ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​កម្ពុជា​៥៣​រូប​ចេញ​ទៅ​បំពេញ​​ការ​សិក្សា​នៅ​សហ​គមន៍​​​អឺរ៉ុប​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ថាន​ទូត​សហ​ភាព​អឺរ៉ុប​​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃទី​២៨ សីហា ២០១២ បាន​រៀបចំ​​ពិធីជួប​​សំណេះសំណាល​​ជូន​ដំណើរ​និស្សិត​អាហា​រូបករណ៍​ចំនួន​៥៣​នាក់​ដែលចេញទៅ​បំពេញ​ការ​សិក្សា​​នៅ​តាម​បណ្តា​ប្រទេស​​សហ​ភាពអឺរ៉ុប​​ក្នុង​ឆ្នាំ​​សិក្សា​​២០១២-២០១៣ នេះ ។

​លោក Jean Francois Cautain ប្រធាន​ប្រតិភូ​​សហ​ភាពអឺរ៉ុប​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​នា​ឱកាស​​នោះថា កម្មវិធី​អាហារូប​ករណ៍​ Erasmus Mundus គឺជា​​កម្មវិធី​ចល័ត​ភាព​បំផុត​មួយ​របស់​សហ​ភាព​អឺរ៉ុប​​ក្នុង​ចំណោម​កម្ម​វិធី​​ចល័ត​ភាព​ធំបំផុត​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​ដោយ​មាន​ទំនាក់​ទំនង​​ទៅ​នឹង​​គ្រឹះស្ថាន​​អប់រំ​កម្រិត​​ឧត្តម​សិក្សា​​​របស់​ប្រទេស​នានា​​ទូទាំង​ពិភព​លោក ។ លោក​បន្តថា ​ចាប់​តាំងពី​កម្ម​វិធីអាហារូប​ករណ៍ Erasmus Mundus ត្រូវ​​បាន​បង្កើត​នៅ​ឆ្នាំ​២០០៤ ​មក​មាន​និស្សិត​កម្ពុជា​សរុប​ចំនួន​១៧​រូប ត្រូវ​បាន​ជ្រើសរើស​​ក្នុង​ដំណាក់​កាល​ទី​១ ដើម្បី​ចូល​សិក្សា​រួម​ថ្នាក់​​អនុ​បណ្ឌិត​រយៈ​ពេល​៤​ឆ្នាំ ហើយ​និស្សិត​​កម្ពុជា​ចំនួន​៦៦​រូប​ទៀត​បាន​ចូលរួម​បន្ត​​ការ​​សិក្សា​រយៈ​ពេល​ខ្លី​​នៅ​សភាព​អឺរ៉ុប​ផងដែរ ។ ​ចំណែក​ដំណាក់​​កាល​ទី២​និស្សិត​​ដែល​ទទួល​បាន​អាហារូប​ករណ៍​​ចូលសិក្សា​ក្នុងកម្មវិធី​ សិក្សា​​ចល័ត​ភាពរយៈ​ពេល​ខ្លី​ក្រោម​កម្មវិធី​អាហារូបត្ថម្ភ​ Erasmus Mundus ក្នុង​មួយ​ឆ្នាំៗ​​មាន​ចំនួន​កើន​ឡើង​ជិត​២​ដង​ឯណោះ ។

​លោក Jean Francois Cautainបាន​បញ្ជាក់​ផងដែរ​ថា ក្រៅពី​វគ្គ​សិក្សា​រួម​ថ្នាក់​អនុ​បណ្ឌិត​​ និងថ្នាក់​បណ្ឌិត ​ដែល​ជា​កម្មវិធី​ដើម​របស់​សហ​ភាព​​អឺរ៉ុប​ គម្រោង​​ភាពជាដៃ​គូរវាង​សាកល​វិទ្យា​​ល័យ​នៅអឺរ៉ុប និង​​សាកល​វិទ្យា​ល័យ​នៅអាស៊ី​ក៏​ត្រូវបាន​បង្កើត​​ឡើង​ជារៀង​រាល់​​ឆ្នាំ​ក្រោម​​កម្មវិធី​​​អាហារូបករណ៍​ Erasmus Mundus ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕