដឹង​ជា​ច្បាប់​​សម្រេច​បែបណាទេ ​ឪពុក​ស្រវឹង​ធ្វើ​បាប​ម្តាយ​ជា​រៀង​​រាល់​ថ្ងៃ​ លុះ​កូន​មក​លេង​ផ្ទះ​ជួប​ហេតុ​ការណ៍​ក៏ជួយ​ម្តា​យ​តែ​វាយ​ជ្រុល​ដៃ​ទើប​២​ថ្ងៃ​ក្រោយ​​​មក​ឪពុក​ចុង​ក៏ស្លាប់ ៕