ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កី​ឡា​ករ​អា​ល្លឺ​ម៉ង់ ​Degenkolb​ឈ្នះ​ដំណាក់​ទី​១០​ប្រណាំង​កង់​ក្រប​ខណ្ឌ Tour of Spain​នៅ​អេ​ស្ប៉ាញ

13 ឆ្នាំ មុន

កីឡា​ករ​​អា​​ល្លឺ​​ម៉ង់​ John Degenkolb​ទទួល​​បាន​​ក្តី​​រីក​​រាយ​​ជា​​ថ្មី​​ម្តង​​ទៀត​​​បន្ទាប់​​ពី​​បាន​យក​ឈ្នះ​ណាក់​ទី​១០​​នៃការ​ប្រណាំង​កង់​កម្ម​វិធី​ Tour of Spain​​នៅ​ប្រទេសអេស្ប៉ាញ​​​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៨​ខែ​សី​ហា​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Sanxenxo។

Degenkolb​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​Argos-Shimano​​បាន​យក​ឈ្នះ​ដំណាក់​​​​មាន​ចម្ងាយ​ផ្លូវ​១៩០​​​គីឡូម៉ែត្រ​ដោ​យការ​ប្រ​ណាំ​ង​ចេញ​ដំណើរ​ពី​ទី​ក្រុង​ Ponteareasឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Sanxenxo​ប្រ​ទេស​អេស្ប៉ាញ​​​ ។​ Degenkolb​​​​​​បាន​​​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំ​ផុត​គឺ​៤​ម៉ោង​៤៧​​​​នាទី​និង២៤​​​​វិនាទី​យក​ឈ្នះ​កីឡាករបា​រាំង​ Nacer Bouhanniជិះ​ឱ្យ​​ក្រុម FDJ-Big Mat និង​​បានយក​ឈ្នះ​កីឡាករ​អុីតា​លី​​​​ Daniele Bennati ជិះ​ឱ្យ​ក្រុម​ Radioshack-Nissan​ដែល​ទាំង​២​នាក់​​​ប្រើ​ថិរវេលា​ស្មើៗគ្នា។​

សម្រាប់​ ​Degenkolb នេះ​គឺ​ជា​ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​លើក​ទី​៣ហើយ​ខណៈ​ជ័យ​ជម្នះ​លើក​ទី​១​​​គឺ​នៅ​ក្នុង​ដំ​ណាក់​ទី​២និង​លើក​ទី​២​ក្នុង​ដំ​ណាក់​ទី​៥​ ។ ​គេ​បាន​ថ្លែង​ក្នុង​ក្តី​រីក​រាយ​ថា​​៖«ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​យក​ឈ្នះ​១ដំណាក់​ជា​ថ្មី​ទៀត​​។ នេះ​ពិត​ជា​ជ័យ​ជម្នះ​​យ៉ាង​ពិ​សេស​មួយ​​ដ្បិត​ការ​ប្រណាំង​នៅ​ដំណាក់​នេះ​ប្រជុំ​ទៅ​ដោយ​កីឡាករ​ជើង​ខ្លាំង​ជាច្រើន​។ សង្ឃឹម​ថា​ជ័យ​ជម្នះ​នៅ​ដំណាក់​ក្រោយៗ​គឺ​​ជា​របស់​ខ្ញុំ​​​ទៀត។ ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឱ្យ​​អស់​ពី​លទ្ធភាព​ដើម្បី​បន្ត​និរន្ត​រ៍​ភាព​នៃ​ជ័យ​ជម្នះ​»​​។​បើ​ទោះ​ជា​រូប​គេ​​បាន​យក​ឈ្នះ​ការ​ប្រ​ណាំង​ក្នុង​ដំណាក់​ជា​លើក​ទី​៣​​ក្តី​ ​ក៏​ប៉ុន្តែ​នៅ​លើ​តា​រាង​​​ពេល​ថិរ​វេលា​សរុប​ រូប​គេ​​នៅ​តែ​​ពុំ​​ទាន់​អាច​ដណ្តើម​បាន​ការ​នាំ​មុខ​ជា​ដដែល​ ​ដ្បិត​កីឡាករ​អេស្ប៉ាញ ​Joaquim Rodriguez​ដែល​បាន​បញ្ចប់​ដំណាក់​នេះ​ក្នុង​លំ​ដាប់ទី​៤៦​​នោះ​ សន្សំ​​ពេល​​វេលា​បាន​យ៉ាង​ល្អ​បំ​ផុត​​​គ្រង​អាវ​កាក់​ពណ៌​ក្រ​ហម​ក្នុង​នាម​ជា​អ្នក​​នាំ​មុខ​គេសម្រាប់​ការ​ប្រ​ណាំង​​ដដែល​​​ ។

ឆ្លង​កាត់​ការ​ប្រណាំង​ចំនួន​១០​ដំណាក់​មក​នេះ​  Joaquim Rodriguez​​​ដែល​ជិះ​​ឱ្យ​​ក្រុម​ Katusha Teamបាន​ប្រើ​អស់​​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ​៣៩ម៉ោង​និង៣២​នា​ទី​និង២៣​​វិនាទី​នាំ​មុខ​កីឡាករ​​អង់​គ្លេស​​ ​Christopher Froome​​​ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង​៥៣​វិ​នា​ទី​។ ចំ​ណែក​កីឡាករ​អេស្ប៉ាញ​ម្នាក់​ទៀត​អាល់​បឺ​តូ​ កុង​តា​ឌ័រ​ស្ថិត​នៅ​លំ​ដាប់​ទី​៣បន្ទាប់​ពី​បាន​ប្រើ​ថិរ​វេលា​ច្រើន​ជាង​កីឡាករ​ Rodriguez ១នា​ទី ។​

សូម​បញ្ជាក់​ថា​ការ​ប្រណាំងកម្ម​វិធី​ Tour of Spain​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣៣៦០គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក​​់​ទី​១១ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ៣៩.៤​​​​​​​គីឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំង​ចាប់​ចេញ​ដំណើរ​ពី​ទី​ក្រុង Cambados ​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Pontevedra​​ប្រ​ទេ​សអេស្ប៉ាញ​​ ៕