ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី២៥ សីហា ប្រតិភូស្រុកអូរជ្រៅចំនួនជាង៣០នាក់ដែលដឹកនាំដោយលោកកែវ សែន អភិបាលស្រុកទទួលការអញ្ជើញពីភាគីថៃ ឱ្យទៅធ្វើទស្សនកិច្ចនៅស្រុកគោកធ្យូង ក្នុងបំណងរឹតចំណងមិត្តភាពនៃស្រុកទាំង២ ។ ឆ្លៀតពេលនោះភាគីថៃអញ្ជើញប្រតិភូខ្មែរយើងទៅទស្សនាប្រាសាទស្តុកកក់ធំ ដែលជាកេរដំណែលរបស់ខ្មែរ តែសព្វថ្ងៃគ្រប់គ្រងដោយថៃនៅទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅផងដែរ ។
លោកវុឌ្ឍីដាកណៃ សាវ៉ាតឌីណាត់រីណាត អភិបាលស្រុកគោកធ្យូង របស់ថៃ និងមន្ត្រីស៊ីវិល កងកម្លាំងប្រដាប់អាវុធបានទទួលប្រតិភូកម្ពុជាយើង ក្នុងក្បួនរថយន្តផ្ទាល់ខ្លួននៅត្រង់ចំណុចទីតាំងដែលគ្រោងបើកច្រកព្រំដែនតំបន់ថ្មី ណូនម៉ាក់មុន-បឹងស្នោ ដោយធ្វើដំណើរកាត់តាមផ្លូវកៅស៊ូ ក្រវាត់ព្រំដែនថៃ និងផ្លូវលំដីក្រហមកាត់ចម្ការដំណាំចូលពីក្រោយ រួចឡើងផ្លូវកៅស៊ូចំពីមុខប្រាសាទវិញ ។
ប្រាសាទស្តុកកក់ធំនេះ សាងសង់អំពីថ្មភក់ជាកេរដំណែលរបស់ដូនតាខ្មែរ ឥឡូវនេះគួរឱ្យសោកស្តាយណាស់ ស្ថិតក្នុងការគ្រប់គ្រងដោយថៃទៅវិញ ។មគ្គុទ្ទេសទេសចរណ៍ថៃម្នាក់រៀបរាប់ប្រាប់ប្រតិភូកម្ពុជាថា ប្រាសាទស្តុកកក់ធំសាងសង់ក្បែរព្រៃកក់ដ៏ធំមួយ និងព័ទ្ធដោយព្រៃឈើដ៏មានម្លប់ត្រឈឹងត្រឈៃ តែពេលនេះព្រៃក្រាស់ជុំវិញនោះត្រូវបាត់បង់ ក្លាយទៅជាដីចម្ការ និងស្រែរបស់អ្នកភូមិ ហើយពលរដ្ឋថៃនៅទីនោះមួយចំនួនធំដើមកំណើតខ្មែរ ។
ប្រភពពីជនជាតិថៃដដែលបន្តថា ប្រាសាទស្តុកកក់ធំសង់អំពីថ្មភក់ មានកំពូលកណ្តាលខ្ពស់សន្លឹម ក្នុងនោះមានតម្កល់រូបយោនីនាងឧមា ដែលមានសភាពបាក់បែក ។ ប្រាសាទនេះកសាងឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ។ ប្រាសាទរងគ្រោះធ្ងន់ដោយជនទុច្ចរិត គាស់កាយស្ទើររាបដល់ដី តែអាជ្ញាធរជំនាញវប្បធម៌ថៃបានជួសជុលស្ទើររួចរាល់ ហើយនៅបន្តជួសជុលថែមទៀត ក្នុងនោះមានកម្មករមកពីប្រទេសកម្ពុជាផងដែរ ។ ការជួសជុលប្រាសាទប្រើថ្មថ្មី មិនបានឆ្លាក់និងរៀបឱ្យបានត្រឹមត្រូវដូចដើមទេ ។
មគ្គុទ្ទេសទេសចរណ៍ថៃបញ្ជាក់ថា ប្រាសាទស្តុកកក់ធំទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ។លោកកែវ សែន អភិបាលស្រុកអូរជ្រៅ និងប្រតិភូរួមដំណើរត្រូវលោកវុឌ្ឍីដាកណៃ សាវ៉ាតរីណាត អភិបាលស្រុកគោកធ្យូងនាំទៅចូលរួមក្នុងពិធីជប់លៀងមិត្តភាព នៅភោជនីយដ្ឋានល្បីឈ្មោះមួយនាទីរួមស្រុកគោកធ្យូង ស្ថិតនៅចម្ងាយជាង១០គីឡូម៉ែត្រពីព្រំដែនកម្ពុជា ។
តាមប្រសាសន៍របស់លោកបណ្ឌិត មីសែល ត្រាណេ អ្នកជំនាញវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរប្រាប់នៅថ្ងៃទី២៥ សីហា ថា តាមសិលាចារឹក K ២៤៣នៅសារមន្ទីរជាតិថៃរាជធានីបាងកក(យកពីប្រាសាទស្តុកកក់ធំ) ដែលមាន៣៤០បន្ទាត់ឱ្យដឹងថា ប្រាសាទស្តុកកក់ធំជាប្រាសាទបុរាណខ្មែរកសាងនៅគ្រឹស្តសករាជ១០៥៣(សតវត្សទី១១)ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យវរ្ម័នទី២ សង់អំពីថ្មភក់មានកំពែងធំចំកណ្តាលទំហំ១២០ម៉ែត្រគុណ១២០ម៉ែត្រ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ។
លោកបណ្ឌិតមីសែល ត្រាណេ បន្តថា ប្រាសាទនេះជាកេរដំណែលវប្បធម៌ សិល្បៈ និងប្រវត្តិសាស្ត្រខ្មែរកសាងឡើងតាំងពីជនជាតិសៀម ដែលក្រោយមកហៅថា ថៃ ពុំទាន់មានទឹកដី រដ្ឋ និងវប្បធម៌មកម៉្លេះ ប៉ុន្តែការប្រែប្រួលឥឡូវនេះគឺប្រាសាទស្តុកកក់ធំ ស្ថិតក្នុងការគ្រប់គ្រងដោយថៃហើយ ។ អំឡុងឆ្នាំ១៩៩២-១៩៩៣ ប្រាសាទនៅជាគំនរបាក់បែក តែថៃបានជួសជុលមានរាងទៅជាប្រាសាទឡើងវិញ ។
យោងតាមអតីតជនភៀសខ្លួនខ្មែរមួយចំនួននៅជំរំប្ញទ្ធិសែន ដែលមានតាសាលួតជាប្រធាននិយាយថា នៅទសវត្សទី៨០ ប្រាសាទស្តុកកក់ធំ គឺគ្រប់គ្រងដោយរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ(KP) ។ ទីនោះមានសង់វត្តមួយឈ្មោះវត្តប្រាសាទសិរីដែលអ្នកស្រុកហៅថា សេរីទៅវិញ ដោយមានព្រះតេជគុណពិន សែម ជាស្ថាបនិក និងជាចៅអធិការវត្ត ។
ព្រះអង្គពិន សែម សព្វថ្ងៃជារាជាគណៈថ្នាក់ទោគង់នៅវត្តបូព៌ក្រុងសៀមរាប ។វត្តសិរីស្ថិតនៅជ្រុងនិរតីនៃប្រាសាទស្តុកកក់ធំ ។ កាលពីទសវត្សទី៨០ នៅខាងលិចប្រាសាទ៣គីឡូម៉ែត្រមានផ្លូវក្រួសថៃ១ខ្សែ និងមានលេណដ្ឋាន១ខ្សែការពារព្រំដែនបានខណ្ឌព្រំដែនកម្ពុជា-ថៃនៅទីនោះ ៕


ចែករំលែកព័តមាននេះ