ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូត​ ភូ​ថង ខ្លាច​​ប៉ះ​ អ៊ុង វីរៈ ក្នុង​វគ្គ​ ប្រកួត​​ដណ្តើម​​​ខ្សែ​​ក្រវាត់​នៅ​លើ សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោ

13 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖​​ ​ថ្ងៃ​​​សៅរ៍​​ទី​​១ កញ្ញា ខាង​​មុខ​​នៅ​​សង្វៀន​​​ស្ថានីយ​​ទូរ​​ទស្សន៍​​​​បាយ័ន​​​បឹង​​ស្នោ​ នឹង​មាន​​​ព្រឹត្តិ​ការណ៍​ប្រកួត​ជម្រុះ​​ដើម្បី​​រក​​បេក្ខ​​ភាព​ទៅ​ដណ្តើម​ខ្សែ​​ក្រវាត់​អាជ្ញា​ធរ​​ជាតិ​​ប្រឆាំង​​គ្រឿង​ញៀន​ ដោយមាន​​កីឡា​ករ​អ៊ុង វីរៈ ចាន់ រតនា វ៉ែន សុវណ្ណ និង​វ៉ោយ សុធន ធ្វើ​​ការ​ប្រកួត​​​គ្នា​រក​ជើង​ខ្លាំង​តែ​ម្នាក់​ទៅ​ណ្តើម​​​ខ្សែ​ក្រវាត់​​ពី​អូត ភូថង ​នៅ​ចុង​ខែ​​កញ្ញា​ខាង​​មុខ​នេះ ។

ស្រប​​ពេល​ដែល​​ឱ​កាស​​បង្ហាញ​សមត្ថ​​ភាព​រវាង​ជើង​ខ្លាំង​​៤​រូប​​មិន​ទាន​​់​ទាំង​ចាប់​​ផ្តើម​​ដឹង​ស​ខ្មៅ​​​ស្រួល​បួល​ផង​​ ស្រាប់​តែ​​ម្ចាស់​ខ្សែ​ក្រវាត់​​អូត ភូថង បាន​បង្ហើប​ថា ​ក្នុង​​ចំណោម​​អ្នក​ប្រដាល់​​ជើង​ខ្លាំង​៤​​រូប​​នោះ​ លោក​ភ័យ​ខ្លាច​​តែ​ប៉ះ​​​ជា​មួយ​សិស្ស​​ប្អូន​អ៊ុង វីរៈ ប៉ុណ្ណោះ​ ដោយ​​លោក​​គិត​ថា​ពិបាក​​ក្នុង​ការ​​ផ្តួល​​បំផុត ។ទោះ​យ៉ាង​​ណា លោក​មិន​​អាច​មើល​​ស្រាល​​កីឡា​ករ​បី​​រូប​ផ្សេង​ទៀត​ថា អន់​ជាង​​ខ្លួន​បាន​ឡើយ ​ដ្បិត​​វិជ្ជា​គុន​​របស់​​ពួក​គេ​​ ក៏​មិន​​ធម្ម​តា​​ដែរ ពោល​គឺ​សុទ្ធ​តែ​​ជាអ្នក​ល្បី​ក្នុង​ពិភព​​កីឡា​​ប្រដាល់​​​ ។

គេ​​មិន​ដឹង​ថា ការ​លើក​ឡើង​​របស់​​អូត ភូថង ​ថា​ខ្លាច​ប៉ះ​ជា​មួយ​អ៊ុង វីរៈ ជា​សម្តី​ដាក់​ខ្លួន​​ដើម្បី​ធ្វើ​​ឱ្យ​​ដៃ​គូ​ភ្លេច​ខ្លួន​​ ឬ​ជា​ការ​​បារម្ភ​​ចេញ​ពី​ចិត្ត​ពិត​​ប្រាកដ​ ឬ​យ៉ាង​ណា​​ទេ ។ ឆ្លើយ​តប​​នឹង​ការ​ងឿង​​ឆ្ងល់​នេះ ​​កីឡា​ករ​អូត ​ភូថង ដែល​មក​ពី​ក្លិប​​  ក្រសួ​ង​​ការ​ពារ​ជាតិ​បាន​សារ​ភាព​ថា ការ​ពិត​ក្នុង​ចំណោម​​កីឡា​ករ​ទាំង​បួន​រូប​​​ខាង​លើ​ គឺ​​មាន​តែ​អ៊ុង​ វីរៈ ម្នាក​់​បុ៉ណ្ណោះ​​ដែល​ធ្វើ​​ឱ្យ​​លោក​​រាង​​ញញើត​​​បន្តិច​​តា​ម​ដែល​បាន​ស្ទាប​​ស្ទង់​​កន្លង​មក ។ អូត ភូថង បាន​អះ​អាង​​ថា ហេតុ​ផល​ដែល​​លោក​ហា៊ន​​សារ​ភាព​មុន​បែប​នេះ​​ ព្រោះ​តែ​​ប្រវត្តិ​​នៃ​ការ​ប៉ះ​គ្នា​​ចំនួន​​ពីរ​លើក​​មាន​ឈ្នះ​​​-ចាញ់​ម្តង​ម្នាក់ ។ ​ប្រការ​នេះ​ហើយ​ទើប​​លោក​អាច​កត់​​សម្គាល់​​បាន​ពី​តិច​និក​​ប្រដាល់​​របស់​អ៊ុង​ វីរៈ ​គឺ​​គាត់​ពូ​កែ​ខាង​​កម្លាំង​​ ​ពេល​​ស្ទុះ​​មក​ម្តង​ៗ​ពិបាក​ទប់​​បំផុត​​ដែល​​កន្លង​មក​​លោក​មិន​ដែល​​ជួប​កីឡា​​ករ​ណា​​មាន​កម្លាំង​​ដូច​គាត់​​ទេ។ ទោះ​ជា​មាន​​ការ​សារ​ភាព​​ថា ញញើត​​ចំពោះ​កីឡា​ករ​​អ៊ុង វីរៈ ប៉ុន្តែ​កីឡា​ករ​​អូត ភូថង សន្យា​ថា​​មិន​​បណ្តោយ​​ឱ្យ​អ្នក​​ណា​ដណ្តើម​​ខ្សែ​ក្រវាត់ពី​​​ខ្លួន​​បាន​​ដោយ​ងាយ​​ស្រួល​ពេក​ទេ ព្រោះ​តាំង​ពី​​ឮ​ដំណឹង​​ថា មាន​កីឡា​ករ​​​ខាង​លើ​ប្រកួត​ជម្រុះ​​ដើម្បី​​រក​ជើង​ខ្លាំង​តែ​ម្នាក់​​មក​ប្រកួត​​ជា​មួយ​ លោក​​បង្កើន​​ការ​ហ្វឹក​ហាត់​​ច្រើន​ជាង​មុន​​ដើម្បី​រក្សា​ខ្សែ​​ក្រវាត់​​ឱ្យ​នៅ​គង់​ និង​​​កេរ្តិ៍​ឈ្មោះ​ជា​អ្នក​​ប្រដាល់​​ជើង​ខ្លាំង​​បញ្ចៀស​ការ​រិះ​គន់​​ពី​សំណាក​់​ទស្សនិក​ជន​​ ។

លោក​អូត ភូថង ​​ត្រូវ​បាន​​គេ​ផ្តល់រហស្ស​នាម​ថា ជា​អ្នក​ប្រដាល់​​កែង​ឆេះ​ ជង្គង់​​ទិព្វ​​ ដែល​ធ្លាប់​​​ប្រកួត​១៩០​ដង ឈ្នះ​១៥០​​ដង ចាញ់​៣៨​ដង ស្មើ​២ និង​ធ្វើ​​ឱ្យ​គូ​ប្រកួត​​សន្លប់​៦០​ដង ។ចាំ​មើល​តើ​ក្នុង​ចំណោម​​ជើង​ខ្លាំង​ទាំង​បួន​​រូប​(វ៉ែន សុវណ្ណ ចាន់ រតនា វ៉ោយ សុធន និង​អ៊ុង វីរៈ) តើ​នរណា​​មាន​ឱ​កាស​ឡើង​ទៅ​ត​តាំង​​លើ​រេញ​​ជា​មួយ​អូត ភូថង ដើម្បី​ដណ្តើម​​ខ្សែ​ក្រវាត់​​ ដែលគាត់​កាន់​កាប់​​រាង​យូរ​​ក្រែល​​ហើយ​នោះ ។

គួរ​បញ្ជាក់​ថា កីឡា​ករ​ជើង​ខ្លាំង​​៤​រូប​ដែល​ត្រូវ​​ឡើង​​ប្រកួត​គ្នា​នោះ​​មាន កីឡាករ​​វ៉ោយ​ សុធន មក​ពី​ក្លិប​រាជ​សីហ៍​​​ខេត្ត​បន្ទាយ​មាន​ជ័យ ប៉ះ​​ជា​មួយ​កីឡា​​ករ​ចាន់ រតនា មក​ពី​ក្លិប​​ខ្លា​ហោះ​កីឡា ។ កីឡា​ករ​​វ៉ែន សុវណ្ណ មក​ពី​ក្លិប​​​កង​កេង​​ខេត្ត​បាត់​ដំបង ជួប​ប្រកួត​ជា​មួយ​កីឡា​​​ករ​អ៊ុង វីរៈ មក​ពី​ក្លិប​​កង​​ពល​តូច​ឆត្រ​យោង​​៩១១ ។ អ្នក​ឈ្នះ​​ក្នុង​​ចំណោម​​ពីរ​គូ​​នេះ​នឹង​ធ្វើ​ការ​​ប្រកួត​គ្នា​រក​ជើង​ខ្លាំង​​តែ​ម្នាក់​​ប៉ុណ្ណោះ​​ទៅ​ប្រកួត​ជា​មួយ​កីឡា​ករ​​អូត ភូថង ដើម្បី​ដណ្តើម​​​ខ្សែ​ក្រវាត់​​​​​អាជ្ញា​​​ធរ​​ជាតិ​​ប្រឆាំង​គ្រឿង​ញៀន ដែល​នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​២៩ កញ្ញា លើ​សង្វៀន​​បឹង​ស្នោ​ដដែល ៕​​