ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បើក​ការ​ដ្ឋាន​សាង​សង់​នៅ​ខែក្រោយ​​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​​ទី​​២៨ សីហា លោក​កែប ជុតិមា អភិបាល​​រាជ​ធានី​​​បាន​អញ្ជើញ​​​​ទៅ​ពិនិត្យ​​តំបន់​​ស្ពាន​ស្ទឹង​មាន​ជ័យ​​ ដើម្បី​​ពិនិត្យ​ពី​ផល​ប៉ះ​ពាល់​​ផង និង​ការ​ត្រៀម​​រៀប​ចំ​​ដើម្បី​​ធ្វើ​ពិធី​​សែន​ក្រុង​​ពាលី​​ និង​បើក​ការដ្ឋាន​​សាង​សង់​​ស្ពាន​អាកាស​ស្ទឹង​​មាន​ជ័យ​​​នេះ​ ដែល​​ជា​ស្ពាន​​បត់​​បែន​​វាង​ចុះ​វាង​ឡើង​​រេ​រាំ​គួរ​​ឱ្យ​​គយ​គន់​ ។

ក្នុង​​ឱ​កាស​អញ្ជើញ​​ទៅ​ពិនិត្យ​​ដោយ​ផ្ទាល់​​នោះ​ ​អភិបាល​​រាជ​ធានី បាន​ណែ​នាំ​​​មន្ត្រី​​ជំនាញ​​ក្រោម​ឱ​វាទ​​ឱ្យ​មើល​​ថ្ងៃ​​ខែ​​ជ្រើស​រើស​​យក​​ថ្ងៃ​ល្អ​ដើម្បី​បើក​ការដ្ឋាន​​សាង​សង់​ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ​​ ដែល​សាលា​​រាជ​ធានី​ភ្នំ​ពេញ​​គ្រោង​នឹង​​ធ្វើ​ឡើង​នា​អំឡុងពាក់​​​កណ្តាល​ខែ​កញ្ញា​ខាង​មុខ​ ។ បើ​តាម​​គម្រោង​​ដែល​គ្រោង​​ទុក ​​ពិធីបើក​ការ​ដ្ឋាន​​សាង​សង់​ស្ពាន​​អាកាស​​ស្ទឹង​មាន​ជ័យ​​នេះ​​ស្ថិត​​ក្រោម​អធិ​បតី​ភាពដ៏​ខ្ពង់​ខ្ពស់​​សម្តេច​​​​អគ្គ​មហា​សេនា​បតី​​តេជោ​ ហ៊ុន សែន និង​លោក​​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ និង​​មាន​ការ​ចូល​​ពី​មន្ត្រី​រាជ​ការ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​​រាប់​ពាន់​នាក់ ។

លោក​កែប ជុតិមា បាន​ជំរុញ​​ឱ្យ​អាជ្ញា​ធរ​​ដែន​ដី​​ និង​មន្ត្រី​ពាក់​ព័ន្ធ ខិត​ខំ​​ដោះ​ស្រាយ​​ផល​ប៉ះ​ពាល់​​ដែល​​នៅ​សេស​សល់​​ឱ្យបាន​ឆាប់​រហ័ស​​ ។ ជា​មួយ​គ្នា​នេះ​ ​​ចំពោះ​​ស្លាក​ផ្សាយ​​ពាណិជ្ជ​កម្ម​​ ឬ​ប៉ាណូ​ផ្សេង​ៗ ​​ និង​ប្រព័ន្ធ​ខ្សែកាប​​ ទឹក​ ភ្លើង នានា​ក៏​​ត្រូវ​​រុះ​រើ​​ចេញ​ឱ្យ​​បាន​ទាន់​ពេល​​វេលា​ដែរ។ លោក​កែប ជុតិមា បាន​បញ្ជាក់​ថា នៅ​ពេល​បើក​​ការដ្ឋាន​សាង​សង់​​ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ យើង​នឹង​បើក​ការដ្ឋាន​​ស្ថាបនា​​ផ្លូវ​​បេតុង​២​ខ្សែ​​អម​ប្រឡាយ​មេ​បឹ​ង​សាឡាង​​ប៉ែក​ខាង​ត្បូង​​ស្ពាន​ស្ទឹង​មាន​ជ័យ​​ទៅ​ដល់​ស្ពាន​​ថ្ម​មុខ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​​​ខ្មែរ​-សូវៀត ដើម្បី​សម្រួល​​ចរាចរណ៍​​លើ   ក​ំណាត់​​ផ្លូវ​លេខ​​២៧១ ក៏​ដូច​ជា​ផ្លូវ​​តំបន់​​ស្ពាន​ស្ទឹង​មាន​ជ័យ​​ ស្រប​ពេល​​ស្ពាន​អាកាស​​នេះ​ចាប់​ផ្តើម​​សាង​សង់​​ ។

ស្ពាន​​អាកាស​​ស្ទឹង​មាន​ជ័យ​​គឺ​​ជា​ស្ពា​ន​អាកាស​​ទី​៣​​ បន្ទាប់​ពី​ស្ពាន​អាកាស​​ក្បាល​ថ្នល់​​ ​និង​ស្ពាន​​អាកាស​​៧​មករា(មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ)​ក្នុង​​រាជ​ធានី​ភ្នំពេញ​​ ដែល​ត្រូវ​សាង​សង់​​នា​ពេល​ខាង​មុខ​នេះ​​​ដើម្បី​រំ​ដោះ​​ចរាចរណ៍​ដែល​តែងតែ​​​កក​ស្ទះ​​ជា​ញឹក​ញាប់​តាម​​ច្រក​ផ្លូវ​​សំខាន់​ៗ​​ក្នុង​​ទី​ក្រុង​​ ស្រប​ពេល​ដែល​​ចំនួន​ប្រជាពល​រដ្ឋ​​ និង​មធ្យោ​បាយ​ធ្វើ​​ដំណើរ​​កើន​ឡើង​ឥត​ឈប់​ឈរ​ ។

ពេល​នេះ ​សាលា​រាជ​ធានី​ភ្នំពេញ​​ បាន​​និង​កំពុង​​ខិត​ខំ​​ដោះ​ស្រាយ​​ផល​ប៉ះពាល់​​ទៅ​លើ​​លំនៅ​ឋាន​​ប្រជា​ពល​រដ្ឋ​ដែល​ប៉ះ​លើ​គម្រោង​ស្ថាបនា​​ស្ពាន​អាកាស​​ស្ទឹង​​មាន​នេះ​ដែល​​មាន​ទី​តាំង​ស្ថិត​​នៅ​ចំណុច​​កណ្តាល​​ ឬ​ព្រំ​ប្រទល់​៣​ខណ្ឌ គឺ​​ខណ្ឌ​​ទួល​គោក ​ខណ្ឌ​ចំការ​មន និង​​ខណ្ឌ​​មាន​ជ័យ ​។ ​​​លំ​នៅ​​ឋាន​ប្រជា​ពល​រដ្ឋ​​ដែល​​មាន​ផល​ប៉ះ​ពាល់​មាន​​ចំនួន​​១៥៨​​ខ្នង​ ក្នុង​​​នោះ​ផ្ទះ​ដែល​​ប៉ះ​ពាល់​ខ្លាំង​​មាន​៧៥​ខ្នង ។ ក្រៅ​ពី​នេះ ​មាន​ការ​ប៉ះ​ពាល់​ទៅ​​លើ​​បណ្តាញ​ទឹក​​ស្អាត កាប​អុប​ទិក ប្រព័ន្ធ​លូ ដើម​ឈើ បង្គោល​ភ្លើង​ជា​ដើម តែ​ការ​ប៉ះ​ពាល់​​ទាំង​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​​ស្ទើរ​តែចប់​​អស់​ហើយ ។

ទោះ​ជា​យ៉ាង​ណា​​ លោកអភិ​បាល​រាជ​ធានី​​ភ្នំពេញ​​​នៅ​តែ​​សន្យា​ថា នឹង​មាន​ការ​​ដោះ​ស្រាយ​​ជា​មួយ​ប្រជា​ពល​រដ្ឋ​​ ឬ​មាន​​ការ​ឯក​ភាព​​ពី​ប្រជា​ពល​រដ្ឋ​​ ប៉ុន្តែ​​ប្រជា​ពល​រដ្ឋ​​ក៏​ត្រូវ​គិត​ផង​ដែរ​ថា នេះ​ជា​ការ​គិត​គូរ​​សម្រាប់​ផល​ប្រយោជន៍​​ជាតិ ជា​ពិសេស​​សម្រាប់​​ប្រជា​ពល​រដ្ឋ​​​ទាំង​មូល​ ព្រម​ទាំង​បន្សល់​ទុក​​​ឱ្យ​កូន​​ចៅ​យើង​ជំនាន់​ក្រោយ​ៗ​ទៀត​ផង​ដែរ ។ ​​ការ​ស្ថា​បនាស្ពាន​​ស្ទឹង​មាន​ជ័យ​នេះ ​​ក្រោម​​គំនិត​​​ច្នៃ​ប្រឌិត​​ប្រកប​ដោយ​​គតិ​បណ្ឌិត​ដ៏​​​ខ្ពង់​ខ្ពស់​​របស់​សម្តេច​​តេជោ ហ៊ុន សែន ដែល​​បាន​ចង្អុល​បង្ហាញ​​ និង​តម្រង់​ទិស​​​ដល់​​សាលា​រាជ​ធានី​ភ្នំ​ពេញ​​ ក្នុង​ការ​គិត​គូរ​​​ដល់​ប្រជា​ពល​រដ្ឋ​​ និងប្រទេស​​ជាតិ​ទាំង​មូល ។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​​រាជ​ធានី​ភ្នំពេញ​​ បាន​ឱ្យ​ដឹង​ថា ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ ដែល​​សាលា​​រាជ​ធានី​ភ្នំ​ពេញ​​ស្ថាបនា​​នា​ពេល​ខាង​មុខ​នេះ​ ​មាន​ចំនួន​​៥​ខ្សែ​ ហោះ​ឡើង​លើ​៤​ខ្សែ និង​មុជ​​ក្រោម​ដី​១​ខ្សែ។ ការ​សាង​សង់​គឺដោយ​ក្រុម​ហ៊ុន OCIC មាន​​រយៈ​​ពេល​២៨​ខែ គិត​​ចាប់​ពី​ថ្ងៃ​​បើក​ការដ្ឋាន​​ទៅ​ក្រោម​ការ​​ត្រួត​ពិនិត្យ​​បច្ចេក​ទេស​ពី​មន្ទីរ​​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​រាជ​ធានី​ភ្នំពេញ ៕