ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​បើក​សវនា​ការ​លើ​កាយ​សម្បទា និង​បញ្ញា​ស្មារតី​អៀង ធីរិទ្ធ​សាជាថ្មី​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អង្គ​ជំនុំ​ជម្រះ​​​សាលា​ដំបូង​នៃអង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នឹង​បើក​​សវនា​ការ​សាធារណៈ​​លើ​កាយ​សម្បទា​ និង​បញ្ញា​ស្មារតី​​ជន​ជាប់ចោទ​អៀង ធីរិទ្ធ ​សាជា​ថ្មី​​​នៅថ្ងៃ​ទី​​៣០ សីហា ២០១២ ​ដើម្បី​ស្តាប់​ការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​វេជ្ជ​សាស្ត្រ​​លើ​ស្ថាន​ភាព​កាយ​សម្បទា និង​បញ្ញា​​ស្មារតី​របស់​លោក​ស្រី​​នៅ​ក្នុង​ការ​ចូលរួម​ការ​​ជំនុំ​ជម្រះ​​ក្តី ។ មន្ត្រី​​នាំ​ពាក្យ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​​លោក​នេត្រ ភក្ត្រា ​បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃ​ទី​​២៩ សីហា ​ថា សវនា​ការ​​លើ​កាយ​សម្បទា និង​បញ្ញា​ស្មារតី​​នេះ​ធ្វើ​ឡើង​​បន្ទាប់​​ពី​ក្រុម​អ្នក​ជំនាញ​វេជ្ជ​សាស្ត្រ​​បាន​ធ្វើ​ការ​ព្យា​បាល​​ដល់​លោក​ស្រី​ អៀង ធីរិទ្ធ ​អស់​រយៈ​ពេល​៦​ខែ​រួច​មក​​ តាម​ការ​បញ្ជា​របស់​​អង្គ​ជំនុំ​​ជម្រះ​តុលាការ​កំពូល ហើយ​នៅ​ពេល​នេះ គឺ ដល់​ពេល​វេលា​​កំណត់​​ក្នុង​​ការ​ពិនិត្យ​ឡើង​វិញ ​លើ​កាយ​សម្បទា​របស់​​លោក​ស្រី អៀង ធីរិទ្ធ ។

បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក​នេត្រ​ ភក្ត្រា ​សវនា​ការ​រយៈ​ពេល​២​ថ្ងៃ​ចាប់ពីថ្ងៃទី​៣០-៣១ សីហា ២០១២ ​ត្រូវ​បាន​រៀបចំ​​ឡើង​ដើម្បី​ឱ្យ​អ្នក​​ជំនាញ​វេជ្ជ​សាស្ត្រ​​បង្ហាញ​អំពី​​លទ្ធ​ផល​​នៃ​ការ​ពិនិត្យ​របស់​គាត់ និង​ដើម្បី​បើក​ឱ្យ​មាន​ការ​ពិភាក្សា​នៅ​ក្នុង​តុលាការ​រវាង​អ្នក​ជំនាញ​វេជ្ជ​សាស្ត្រ​ជា​មួយ​មេ​ធាវី​​ការពារ​ក្តី​​របស់​លោក​ស្រី អៀង ធីរិទ្ធ ​សហ​ព្រះ​រាជ​អាជ្ញា និង​សហមេធាវី​នាំ​មុខ​​តំណាង​ដើម​​បណ្តឹង​​រដ្ឋ​ប្បវេណី ។ ដោយ​​សារ​តែ​សវនា​ការ​នេះ គឺ​ទាក់​ទង​តែ​លោក​ស្រី​ អៀង ធីរិទ្ធ ជន​ជាប់​ចោទ​​នួន ជា និង​ខៀវ សំផន ​នឹង​មិន​មាន​​ភាព​ចាំ​បាច់​ចូលរួម​ក្នុងសវនា​ការ​នេះទេ ប៉ុន្តែ​​សម្រាប់លោក​​អៀង ​សារី ដោយ​​សារ​តែ​គាត់​​មាន​ទំនាក់​ទំនង​ពិសេស​នៅ​​ក្នុង​នាម​​ជា​ស្វាមី​​ភរិយា​​ជា​មួយ​លោក​ស្រី អៀង ធីរិទ្ធ និង​មេធាវី​របស់​គាត់​​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​​អនុ​ញ្ញាត​ឱ្យ​ចូល​រួម​ក្នុង​សវនា​ការ​ក្នុង​នាម​ជាអ្នក​សង្កេត​ការណ៍ ដោយ​​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​​ចោទ​​សួរ​អ្វីឡើយ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ការពិនិត្យ​ និងវាយ​តម្លៃ​​ដោយ​អ្នក​ជំនាញ​វេជ្ជ​សាស្ត្រ​ចំនួន​៥​រូប អង្គ​ជំនុំ​ជម្រះ​​​សាលា​ដំបូង​បាន​ធ្វើ​​សេចក្តី​សម្រេច​​មួយ​កាលពីថ្ងៃទី​១៧ វិច្ឆិកា ​២០១១ ​ថា ជនជាប់​ចោទ​​អៀង ​ធីរិទ្ធ  ពុំ​មាន​​សមត្ថ​​ភាព​កាយ​សម្បទា និង​បញ្ញា​ស្មារតី​​គ្រប់​គ្រាន់​​ដើម្បី​​ចូល​រួម​ការ​ជំនុំ​ជម្រះ​ទេ ​ដោយ​សារ​​គាត់​​​មាន​ជំងឺ​វង្វេង​វង្វាន់​ (ឬអាច​ជា​​ជំងឺ​បាត់​​ការ​ចងចាំ) ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕