រាជធានីភ្នំពេញ ៖ ឆ្លើយតបតាមការអញ្ជើញរបស់លោកម៉ាមូដ អាម៉ាឌីណេចាដ (Mahmoud Ahmadinejad) ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ិស្លាមអីុរ៉ង់ និងការអញ្ជើញពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០១២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៦នៃចលនាមិនចូលបក្សសម្ព័ន្ធដែលប្រព្រឹត្តទៅនៅទីក្រុងតេហេរ៉ង់ សាធារណរដ្ឋអ៊ិស្លាម អីុរ៉ង់ ចាប់ពីថ្ងៃទី៣០ ដល់៣១ ខែសីហា ឆ្នាំ២០១២ ។
លោកស្រីុ ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យដឹងថា ប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន រួមមានលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកហូ សិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកប្រាក់ សុខុន លោកអូន ព័ន្ធមុនីរ័ត្ន លោកសុខ ចិន្តា រូបលោកផ្ទាល់(ស្រីុ ថាមរុង្គ) និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូបទៀតក្រៅពីកិច្ចប្រជុំកំពូល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីនៃសាធារណរដ្ឋអ៊ិស្លាមអីុរ៉ង់ លោកម៉ាមូដ អាម៉ាឌីណេចាដ និងជួបពិភាក្សាជាមួយលោកគីម យ៉ុងណាម ប្រធានគណៈប្រធានសភាប្រជាជនជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។
នៅថ្ងៃទី៣០ ខែសីហា សម្តេចតេជោ នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ។នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធលើកនេះ ប្រធានបទរបស់កិច្ចប្រជុំកំពូល គឺ«សន្តិភាពយូរអង្វែងតាមរយៈអភិបាលកិច្ចរួមគ្នាជាសាកល» ព្រោះសភាពការណ៍បច្ចុប្បន្ននៅលើពិភពលោកមានការប្រែប្រួលច្រើនណាស់ គឺមានការកើតឡើងនូវសង្គ្រាម ការគំរាមកំហែង… បញ្ហាសិទ្ធិមនុស្ស បញ្ហាលទ្ធិប្រជាធិបតេយ្យ ការប្រែប្រួលអាកាសធាតុ ការកែទម្រង់… ។ បញ្ហាទាំងអស់នេះ គណៈប្រតិភូទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធត្រូវពិភាក្សារកគន្លឹះដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសចលនាមិនចូលបក្សសម្ព័ន្ធមានតួនាទីកាន់តែរឹងមាំឡើងនៅក្នុងការបញ្ចប់សង្គ្រាម ក៏ដូចជាការរារាំងមិនឱ្យកើតមានសង្គ្រាម ។ ជាមួយនេះ រួមចំណែកនៅក្នុងការអភិវឌ្ឍធ្វើឱ្យប្រទេសទាំងអស់មានសន្តិភាព មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ មិនទទួលការគាបសង្កត់ ហើយដោះស្រាយបញ្ហាទាំងអស់ ដើម្បីសន្តិភាពយូរអង្វែងរបស់សាកលលោកទាំងមូល ។
លោកស្រ៊ី ថាមរុង្គ បានឱ្យដឹងទៀតថា ចលនាមិនចូលបក្សសម្ព័ន្ធមានសមាជិក១២០ប្រទេស ក្នុងនោះប្រទេសកម្ពុជាយើងបានចូលរួមជាសមាជិកយូរមកហើយ និងមានប្រទេសសង្កេតការណ៍ចំនួន២០ប្រទេសមិនមែនជាសមាជិក ។ ក្នុងចំណោមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធនេះ គឺមានប្រទេសចំនួន២/៣នៃសមាជិកអង្គការសហប្រជាជាតិ គឺជាសមាជិករបស់ប្រទេសចលនាមិនចូលបក្សសម្ព័ន្ធដែលមានប្រជាជនប្រមាណ៥៥%នៃប្រជាជនទូទាំងពិភពលោក ។ ដូច្នេះសំឡេងរបស់ប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ គឺខ្លាំង ប៉ុន្តែដោយសារកន្លងមកប្រទេសចលនាមិនចូលបក្សសម្ព័ន្ធមិនសូវមានសកម្មភាពឱ្យបានធំធេង ។
នៅថ្ងៃទី៣០ ខែសីហា ប្រធានសន្និសីទកំពូលនៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធលើកទី១៥ ឡើងថ្លែងសុន្ទរកថា ដោយប្រទេសអេហ្ស៊ីប បើកសន្និសីទ រួចក៏មានប្រារព្ធពិធីស្មឹងស្មាធិ៍១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំដែលទទួលមរណភាពចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី១៥មកដល់បច្ចុប្បន្ន ។ បន្ទាប់មក មានការជ្រើសតាំងឱ្យសាធារណរដ្ឋអ៊ិស្លាមអីុរ៉ង់ជាប្រធាននៃកិច្ចប្រជុំកំពូលប្រទេសចលនាមិនចូលបក្សសម្ព័ន្ធចាប់ពីថ្ងៃទី៣០ សីហា នេះទៅរហូតដល់រយៈពេល៣ឆ្នាំទៀត ។
ប្រធាននៃកិច្ចប្រជុំកំពូលប្រទេសចលនាមិនចូលបក្សសម្ព័ន្ធលើកទី១៥ រាយការណ៍ពីសកម្មភាពរបស់ចលនានេះ ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១១ ។ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិក៏នឹងឡើងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ បន្ទាប់មកលោកអគ្គលេខាធិការអង្គសហប្រជាជាតិលោកបាន គីមូន ក៏នឹងថ្លែង ហើយក៏មានតំណាងមកពីប្រទេសអាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិក អាមេរិកឡាទីន និងអឺរ៉ុបថ្លែងសុន្ទរកថា តំណាងឱ្យតំបន់នីមួយៗ ។
នៅពេលល្ងាច កិច្ចប្រជុំពិភាក្សាលើប្រធានបទខាងលើ ហើយនៅពេលរាត្រី លោកប្រធានាធិបតីសាធារណរដ្ឋអ៊ិស្លាមអីុរ៉ង់រៀបចំពិធីលៀងសាយភោជន៍ជូនថ្នាក់ដឹកនាំនៃបណ្តាប្រទេសដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធលើកទី១៦នេះ ក្នុងនោះមានព្រះមហាក្សត្រស៊ុលតង់២ព្រះអង្គ ថ្នាក់ប្រធានាធិបតី២៧រូប ថ្នាក់នាយករដ្ឋមន្ត្រី៧រូប អនុប្រធានាធិបតី៩រូប ប្រធានសភា២រូប បេសកជនពិសេស៥រូប ក្រៅពីនេះដឹកនាំដោយរដ្ឋមន្ត្រីការបរទេស… និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ។
ដោយមានការអញ្ជើញពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីកិច្ចប្រជុំកំពូលនៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធលើកទី១៦រួច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ី-អឺរ៉ុបលើកទី២ ហើយនឹងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ូរុំឈឺនៃតំបន់ស្វយ័តស៊ឺនជាំងអ៊ុយហ្គ័រ នៃសាធារណរដ្ឋប្រជាមានិតចិន ។
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ សម្តេចតេជោ នាយករដ្ឋមន្ត្រីបំពេញទស្សនកិច្ចនៅតំបន់ស្វយ័តស៊ឺនជាំងអ៊ុយហ្គ័រនោះ ដើម្បីដកពិសោធន៍ពីការអភិវឌ្ឍខេត្តរបស់ប្រទេចិនដ៏មានសក្តានុពល ។ តាមគម្រោង សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវជួបជាមួយក្រុមហ៊ុនចិនដែលកំពុងរកឱកាសមកវិនិយោគនៅកម្ពុជា បង្កើតរោងចក្រស្លដែក ដើម្បីផ្គត់ផ្គង់ដែកសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ។ ក្រៅពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីចិន វេន ជាបាវ ក្នុងឱកាសពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ី-អឺរ៉ុបលើកទី២នេះ ។
ការប្រារព្ធសម្ពោធបើកពិព័រណ៍ចិន-អាស៊ី-អឺរ៉ុបលើកទី២នេះ គឺជាការបន្តវេននៃពិព័រណ៍ដែលបានបន្តធ្វើជារៀងរាល់ឆ្នាំអស់រយៈពេល១៩លើកមកហើយ បានទទួលជោគជ័យ ដោយសារទីក្រុងអ៊ូរុំឈឺ និងតំបន់ស្វយ័តស៊ឺនជាំងអ៊ុយហ្គ័រ នេះជាមាត់ច្រករបស់ប្រទេសចិនទៅកាន់អឺរ៉ុប ដែលធ្វើឱ្យមានការទាក់ទាញអ្នកវិនិយោគអន្តរជាតិយ៉ាងច្រើន ធ្វើឱ្យតំបន់ស៊ឺនជាំងអ៊ុយហ្គ័រ មានការរីកលូតលាស់យ៉ាងខ្លាំង ។
ជាមួយនេះ តាមការអញ្ជើញរបស់លោក S.M KRISHNA រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីកិច្ចប្រជុំកំពូលប្រទេសចលនាមិនចូលបក្សសម្ព័ន្ធចប់ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា ។
តាមការគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងវិលត្រឡប់មកដល់មាតុប្រទេសវិញនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ ៕




ចែករំលែកព័តមាននេះ