រាជធានីភ្នំពេញ ៖ ប្រឡាយមេ១ខ្សែប្រវែងជាង១ពាន់ម៉ែត្រដែលជាអតីតប្រឡាយចាស់យូរមកហើយ និងមានសភាពរាក់ទៀតនោះ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ធ្វើការស្តារឡើងវិញ ដើម្បីនាំទឹកពីស្ពានគុណគ្រូតាមប្រឡាយតាហោយកមកស្រោចស្រពស្រូវស្រែប្រជាពលរដ្ឋជាង៣០០ហិកតា ដែលកំពុងជួបគ្រោះរាំងស្ងួតនៅក្នុងភូមិភ្លើងឆេះរទេះ និងភូមិមួយចំនួនទៀតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ។
ដោយមានការណែនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់លោកសាយ ឈុំ អនុប្រធានគណៈពង្រឹងរាជធានីភ្នំពេញ និងលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ សីហា ២០១២ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកគិត សុផា អភិបាលខណ្ឌ ដោយមានការចូលរួមពីសំណាក់លោកហែម ដារិទ្ធិ លោកសេង គន្ធ និងមន្ត្រីការិយាល័យជុំវិញខណ្ឌមួយចំនួន ព្រមទាំងអាជ្ញាធរសង្កាត់ភ្លើងឆេះរទេះបានចុះទៅពិនិត្យមើលសកម្មភាពការស្តារប្រឡាយមេខាងលើនោះនឹងបាននាំយកនូវប្រេងចំនួន១ពាន់លីត្រ និងថវិកាចំនួន២លានរៀលទៅឧបត្ថម្ភរួមចំណែកសម្រាប់ការប្រើប្រាស់ក្នុងការស្តារប្រឡាយមេនោះ និងការដាក់ប្រព័ន្ធលូកាត់ទទឹងផ្លូវ២កន្លែងផងដែរ ។
លោកកង រ៉ុម ចៅសង្កាត់ភ្លើងឆេះរទេះបានថ្លែងឱ្យដឹងថា ប្រឡាយដែលត្រូវស្តារនាពេលនេះមានប្រវែងជាង១ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះសង្កាត់ភ្លើងឆេះរទេះ ដែលជាអតីតប្រឡាយចាស់មានសភាពរាក់ទៅហើយ បើមិនមានការស្តារទេ មិនអាចប្រើប្រាស់បាននោះឡើយ ។ នៅក្នុងរដូវវស្សានេះ ដោយសារគ្មានភ្លៀងហើយប្រឡាយនេះរាក់ទៀតនោះបានធ្វើឱ្យស្រូវសន្ទូងរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិខាងលើជាង៣០០ហិកតា ក្នុងចំនួនដីស្រែសរុប៤៥០ហិកតា ប្រឈមនឹងការស្វិតងាប់ និងទាមទាររកការជួយសង្គ្រោះបន្ទាន់ ដូច្នេះហើយទើបលោកបានរាយការណ៍បន្ទាន់ទៅលោកអភិបាលខណ្ឌដើម្បីរកវិធីជួយសង្គ្រោះស្រូវសន្ទូងខាងលើនោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ