រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងការផ្តល់ព័ត៌មានដល់ភ្ញៀវទេសចរមកទស្សនាកម្ពុជានោះ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា (SCA) រៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបញ្ជរព័ត៌មានទេសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៨ សីហា ២០១២ ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
ថ្លែងក្នុងពិធីសម្ពោធនោះលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួងទេសចរណ៍ និងដៃគូផ្សេងៗទៀតដើម្បីបំផុសសកម្មភាពផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
លោកថោង ខុន បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបតាមតម្រូវការបច្ចុប្បន្ន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការពង្រឹងគុណភាព ឧស្សាហកម្ម សេវាកម្មទេសចរណ៍ នៅកម្ពុជា ក្រសួងទេសចរណ៍បានខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយ ទាំងក្នុងប្រទេស ក្នុងតំបន់ និងលើឆាកអន្តរជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គេហទំព័រ ក្រសួងទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេសល្បីៗជាច្រើនដូចជា តាមរយៈ CN N របស់អាមេរិក និង CCTV របស់ចិនជាដើម សំដៅធ្វើយ៉ាងណាផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្អៗរបស់យើង និងផ្តល់ព័ត៌មានឱ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ក្នុងការមកទស្សនាកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។ លោកបន្តថា យើងមានគោលដៅទេសចរណ៍ជាច្រើន ដែលត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ តាមរយៈមរតកវប្បធម៌ ប្រវត្តិសាស្ត្រ ប្រាង្គប្រាសាទដែលជាកេរមរតក និងស្នាដៃរបស់មនុស្សជាតិដ៏គួរឱ្យស្ញប់ស្ញែង ពិសេសប្រាសាទអង្គរវត្តដែលជាបេតិកភ័ណ្ឌពិភពលោកដ៏ល្បីល្បាញ តំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ភាពស្រស់ត្រកាលនៃតំបន់ទេសចរណ៍ធម្មជាតិ សត្វផ្សោត ទន្លេមេគង្គ និងតំបន់អេកូទេសចរណ៍ជាច្រើនទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ