ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ង​លោត​សម្លាប់​ខ្លួន​ពី​ដើម​ស្វាយ​ព្រោះ​មិត្ត​ឪពុក​ចុង​ចាប់​រំលោភ​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ក្មេង​ស្រី​​ជំទង់​​ម្នាក់​ឈ្មោះ​​«ច.ហ» អាយុ​១៤​ឆ្នាំ​​​បាន​រត់​ឡើង​​ដើម​ស្វាយ​ប៉ង​ធ្វើ​អត្ត​ឃាត​​​​ ព្រោះ​តែ​ខឹង​ការ​លួង​​លោម​ចាប់​នាង​រំ​លោភ​​​​បាន​សម្រេច​​រហូត​ដល់​ទៅ​២​ដងពី​​​​បុរស​ជា​មិត្ត​​ភក្តិ​​ឪពុក​​ចុង​ ។ ហេតុ​ការណ៍​​នេះ​​កើត​​ឡើង​​នៅ​​ម៉ោង​​​៣​រសៀល​​​រហូត​ដល់​ម៉ោង​៥​ល្ងាច​​ថ្ងៃ​​ទី​២៨ សីហា ហើយ​​អ្នក​ភូមិ​​ និង​សមត្ថ​កិច្ច​​បាន​ទៅ​ជួយ​​អង្វរ​​ទើប​នាង​ព្រម​ចុះ​មក​ដីវិញ។

តាម​លោក​វរ​​សេនីយ៍​​ត្រី កែវ ស៊ាង​​ហ៊ន់ អធិ​ការ​​នគរ​បាល​ស្រុក​ព្រៃ​​ឈរ​​ ​ប្រាប់​​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​​​​ ​​ឈ្មោះ​​លឹម សុវ៉ាត ​អាយុ​២២​ឆ្នាំ ​រស់​នៅ​​ភូមិ​​ទៀង​ ឃុំ​ផ្តៅ​​ជុំ ស្រុក​ជើង​ព្រៃ ជា​អ្នក​រំ​លោភ​​ និង​ឈ្មោះ​​ប៉ិច រ៉ូប៊ី ​អាយុ​២៩​ឆ្នាំ ជាឪពុក​ចុង​​ក្មេង​ស្រី​រង​គ្រោះ​​ជាអ្នក​​ពាក់​ព័ន្ធ​ត្រូវ​បាន​​ចាប់ខ្លួន​​​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​​ទី​២៨ សីហា ។

លោក​​អធិ​ការ​​នគរបាល​ស្រុក​​​បន្ត​ថា កាល​ពី​​​​ថ្ងៃ​​ទី​​២៧ សីហា ​ឈ្មោះ​​សុវ៉ាត បាន​​​ទៅ​លេង​ផ្ទះ​មិត្ត​​ភក្តិ​​របស់​ខ្លួន​​ឈ្មោះ​​រ៉ូប៊ី ​នៅ​ឃុំ​​សំរោង​​ ស្រុក​ព្រៃ​ឈរ និង​​​បាន​ដេកនៅ​ទី​នោះ​ ។ លុះ​ដល់​​វេលា​ម៉ោង​​១​រំ​លង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​២៨ សីហា ឈ្មោះ​សុវ៉ាត បាន​លួង​លោម​ក្មេង​ស្រី​​ជំទង់​​ឈ្មោះ​​«ច.ហ»រំ​លោភ​​បាន​សម្រេច​ម្តង​ លុះ​ដល់​​​ម៉ោង​​៣រំលង​អធ្រាត្រ​​​រំ​លោ​ភ​បាន​ម្តង​ទៀត​​ ។​

នៅ​ព្រឹក​ថ្ងៃទី​២៨ សីហា បង​ស្រី​​អាយុ​១៩​ឆ្នាំ ​របស់​ក្មេង​​ស្រី​រង​គ្រោះ ក្រោយ​ពី​បាន​ដឹង​​ហេតុ​ការណ៍​​នោះ​ ​​ក៏​​​ប្តឹង​​សមត្ថ​កិច្ច​ប៉ុស្តិ៍​​​រដ្ឋ​បាល​​​ឃុំ​សំរោង​​​ឱ្យ​ជួយ​អន្តរា​គមន៍​​​​ ។ រហូត​ដល់​​ម៉ោង​​៣​រសៀល​​​​ថ្ងៃ​ដដែល​ ជន​សង្ស័យ​២​​នាក់​នោះ​ ​​ត្រូវ​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន ហើយ​​​បញ្ជូន​ទៅ​កាន់​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៩ សីហា ​​។

ក្មេង​ស្រី​​រង​គ្រោះ​​ឱ្យ​ដឹង​​ថា នៅ​ខែ​កក្កដា ឆ្នាំ​២០១២​ ម្តាយ​នាង​​អាយុ​៤៥​ឆ្នាំ បាន​​សែន​ព្រេន​​ជា​មួយ​​​​បុរស​​ពោះ​ម៉ាយ​ឈ្មោះ​ប៉ិច​ រ៉ូប៊ី ​អាយុ​២៩​ឆ្នាំ យក​គ្នា​ជា​ប្តី​ប្រពន្ធ​​​ ។ ​ទាក់​ទិន​​ការ​ចាប់​រំ​លោភ​​នោះ នាងបញ្ជាក់​​ថា​​ នា​ព្រឹក​​ថ្ងៃទី​២៧ សីហា មិត្ត​ភក្តិ​​ឪពុក​​ចុង​ឈ្មោះ​សុវ៉ាត​ បាន​មក​លេង​ផ្ទះ​នាង​ ព្រម​ទាំង​​ផឹក​ស្រា​​ ។ នៅ​វេលា​​យប់​ពេល​​នាង​កំពុង​ដេក​ឈ្មោះ​សុវ៉ាត​​ បាន​មក​ដេក​លើ​ភ្លៅ​នាង​ ទោះ​​បី​នាង​ដេញ​​ឱ្យ​ចេញ​ក៏​មិន​ព្រម​​ចេញ​ទេ ។ លុះ​យប់​ជ្រៅ​​គេ​​លួង​លោមចាប់​​​រំ​លោភ​នាង​​ម្តង​ហើយ​ម្តង​ទៀត​​ ៕