ខេត្តកណ្តាល ៖ គូស្នេហ៍មួយគូបានត្រូវប៉ូលិសការិយាល័យប្រឆាំងគ្រឿងញឿនខេត្តចាប់ខ្លួនកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៨ សីហា ២០១២ នៅក្នុងបន្ទប់ផ្ទះជួលមួយ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ពីបទចែកចាយថ្នាំញៀនម៉ាទឹកកក ។
លោកគង់ ស៊ីដន នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន គឺជាគូស្នេហ៍ នឹងគ្នាមានឈ្មោះស្រស់ សោភ័ណ្ឌ ហៅស្រួច ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ជននេះមានដីកាចាប់ខ្លួនពីបទប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនាបានប្រព្រឹត្តកាលពីថ្ងៃទី៧ សីហា ២០០៨ នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកម្នាក់ឈ្មោះរី សារ៉ាន់ ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជននេះជាប់សង្ស័យពីបទសមគំនិតចែកចាយថ្នាំញៀន ។
លោកនាយការិយាល័យបានបញ្ជាក់ថា ចំពោះករណីនេះបន្ទាប់ពីកម្លាំងជំនាញការិយាល័យធ្វើការសាកសួរជនសង្ស័យទាំង២នាក់បានចម្លើយសារភាពរួចមកបានសម្រេចធ្វើការចោទប្រកាន់ឈ្មោះស្រស់ សោភ័ណ្ឌ ហៅស្រួច ពីបទចែកចាយ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ