ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាល​ ហ្វ្រច់​ការ​ពារ​ខ្សែ​ក្រវាត់ ​IBF ​របស់​ខ្លួន​ប្រឆាំង​កីឡា​ករ​អា​មេ​រិ​ក Yusaf Mack​ថ្ងៃ​ទី​១៧​វិច្ឆិកា​នៅ​អង់​គ្លេស

13 ឆ្នាំ មុន

កីឡា​ករ​​ប្រ​ដាល់​​អង់​​គ្លេស​​ខាល ហ្វ្រច់​​នឹង​​ឡើង​​​សង្វៀន​​ប្រ​កួត​​ការ​​ពារ​​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBFក្នុង​ប្រ​ភេទទម្ងន់​Super-Middleweight​​(៧៦.២គីឡូ​ក្រាម​)​របស់​ខ្លួន​ជា​លើក​ទី​១​ប្រ​ឆាំង​នឹង​កីឡាករ​អា​មេរិក​ Yusaf Mack​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ។ ការ​ប្រ​កួត​ត្រូវ​គេ​គ្រោង​ធ្វើ​នៅ​សង្វៀន Capital FM Arena​ ស​​្ថ​ិត​ក្នុង​ទី​ក្រុង​ Nottingham ប្រ​ទេស​អង់​គ្លេស​។

ហ្វ្រច់​បាន​ក្លាយ​ទៅ​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក​៣​ជំ​នាន់​និង​ជា​ម្ចាស់ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF​​​បន្ទាប់​ពី​បាន​ផ្តួលកី​​ឡាករ​កា​ណា​ដា លូ​ស៊ាន ប៊ូត​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៥​នៅ​សង្វៀន Capital FM Arena​ កាល​ពី​ខែ​ឧសភា​កន្លង​មក​ ។ កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​បាន​ថ្លែងថា ៖«ចាប់​តាំង​ពី​បាន​បំ​បាក់​លូ​ស៊ាន ប៊ូត​មក​ ខ្ញុំ​គិត​ថា មនុស្ស​កាន់​តែ​ច្រើន​បាន​ដឹង​ថា ខ្ញុំ​ក្នុង​ពេល​ឥឡូវ​នេះ​ គឺ​ជា​កីឡាករ​ស្ថិត​នៅ​លំ​ដាប់​កំពូល​មួយ​រូប​ហើយ​ខ្ញុំ​សម​នឹង​ទទួល​បាន​ការ​គោ​រព​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។

តែ​យ៉ាង​ណា ខ្ញុំ​បាន​ទុក​រឿង​នោះ​មួយ​ឡែក ។ ពេល​នេះ​​ខ្ញុំ​មាន​ឈ្មោះ​ល្បី​ ហើយ​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ ។ បើ​ទោះ​ណា ខ្ញុំ​អា​យុ​៣៥​ឆ្នាំ​ហើយ​ក្តី តែ​នៅ​តែ​​ពេញ​ចិត្ត ។ នៅ​មាន​ការ​ប្រ​កួត​ធំ​ៗ​មួយ​ចំ​នួន​ក្នុង​ថ្ងៃ​ខាង​មុខ ។ ខ្ញុំ​មាន​ក្រុម​ហ៊ុន​រៀប​ចំ​ការ​ប្រ​កួត​ដ៏​ល្អ​បំ​ផុត​នៅ​ក្នុង​ប្រ​ទេស​ »។ និយាយ​ពី​ការ​ជួប​ជា​មួយ​កីឡាករ Mack​ក្នុង​ពេល​ខាង​មុខ ហ្វ្រច់​មិន​ហ៊ាន​មើល​ស្រាល​គូ​ប្រ​កួត​ឡើយ ។ «ខ្ញុំ​បាន​ស្គាល់​គេ​យ៉ាង​ច្បាស់​ ។ គេ​ជា​កីឡាករ​ស្ថិត​ក្នុង​លំ​ដាប់​កមពូល​ទាំង​១០​ ។

នៅ​ក្នុង​ប្រ​ភេទទម្ងន់នេះ កាល​ពី​ពេល​មុន គេ​ស្ថិត​នៅ​លំដាប់​ទី​៤ តែ​ឥឡូវ​លំ​ដាប់​ទី​៦ ហើយ​កីឡាករ​ណា​ដែល​ស្ថិត​ក្នុង​​ចំ​ណាត់​ថ្នាក់​នេះ​មាន​សិទ្ធិ​ឡើង​វាយ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក​បាន ។ ដោយ​សាតែ​គេ​មក​​ប្រ​កួត​ជា​មួយ​ខ្ញុំ​ដល់​ស្រុក​កំណើត​ ដូច្នេះ​គេ​ពិត​នឹង​មាន​អ្វី​ពិ​សេស​ជាង​ពេល​ធម្ម​តា​២០​ភាគ​រយ​ តែ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ដើម្បី​ផ្តល់​មេរៀន​ដល់​អ្នក​ដែល​គិត​ចង់​មក​យក​ខ្សែ​ក្រវាត់​ពី​ខ្ញុំ ។​ ដូច្នេះ​ហើយ ខ្ញុំ​មិន​អាច​មើល​ស្រាល​លើ​រូប​គេ​បាន​ទេ»​ ។​

ហ្វ្រច់​មាន​ឯតទគ្គកម្ម​ប្រ​កួតឈ្នះ​២៩​លើក ចាញ់​២​ និង​ផ្តួល​ដៃគូ​ប្រ​កួត​ឱ្យ​សន្លប់​ចំ​នួន​ ២១​លើក ។ ចំណែក​កីឡាករ​វ័យ​៣២ឆ្នាំ Yusaf Mack​វិញ​​បាន​អួត​ក្តែង​ៗ​ថា ខ្លួន​មាន​សមត្ថ​ភាព​​កំទេច​ខាល ហ្វ្រច់​បាន ។ ចាប់​ពី​ត្រូវ​សន្លប់​ក្រោម​កណ្តាប់​ដៃ​កីឡាករ Librado Andrade​ក្នុង​ឆ្នាំ ២០០៧​មក Mack​មិន​​បាន​ចេញ​ប្រ​កួត​នោះ​ទេ ។​ ប៉ុន្តែ​កាល​ពី​ខែ​កក្ក​ដា​កន្លង​មក​នេះ គេ​ឡើង​ប្រ​កួត​ជា​មួយ​កីឡាករ Sabou Ballogou​ក្នុង​ប្រ​ភេទ​ទម្ងន់​ ៧៩គីឡូ​ក្រាម​ ។ គេ​មិន​ដែល​មាន​ប្រ​វត្តិ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក​ណា​ម្តង​ឡើយ​ ប៉ុន្តែ​កីឡាករ​អា​មេរិក​រូប​នេះ​មាន​ជំ​នឿ​ចិត្ត​ថា ខ្លួន​ពិត​ជា​អាច​ធ្វើ​ឱ្យ​ខាល ហ្វ្រច់​រន្ធត់​ចិត្ត​ ។

«​គ្រប់​ៗ​គ្នា​ដឹង​ថា​ ខ្ញុំ​នេះ​រាល់​ការ​ប្រ​កួត​អាចស៊ូ​បាន​តែ​៦-៧​ទឹក​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ប្រ​កួត​ដ៏​ធំ​ចុង​ក្រោយ ខ្ញុំ​បាន​ផ្តួល​កីឡាករ​ Omar Sheika​ក្នុង​ទឹក​ទី​១២ ។ ជា​ទម្លាប់​ខ្ញុំ​ចូល​ចិត្ត​មើល​ស្រាល​គូ​ប្រ​កួត​ ។ នៅ​ពេល​ដែល​ការ​ត្រៀម​ខ្លួន​របស់​ខ្ញុំ​បាន​រួច​រាល់ ខ្ញុំ​មិន​គិត​ថា អ្នក​ណា​ម្នាក់​អាច​ឈ្នះ​ខ្ញុំ​បាន​នោះ​ទេ»។Mack​ធ្លាប់​ប្រ​កួត​ឈ្នះ​៣១លើក ចាញ់​៤ ស្មើ​២ និង​ផ្តួល​គូ​ប្រ​កួត​ឱ្យ​សន្លប់​បាន​១៧​លើក​ ៕