រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ សីហា ២០១២ ការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌមានជ័យ បានរៀបចំពិធីបូកសរុបចលនាប្រឡងប្រណាំង៣ល្អ របស់កុមារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ លោកស្រី អ៊ូ ធីតាពៅ ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ចៅសង្កាត់ទាំងពីរក្នុងខណ្ឌមានជ័យ និងក្រុមកុមារដែលទទួលជ័យលាភីក្នុងចលនាប្រឡងប្រណាំង៣ល្អរបស់កុមារចំនួន៩២២នាក់ ក្នុងចំណោមកុមារចំនួន១២.៥១០នាក់មកពីសាលាទាំង២៩ទូទាំងខណ្ឌមានជ័យ ។
ក្នុងឱកាសខាងលើនេះលោកគួច ចំរើន បានមានប្រសាសន៍ថា សង្គមឥឡូវមានការរីកចម្រើនលឿនណាស់ បើម្នាក់ៗមិនខំប្រឹងរៀនទេនោះ ដើរមិនទាន់គេទេ ពិសេសនៅឆ្នាំ២០១៥ ខាងមុខនេះប្រទេសយើងនឹងធ្វើសមាហរណកម្មជាមួយអាស៊ាន ហើយការផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមកពិតជាមានជាក់ជាមិនខាន ។ ដើម្បីអនាគតល្អទាល់តែក្មួយៗប្រឹងប្រែងចាប់ពីពេលនេះតទៅ ។ បើមានកុមារ៣ល្អកាន់តែច្រើននោះអនាគតសង្គមខ្មែរ នឹងមានសុទ្ធតែប្រជាពលរដ្ឋដែលប្រកបដោយគុណធម៌ និងពោរពេញដោយសមត្ថភាពកាន់តែច្រើនដែរ ។
លោកអភិបាលខណ្ឌក៏បានថ្លែងកោតសរសើរផងដែរដល់មាតាបិតាសិស្សដែលបានយកចិត្តទុកដាក់បែងចែកពេលវេលាប្រកបរបរចិញ្ចឹមជីវិតផង ខិតខំអប់រំទូន្មានកូនចៅផង មានទំនាក់ទំនងល្អជាមួយគ្រូជាមួយសាលា ជំរុញកូនឱ្យមករៀនបានទៀងទាត់ដែលជាទង្វើមួយបង្ហាញយ៉ាងច្បាស់នូវចំណងទាក់ទងយ៉ាងស្អិតរមួតរវាងសាលា គ្រួសារ និងសហគមន៍ ព្រោះបើគ្មានមជ្ឈដ្ឋានទាំង៣នេះមិនអាចផ្សារភ្ចាប់គ្នាបានទេ ហើយយើងក៏មិនអាចសម្រេចនូវគោលនយោបាយជាតិអប់រំសម្រាប់ទាំងអស់គ្នា ដោយផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍សហស្សវត្សន៍នាឆ្នាំ២០១៤ បានឡើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ