រាជធានីភ្នំពេញ ៖ ផ្ទះល្វែងលេខ៤៣៩ តាមបណ្តោយផ្លូវលេខ២២ ក្រុមទី៧ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ ត្រូវភ្លើងឆាបឆេះយ៉ាងលឿនធ្វើឱ្យប្រជាពលរដ្ឋរាប់រយនាក់ភ័យស្លន់ស្លោ ព្រោះខ្លាចឆេះរាលដាលដល់លំនៅឋានរបស់ខ្លួន ។ គ្រានោះអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកគួច ចំរើន អភិបាលខណ្ឌមានជ័យ រួមសហការជាមួយក្រុមបង្ការអគ្គិភ័យរបស់សាលារាជធានីភ្នំពេញ បានធ្វើឱ្យភ្លើងរលត់ និងមិនខូចខាតអ្វីធ្ងន់ទេ ព្រមទាំងមិនឆេះរាលដាលផ្ទះផ្សេងឡើយ ។ គ្រោះអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ សីហា ។
សាក្សីនិយាយថា ពេលរូបគាត់ជិះម៉ូតូកាត់តាមកន្លែងកើតហេតុ ស្រាប់តែឃើញផ្សែងហុយចេញពីជាន់ទី១នៃផ្ទះលេខ៤៣៩ ។ រូបគាត់បានស្រែកឆោឡោបណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងប្រជាពលរដ្ឋរស់នៅជិតនោះនាំគ្នាជួយអន្តរាគមន៍ តែភ្លើងមិនរលត់ឡើយ ។
ការឆោឡោនោះដឹងដល់អាជ្ញាធរមូលដ្ឋានទើបលោកអភិបាលខណ្ឌដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន និងសុំជំនួយពីក្រុមពន្លត់ និងបង្ការអគ្គិភ័យរបស់សាលារាជធានីភ្នំពេញ ឱ្យទៅជួយអន្តរាគមន៍ ។
ដោយសារតែប្រជាពលរដ្ឋ និងអាជ្ញាធរសហការគ្នាបានល្អ រួមទាំងផ្លូវចូលមានការងាយស្រួលផងនោះ ទើបអាចពន្លត់ភ្លើងបានភ្លាមមិនបណ្តាលឱ្យមានការរាលដាលដល់លំនៅឋានផ្សេងឡើយ ។
ក្នុងប្រតិបត្តិការពន្លត់ភ្លើងនោះប្រើប្រាស់ទឹកអស់ចំនួនពីររថយន្ត និងប្រើបំពង់ពន្លត់អគ្គិភ័យអស់ជាច្រើនបំពង់ ។
ក្រោយពេលភ្លើងរលត់មកប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះមានក្តីត្រេកអរ ហើយថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន និងក្រុមពន្លត់អគ្គិភ័យរបស់សាលារាជធានីភ្នំពេញដែលជួយអន្តរាគមន៍ទាន់ពេលវេលា ។ ចំណែកម្ចាស់ផ្ទះរងគ្រោះថ្លែងអំណរគុណសមត្ថកិច្ចផងដែរ ដែលជួយអន្តរាគមន៍ ៕





ចែករំលែកព័តមាននេះ