ខេត្តប៉ៃលិន ៖ មានរថយន្តនីស្សាន់ និងហ៊ីយ៉ាន់ដាយ ធុនធំជាច្រើនគ្រឿង ដឹកទំនិញសំពីងសំពោងខ្ពស់កប់ពពករត់នៅលើដងផ្លូវជាតិលេខ៥៧ ជារៀងរាល់ថ្ងៃ តែដូចជាគ្មានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់អើពើ ឬបើកភ្នែកមើលនោះទេ ដោយគេលើកទំនិញដាក់លើដំបូលរួចចងរឹតគ្របកៅស៊ូតង់ដឹកយ៉ាងរំភើយពីបាត់ដំបងទៅច្រកព្រំដែនកម្ពុជា-ថៃ ហើយក៏មានរថយន្តដូចគ្នានេះដែរ បានដឹកទំនិញចេញពីច្រកទ្វារព្រំដែនឆ្លងកាត់ខេត្តប៉ៃលិនទៅខេត្តបាត់ដំបងវិញផងដែរ ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៨ សីហា ២០១២ វេលាម៉ោង៤រសៀល ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវជាតិលេខ៥៧ បាននិយាយថា រថយន្តជាច្រើនគ្រឿងនេះបានដឹកទំនិញសំពីងសំពោងបែបនេះ ជាច្រើន ឆ្នាំមកហើយ តែមិនឃើញមានសមត្ថកិច្ចណាម្នាក់អើពើនោះទេ មានតែមកអង្គុយហូបគុយទាវ ឬក៏ណាត់ជួបគ្នាតាមទូរស័ព្ទចូលខារ៉ាអូខេធ្វើមិនដឹង ទំនងប្រហែលជាម្ចាស់ទំនិញចេញប្រាក់ថ្លៃគុយទាវឱ្យហើយ ពីព្រោះជារៀងរាល់ថ្ងៃពេលដែលរថយន្តដឹកទំនិញចេញមកពីច្រកទ្វារឃើញម្ចាស់រត់ឆ្វាត់ឆ្វែងចូលទៅកន្លែងកាំកុងត្រូលច្រកទ្វារ ទំនងជាស៊ីសស៊ុសគ្នាតូចស៊ីតាមតូច ហើយធំស៊ីតាមធំ ។ រីឯម្ចាស់រថយន្តដឹកទំនិញទាំងនេះអ្នកខ្លះបាននិយាយថា បើមិនដឹកច្រើនបែបនេះទេ មិនចំណេញនោះឡើយ គេដាក់លើដំបូលគ្រាន់តែបង់លុយគយច្រកព្រំដែន ព្រមទាំងគយសាខាខេត្ត និងប៉ូលិសចរាចរណ៍តាមផ្លូវ បើមិនអ៊ីចឹងគេឱ្យរើអីវ៉ាន់មើលពិបាកក្នុងការរុះរើខាតពេល និងអស់ថ្លៃកម្មករ ដូច្នេះទើបដាក់ច្រើនគ្រាន់ចែកចាយសមត្ថកិច្ចថ្លៃលុយបាយ និងលុយកាហ្វេ គុយទាវ សាំង ក៏អាចលើសពីនេះថែមទៀតផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ