អាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីព្រឹកថ្ងៃទី២៨ សីហា ថាជនស៊ីវិល៤នាក់ស្លាប់និង២១នាក់ទៀតត្រូវរបួសក្នុងការវាយប្រហារអត្តឃាតមួយកាលពីយប់ថ្ងៃទី២៧ សីហា ប្រឆាំងប្រមុខប៉ូលិសខេត្តនៅក្រុងកាន់ដាហាទីប្រជុំជនខេត្តមានឈ្មោះដូចគ្នានេះដែរស្ថិតនៅភាគខាងត្បូងអាហ្វហ្គានីស្ថាន ។
ជនអត្តឃាតបានបើកនិងធ្វើឱ្យផ្ទុះរថយន្តបង្កប់គ្រឿងផ្ទុះរបស់គេនៅក្បែក្បួនរថយន្តរបស់ប្រមុខប៉ូលិសខេត្ត កាន់ដាហា ឧត្តមសេនីយ៍អាប់ឌុល រ៉ាហ្ស៊ីក ។ ការវាយប្រហារនេះកើតមានកាលពីយប់ថ្ងៃទី២៧ សីហា វេលាម៉ោងប្រមាណជា២៣និង៤៥នាទីម៉ោងក្នុងស្រុក ដោយសម្លាប់ជនស៊ីវិល៤នាក់ និងធ្វើឱ្យរបួស២១នាក់ទៀត ។
យោងតាមសេចក្តីប្រកាសមួយរបស់អាជ្ញាធរខេត្តថា ការវាយប្រហារគឺសំដៅឧត្តមសេនីយ៍រ៉ាហ្ស៊ីក ដែលបញ្ជូនទៅមន្ទីរពេទ្យក្រោយត្រូវរបួសស្រាលត្រង់មុខនិងដៃ ។ ក្នុងចំណោមអ្នករបួសមាននារី២នាក់ និងកុមារ៨នាក់ ។ សេចក្តីប្រកាសបានចោទប្រកាន់ពួកតាលីបង់ថាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ៕
ចែករំលែកព័តមាននេះ