ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរចំនួន៣នាក់ក្នុងចំណោម១៩នាក់ បានរងរបួសដោយសារទាហានឈុតខ្មៅថៃស្ទាក់បាញ់ ខណៈពេលពួកគាត់លួចឡើងភ្នំដងរែកចូលទៅអូសឈើគ្រញូងក្នុងទឹកដីថៃ ។ ហេតុការណ៍នៃអំពើបាញ់ប្រហារពីសំណាក់ទាហានថៃនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ សីហា នៅលើខ្នងភ្នំដងរែកក្នុងទឹកដីថៃ ស្ថិតក្នុងឃុំថាប់ថៃ ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ជាប់ព្រំប្រទល់ខេត្តបុរីរ៉ាំ ទល់នឹងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ប្រជាពលរដ្ឋ១៩នាក់ នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដឹកនាំដោយឈ្មោះវ៉ុន វ៉ោន ភេទប្រុស អាយុ៤២ឆ្នាំ បាននាំគ្នាឡើងលើភ្នំដងរែក លួចឆ្លងដែនចូលទៅក្នុងទឹកដីថៃអូសឈើគ្រញូង ត្រង់ចំណុចថ្មស ចម្ងាយប្រមាណ១០០ម៉ែត្រ ពីបង្គោលសីមាលេខ២៨ ។ ពេលកំពុងអូសឈើឆ្លងផ្លូវក្រួសក្រហម ក្នុងទឹកដីថៃ ក៏ត្រូវទាហានឈុតខ្មៅថៃស្ទាក់បាញ់ប្រជាពលរដ្ឋទាំងនោះផ្អើលនាំគ្នារត់គេចខ្លួន ។ ក្នុងហេតុការណ៍នេះមានប្រជាពលរដ្ឋខ្មែរចំនួន៣នាក់រត់ដួលបុកនឹងថ្មរងរបួសស្រាលគឺ១-ឈ្មោះអឹុម លេម ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះទួន ចាន់រាត្រី ភេទប្រុស អាយុ២៩ឆ្នាំ ៣-ឈ្មោះឈុង ឆរឹម ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង៣នាក់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់នោះ បាននាំគ្នារត់ចូលមកទឹកដីខ្មែរវិញទាំងអស់គ្នា ដោយគ្មាននរណាម្នាក់ត្រូវទាហានឈុតខ្មៅថៃចាប់បានឡើយ ។ ទាក់ទិននឹងការលួចឆ្លងដែនទៅអូសឈើគ្រញូងនេះចំពោះឈ្មោះវ៉ុន វ៉ោន មិនដឹងថា សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានចាត់វិធានការបែបណាទេ ដែលដឹកនាំប្រជាពលរដ្ឋទាំងនោះ ឡើងលើភ្នំដងរែកចូលទៅអូសឈើគ្រញូងក្នុងទឹកដីថៃ ហើយត្រូវទាហានដេញបាញ់នេះ ព្រោះក៏អាចចាត់ទុកជាមេខ្យល់ដែរ ។ ម្យ៉ាងទៀតចំពោះអ្នកនៅពីក្រោយខ្នង គួរណាស់អាសូរជីវិតប្រជាពលរដ្ឋខ្មែរដូចគ្នាមិនគួរណាគ្រាន់តែអំណាចទឹកប្រាក់ឲ្យពួកគាត់ប្រថុយជីវិតឆ្លងដែនខុសច្បាប់ ផ្សងនឹងគ្រោះថ្នាក់បែបនេះសោះ ៕
ចែករំលែកព័តមាននេះ