រាជធានីភ្នំពេញ ៖ កីឡាករសេក គឹមផាន មកពីក្លិបសឹករងខេត្តសៀមរាប ពេលមកប៉ះសំរិទ្ធ សុភាព នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN នាថ្ងៃសុក្រស្អែកនេះក្នុងក្របខណ្ឌដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៥៧គីឡូក្រាម តើមានសំណាងអាចឆ្លងផុតពីការហាលខោ ឬអត់ ខណៈសំរិទ្ធ សុភាព កំពុងតែស្វែងរកចំណាត់ថ្នាក់លេខ១ក្នុងពូល ។
រវាងគូនេះ គឺស្ថិតនៅក្នុងពូល B ហើយជំនួបរវាងពួកគេទាំង២នាក់លើកនេះក្នុងវគ្គប្រកួតជម្រុះក្នុងពូល ក៏បានឈានចូលដល់ទីបញ្ចប់ដែរ។ សេក គឹមផាន ឆ្លងកាត់ការប្រកួតបាន៤លើកឈ្នះ៣លើក ចាញ់១លើក ដូច្នេះវាសនារបស់គេត្រូវសម្លឹងមើលលើការប្រកួតលើកនេះជាបន្តទៀត បើសិនជាចាញ់គឺពិបាកសង្ឃឹមក្នុងការគេចឱ្យផុតពីការហាលខោឡើយ ។
រីឯសំរិទ្ធ សុភាព វិញ ឆ្លងកាត់ការប្រកួតបាន៤លើកដូចគ្នា គឺមិនធ្លាប់ស្គាល់ចាញ់ម្តងណាឡើយ ប៉ុន្តែទោះជាយ៉ាងណា សុភាព ក៏ត្រូវការជ័យជន្នះជាបន្តទៀតដែរ ដើម្បីឡើងទៅឈរនៅលេខរៀងទី១ក្នុងពូល ។ រវាងគឹមផាន និងសុភាព សុទ្ធតែមានបច្ចេកទេសប្រយុទ្ធនៅលើសង្វៀនល្អដូចគ្នា ប៉ុន្តែសុភាពមានស្នៀតកែង និងជង្គង់ល្អជាង រីឯគឹមផាន វិញ ពូកែជាងគេគឺស្នៀតកណ្តាប់ដៃ និងស្នៀតជើង ដែលរាល់ការទាត់ចេញម្តងៗមិនសូវជាខុសគោលដៅប៉ុន្មានឡើយ ។ គូនេះគេមានជំនឿចិត្តលើសុភាពច្រើនជាង ។
ការជួបគ្នារវាងព្រំ វី មកពីក្លិបកងរាជអាវុធហត្ថស្រុកស្ទោង និងខុន ស៊ីចាន់ មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ លើកនេះ គឺប្រហែលជាធ្វើឡើងដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះពួកគេប្រកួតបាន៤លើកឈ្នះ២លើក ចាញ់២លើក ដូចគ្នា ។ ដូច្នេះក្តីសង្ឃឹមរបស់ពួកគេទាំង២នាក់មានតិចណាស់ក្នុងការគេចឱ្យផុតពីការហាលខោនោះ ។
រីឯគូប្រកួតមិត្តភាពប្រចាំសប្តាហ៍នេះដែរ ហុន គីរី មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ជួបប្រកួតជាមួយយ៉ាម រ៉េត មកពីក្លិបរស្មីកុមារកំព្រា ។ ហែល វ៉ា មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ជួបប្រកួតជាមួយម៉ន ចាន់ដារា៉ មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯង និងឡុង ឡាំដា មកពីក្លិបសាលវ័ន្តកីឡា ប្រកួតលក្ខណៈសាកលជាមួយចាន់ វិបុល មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ៕
ចែករំលែកព័តមាននេះ