រាជធានីភ្នំពេញ ៖ កញ្ញាអង់ សុខគន្ធា គឺជាកីឡាការិនីកាយវប្បកម្មដំបូងគេដែលមានសមត្ថភាពចេញទៅប្រកួតជើងឯកអាស៊ីនៅប្រទេសចិន ក្នុងទីក្រុងគ័ងចូវ នៅពាក់កណ្តាលខែកញ្ញាខាងមុខ ។ មុននឹងក្លាយជាកីឡាការិនីជម្រើសជាតិផ្នែកកាយវប្បកម្ម កញ្ញាអង់ សុខគន្ធា បានឆ្លងកាត់ខ្សែជីវិតកម្សត់សោកសៅមិនចាញ់មនុស្សមួយចំនួនប៉ុន្មានឡើយ ។ រូបភាពជូរចត់ទម្រាំឈានមកដល់ពេលនេះ នាងបានឆ្លងកាត់ជីវិតជាកម្មការិនីរោងចក្រអស់រយៈពេល៨ឆ្នាំ ដើម្បីចិញ្ចឹមប្អូនទាំងខ្លួននៅវ័យក្មេងបន្ទាប់ពីឪពុកម្តាយជាទីគោរពបានចែកឋានទៅទាំងមិននឹកស្មានដល់ ។
នាងអង់ សុខគន្ធា ជាកីឡាការិនីជម្រើសជាតិផ្នែកកាយវប្បកម្មដែលខាងសហព័ន្ធកីឡាមានទំនុកចិត្តជាងគេលើគ្រប់ការចេញប្រកួតយកជើងឯកកម្មវិធីដែលសហព័ន្ធគ្រោងទុក ។ ការផ្តល់ហេតុផលចំពោះក្តីរំពឹងជាវិជ្ជមានបែបនេះរបស់ប្រធានសហព័ន្ធ ក៏ដូចជាសមាជិករួមក្រុម គឺដោយសារសំអាងថា កីឡាការិនីអង់ សុខគន្ធា មានរូបរាងខ្ពស់ល្អ មានកាយសម្បទាត្រូវតាមលក្ខខណ្ឌដែលសហព័ន្ធចង់បាន ។ ជាញឹកញាប់តាំងពីនាងមិនទាន់ក្លាយជាកីឡាការិនីជម្រើសជាតិ នាងតែងទទួលការសរសើរពីគ្រប់មជ្ឈដ្ឋានចំពោះអំណោយផលបានមកពីធម្មជាតិនៃរូបរាងកាយរបស់នាងដែលមើលទៅប្រាកដជាមានអនាគត ប្រសិនបើដាក់ចិត្តហ្វឹកហាត់ឱ្យបានត្រឹមត្រូវ ។ ដោយមើលឃើញពីចំណុចពិសេសរបស់នាង ខាងថ្នាក់ដឹកនាំកីឡាកាយវប្បកម្មកម្ពុជា ក៏បានធ្វើការបង្វឹករូបនាងរហូតក្លាយជាកីឡាការិនីជម្រើសជាតិម្នាក់ប្រចាំសហព័ន្ធ ។
នាងអង់ សុខគន្ធា កើតនៅថ្ងៃទី១៥ ឧសភា ឆ្នាំ១៩៨៥ នៅខេត្តតាកែវ ជាកូនច្បងក្នុងគ្រួសារ (ស្រីទាំងពីរ) បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១០ប៉ុណ្ណោះ ។ នាងបានរំលឹកពីអតីតកាលថា នាងពិតជាចង់រៀនឱ្យបានជ្រៅជ្រះនឹងគេណាស់ ប៉ុន្តែបំណងរបស់នាងមិនសម្រេចទេ ព្រោះតែកត្តាជីវភាពនាគ្រានោះលំបាកក្រីក្រមិនមានអ្វីហូបគ្រប់គ្រាន់ទេ ទើបនាងសម្រេចចិត្តជួយ រំលែកការលំបាករបស់គ្រួសារក្នុងនាមជាកូនច្បង។
នាងបន្ថែមទៀតថា បន្ទាប់ពីឈប់រៀននៅឆ្នាំ១៩៩៨ ដោយមិនដឹងថាចាប់មុខរបរអ្វីនាងបានសុំគេចូលធ្វើការរោងចក្រដើម្បីរកលុយជួយឪពុកម្តាយ និងប្អូនស្រីរបស់នាង ។ ជាអកុសលពេលនាងមកភ្នំពេញធ្វើការបានតែមួយឆ្នាំប៉ុណ្ណោះ ក៏ជួបទុក្ខផ្ទួនៗបន្តបន្ទាប់គ្នាដោយសារតែឪពុកម្តាយរបស់នាងបានធ្លាក់ខ្លួនឈឺធ្ងន់ម្តងម្នាក់មិនអាចព្យាបាលបាន ក៏បានស្លាប់មុនក្រោយគ្នាក្នុងអំឡុងឆ្នាំ២០០០ ចោលនាង និងប្អូនស្រីឱ្យនៅកំព្រាកាយរងាដូចកូនបក្សីដែលមិនទាន់ដុះស្លាបពេញលេញ ហើយមេបាត្រូវព្រានព្រៃប្រល័យជីវិតបង់តើឱ្យកូនៗរស់នៅបែបណា? ក្នុងនាមជាក្មេងស្រីជំទង់ម្នាក់ បែរជាត្រូវតស៊ូពុះពារឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាងក្នុងការរកកម្រៃដើម្បីចិញ្ចឹមខ្លួន និងប្អូនស្រីដោយធ្វើជាកម្មការិនីរោងចក្រកាត់ដេរអស់រយៈពេល៨ឆ្នាំ ។
ទោះបីយ៉ាងណា ការលំបាកនេះនាងចាត់ទុកថា ជាមេរៀនជីវិតមិនធ្វើឱ្យនាងខូចចិត្តឡើយ និងសង្ឃឹមថាថ្ងៃណាមួយជីវិតរបស់នាងនឹងបានភ្លឺស្វាងមិនខាន ។ មកដល់ពេលនេះ ក្រៅពីមានអាជីពជាកីឡាការិនីជម្រើសជាតិផ្នែកវិញ្ញាសាកាយវប្បកម្ម នាងមានហាងអាហារផ្ទាល់ខ្លួនមួយនៅម្តុំមាត់ទន្លេជិតព្រះបរមរាជវាំង ។ នាងថ្លែងថា ទោះបីជាមានមុខរបររកស៊ីផ្ទាល់ខ្លួនមែន តែចិត្តរបស់នាងនៅតែស្រឡាញ់អាជីពកីឡាការិនីដដែល ព្រោះយល់ថាលេងកីឡាធ្វើឱ្យខ្លួនមានសុខភាពល្អ រក្សាទម្ងន់ឱ្យនៅនឹងធ្វើឱ្យរូបរាងស្រឡូនទៀតផង អាស្រ័យហេតុនេះហើយទើបខាងសហព័ន្ធចាប់អារម្មណ៍មកទាក់ទងនាងយកទៅបណ្តុះបណ្តាល ។
ចាប់ពីឆ្នាំ២០១១ មកនាងអស់ សុខគន្ធា បានក្លាយជាកីឡាការិនីជម្រើសជាតិផ្នែកកាយវប្បកម្មដំបូងគេដែលសហព័ន្ធកាយវប្បកម្មកម្ពុជាគ្រោងបញ្ជូននាងចេញទៅបង្ហាញស្នាដៃនៅក្រៅប្រទេសជាបន្តបន្ទាប់ ជាក់ស្តែងនាពាក់កណ្តាលខែកញ្ញាខាងមុខ នាងនឹងចេញទៅប្រកួតនៅប្រទេសចិន ដែលមាន៣៥ប្រទេសចូលរួម ។ នាងបានឱ្យដឹងទៀតថា ចាប់តាំងពីនាងបានជាប់ឈ្មោះជាកីឡាការិនីកាយវប្បកម្មជម្រើសជាតិមក មានបងប្អូនស្ត្រីយើងមកហាត់រៀនជាបន្តបន្ទាប់ធ្វើឱ្យនាងសប្បាយចិត្តយ៉ាងខ្លាំងពេលឃើញពួកគាត់យល់ដឹងពីកីឡា ដែលមានប្រយោជន៍ចំពោះសុខភាពបែបនេះ ។ នាងបន្ថែមថា ហាត់កីឡាត្រូវការព្យាយាម រូបនាងពីដំបូងមានការធុញទ្រាន់ដែរស្ទើរមិនអាចស៊ូទ្រាំបាន តែពេលនេះលែងអីហើយ ។
ដើម្បីហាត់កីឡាកាយវប្បកម្មឱ្យបានល្អ ប្រការសំខាន់ត្រូវដេកឱ្យបានគ្រប់គ្រាន់ ត្រូវហាត់ពេលព្រឹក ឬពេលល្ងាចសម្រាប់នារី ហាត់ឱ្យបានចាប់ពី៣ទៅ៤លំហាត់ជាកំណត់។ ហាមទទួលទានជាតិស្ករ ជាតិខ្លាញ់ និងត្រូវតមបារី ស្រា និងគ្រឿងញៀន បើធ្វើបែបនេះបានរាងកាយរបស់យើងនឹងស្រឡូនគួរឱ្យទាក់ទាញមិនខាន ។
ដោយសារតែនាងអង់ សុខគន្ធា និងកីឡាករពីររូបទៀតត្រូវចេញទៅប្រកួតនៅប្រទេសចិន នាពេលខាងមុខ អ្នកស្នេហាវិស័យកីឡាសង្ឃឹមថា អ្នកទាំងបីរូបនេះនឹងពាំនាំលទ្ធផលវិជ្ជមានមកជូនជាតិមិនខាន និងសូមជូនពរពួកគាត់ឱ្យទទួលបានជ័យជម្នះដើម្បីជាមោទនភាពជាតិយើង ។ នាងអង់ សុខគន្ធា បានប្តេជ្ញាថា នាងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពពេលនាងចេញទៅប្រកួតនៅបរទេសជាលើកដំបូងដើម្បីបញ្ជាក់ថា ស្ត្រីខ្មែរសព្វថ្ងៃមិនអន់ឡើយ ៕


ចែករំលែកព័តមាននេះ