ខេត្តកណ្តាល ៖ នគរបាលចំនួន១២០ នាក់ បានទទួលការហ្វឹកហាត់បំពាក់បំប៉នជំនាញរយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់បាតុកម្ម កូដកម្ម នៅក្នុងមូលដ្ឋាន ។ ពិធីបើកវគ្គបំពាក់បំប៉នជំនាញនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ សីហា ២០១២ នៅស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធីបតីភាពលោកឧត្តមសេនីយ៍ឯកគៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រីអ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ស្នងការរង នាយការិយាល័យជាច្រើនរូបទៀត ។ បំពាក់បំប៉នជំនាញនេះ គឺមានគ្រូបង្ហាត់បង្រៀនមកពីក្រសួងមហាផ្ទៃ ។
លោកឧត្តមសេនីយ៍ត្រីអ៊ាវ ចំរើន បានបញ្ជាក់ឱ្យដឹងថា មន្ត្រីនគរបាលដែលបានចូលរួមហ្វឹកហាត់មានចំនួន១២០នាក់ មកពីគ្រប់ស្រុក ក្រុង និងមន្ត្រីនគរបាលនៅការិយាល័យស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចូលរួមហ្វឹកហាត់វគ្គបំពាក់បំប៉នជំនាញទប់ស្កាត់បាតុកម្ម កូដកម្ម ដែលកើតមាននៅក្នុងមូលដ្ឋាន ។ លោកស្នងការបន្តថា កម្លាំងដែលបានចូលរួមហ្វឹកហាត់បំពាក់បំប៉នជំនាញទាំងអស់នេះ លោកនឹងជួយឱ្យមានអគារស្នាក់នៅបានសមរម្យ និងជួយឧបត្ថម្ភថវិកាក្នុងម្នាក់ៗ១ថ្ងៃ៥០០០រៀល ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯកគៀត ច័ន្ទថារិទ្ធិ ឱ្យដឹងថា នៅក្នុងទឹកដីខេត្តកណ្តាលក្នុងឆ្នាំ២០១២ នេះ មានករណីកូដកម្ម បាតុកម្មរបស់ក្រុមកម្មករកើតមានឡើងចំនួនជាង៥០ករណី ទើបអគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញឱ្យមានការបើកវគ្គបំពាក់បំប៉នជំនាញនេះឡើង ៕


ចែករំលែកព័តមាននេះ