រាជធានីភ្នំពេញ ៖ យុវជនស្ទាវពីរនាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃទំនើបរបស់មន្ត្រីស្ថានទូតអាេមរិកនៅចំណុចកែងវិថីព្រះស៊ីសុវត្ថិ និងផ្លូវលេខ១០៤ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨ និង៤៥នាទីព្រឹកថ្ងៃទី២៩ សីហា ២០១២ ហើយត្រូវជនរងគ្រោះ និងប្រជាពលរដ្ឋក្របួចបានប្រគល់ឱ្យនគរបាល ។
យុវជនស្ទាវដែលនគរបាលឃាត់ខ្លួន១-ឈ្មោះលី វណ្ណូ ភេទប្រុស អាយុ១៩ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ១២Eo ផ្លូវលេខ១៩៦ សង្កាត់វាលវង់ ខណ្ឌ៧មករា និង២-ឈ្មោះសុខ ឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ៣០Eo ផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ JEFF SPITLER ភេទប្រុស អាយុ៣៥ឆ្នាំ ធ្វើការនៅស្ថានទូតអាមេរិក ស្នាក់នៅផ្ទះលេខ១២Eo ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូកង់បីចេញពីផ្ទះ ក្នុងគោលបំណងទៅកន្លែងធ្វើការនៅស្ថានទូតអាមេរិក ដោយធ្វើដំណើរតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ លុះមកដល់កែងផ្លូវលេខ១០៤ ស្រាប់តែមានយុវជនស្ទាវពីរនាក់ ជិះម៉ូតូមកអែប និងធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកសាំសុង ស៊េរីទំនើបរបស់ជនរងគ្រោះ ។
ក៏ប៉ុន្តែនៅពេលនោះ បុរសរងគ្រោះបានចាប់ដៃជនល្មើសដណ្តើមយកទូរស័ព្ទវិញ និងបណ្តាលឱ្យម៉ូតូជនដៃដល់ដួលប្រកាច់កណ្តាលថ្នល់ ហើយត្រូវប្រជាពលរដ្ឋធ្វើដំណើរឃើញនាំគ្នាដេញតាមក្របួចជាប់ប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ៕


ចែករំលែកព័តមាននេះ