ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូ​ឌិក វេ​នីស​និង​រែ​ដ​វ៉ាន់​ស្កា​ឈាន​ចូល​ដល់​ជុំ​ទី​២​ប្រកួត​វាយ​កូន​បាល់​ក្រប​ខណ្ឌ​ U.S​ Open

13 ឆ្នាំ មុន

អ៊ែន​ឌី រ៉ូ​ឌិក​និង​នាង​វេនីស​ វី​លៀម​អតី​ត​ម្ចាស់​ជើង​ឯក​រួមនឹង​នាង​អា​នី​យ៉េស្កា រែដ​វ៉ាន់​ស្កា​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២​ក្រប​ខណ្ឌ U.S Open​កាល​ពី​ថ្ងៃ​អង្គារ​ខណៈ​កីឡាករ​ការ​ពារ​ជើង​ឯក​សញ្ជាតិ​ស៊ែ​ប៊ី​ណូ​វ៉ាក៉​យ៉ូ​កូ​វិច​ព្រ​ម​ទាំង​នាង​ស៊េរី​ណា វី​លៀម​កំពុង​ត្រៀម​ខ្លួន​បញ្ចេញ​នូវ​អ្វី​ដែល​ខ្លួន​មាន ។

រ៉ូ​ឌិក​​ដែល​​បាន​​ក្លាយ​​ជា​​ម្ចាស់​​ពាន​​ជើង​​ឯក​​ក្រប​​ខណ្ឌ​ធំ​​ចុង​​ក្រោយ​របស់​អា​មេរិក​ខណៈ​គេ​ដណ្តើម​​ពាន​ U.S Openឆ្នាំ ២០០៣​បាន​យក​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​របស់​ខ្លួន​ Rhyne Williams​យ៉ាង​ងាយ​ស្រួល ។ ជា​មួយ​នឹង​លទ្ធផល​ជ័យ​ជម្នះ​៣​សិត​ទល់​នឹង​សូន្យ ៦-៣,៦-៤​និង​៦-៤​គឺ​ជា​ការ​បើក​​ផ្លូវ​ដ៏​រលូន​មួយ​នៃ​ការ​បង្ហាញ​ខ្លួន​ក្នុង​ក្រប​ខណ្ឌធំ​មួយ​នេះ​ជា​លើក​ទី​១៣ ។ មួយ​វិញ​ទៀត​ជ័យ​ជម្នះ​នេះ​ វា​បាន​កើត​មាន​មុន​ថ្ងៃ​ខួប​កំណើត​៣០​ឆ្នាំ​របស់​គេ​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ។​

កីឡាករ​លំ​ដាប់​ទី​២០​ក្នុង​កម្ម​វិធី​រូប​នេះ​បាន​ថ្លែង​ថា ៖«ខ្ញុំ​គិត​ថា ការ​ប្រ​កួត​កាន់​តែ​ត្រូវ​ប្រើ​កម្លាំង​កាយ​ច្រើន​ហើយ »។ នៅ​ជុំ​បន្ទាប់​ រ៉ូ​ឌិក​នឹង​ប៉ះ​ជា​មួយ​កីឡាករ​អូ​ស្ត្រា​លី Bernard Tomic ឬកីឡាករ​ Carlos Berlocq ។ នាង​វេនីស វីលៀម​ដែល​ជា​ម្ចាស់​ពាន​ឆ្នាំ​​២០០០​និង​២០០១​ក៏​បាន​ឡើងទៅ​ជុំ​បន្ត​ផង​ដែរ​បន្ទាប់ពី​បាន​បំ​បាក់​កីឡាការិនី​មិត្ត​រួម​ជាតិ​ខ្លួន Bethanie Mattek-Sands​ក្នុង​លទ្ធផល​៦-៣​និង​៦-១ ។​

វេនីស​ វី​លៀម​ដែល​នេះ​ជា​ការ​ចូល​រួម​លើក​ទី​១៤​របស់​នាង​បាន​អវត្ត​មាន​ពី​កម្ម​វិធី​ប្រ​កួត​ចំ​នួន​៩​ខែ​បន្ទាប់​ពី​មាន​ជំ​ងឺ​ហើយ​វិល​ចូល​ប្រ​កួត​លើក​នេះ​ក្នុង​នាម​ជា​កីឡាការិនី​លំ​ដាប់​ទី​៤៦ ។​ ជ័យ​ជម្នះ​ពេល​នេះ​គឺ​ជា​ការ​លួង​លោម​មួយ​ចំពោះ​ការ​ឈឺ​ចាប់​នៃ​ការ​បរា​ជ័យ​ក្នុង​ជុំ​ដំ​បូង​របស់​នាង​ក្នុង​ក្រប​ខណ្ឌធំ Wimbledon ខែ​កក្ក​ដា​កន្លង​មកផង​ដែរ​ ។​​នៅ​ជុំ​បន្ទាប់​ កីឡាការិនី​វ័យ​៣២​ឆ្នាំ​រូបនេះ​នឹង​ប៉ះ​ជា​មួយ​កីឡាការិនី​អា​ល្លឺ​ម៉ង់ Angelique Kerber​ដែល​បាន​ផ្តួល​នាង​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ ២០១២ ។​

ចំណែក​នាង​អា​នី​យ៉េស្កា រែដ​វ៉ាន់​ស្កា​ជ័យ​លាភី​លេខ២​ក្រប​ខណ្ឌ Wimbledonឆ្នាំ ២០១២​និង​កីឡាការិនី​ស៊ែ​ប៊ី​អា​ណា អុី​វ៉ា​ណូ​វិច​ក៏​បានឆ្លង​ផុត​ជុំ​ទី​១​ផង​ដែរ ។ ទាំង​នាង​រែដវ៉ាន់​ស្កា​និង​នាង​អុី​វ៉ា​ណូ​វិច​សុទ្ធ​តែ​មិន​ធ្លាប់​មាន​ប្រ​វត្តិ​ឆ្លង​ផុត​ពី​ជុំ​ទី​៤​ក្រប​ខណ្ឌ U.S Open​នេះ​ទេ​ពី​មុន​មក ប៉ុន្តែ​ក្នុង​ក្រប​ខណ្ឌ​ធំ​៣​ផ្សេង​ទៀត​ ពួក​គេ​ធ្លាប់​បាន​​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ ។ សម្រាប់​រែដ​វ៉ាន់​ស្កា​ លទ្ធផល​​ដ៏​ល្អ​បំ​ផុត​របស់​នាង​នៅ​ទី​នេះ​គឺ​ក្នុង​ឆ្នាំ​២០០៧​ ប៉ុន្តែ​នៅ​ឆ្នាំ ២០១១​ នាង​ធ្លាក់​ត្រឹម​ជុំ​ទី​២​ ។ ជ័យ​ជម្នះ​លើក​នេះ​កើត​មាន​បន្ទាប់​ពី​​នាង​បាន​បំ​បាក់​កីឡាការិនី​រុស្ស៊ី Nina Bratchikova​ក្នុង​លទ្ធផល​ ៦-១​និង​៦-១ ។​

នៅ​ជុំ​បន្ទាប់​ នាង​នឹង​ប៉ះ​ជា​មួយ​កីឡា​ការិ​នី​អេស្ប៉ាញ Carla Suarez Navarro។ សូម​បញ្ជាក់​ថា រែដ​វ៉ាន់​ស្កា​គឺ​ជា​កីឡាការិនី​ប៉ូ​ឡូញ​ដំ​បូង​គេ​ដែល​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រប​ខណ្ឌ Wimbledon​កាល​ពី​ខែ​កន្លង​ទៅ​ ។ កីឡាការិនី​​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​ថ្លែង​ថា ៖«ចូល​ប្រ​កួត​ក្នុង​នាម​ជា​កីឡាការិនី​ចំ​ណាត់​ថ្នាក់​លេខ២​របស់​កម្ម​វិធី​គឺ​ពិត​ជា​ពិ​បាក​បន្តិច​ហើយ ។  នេះ​ក៏​ព្រោះ​តែ​មនុស្ស​ជាច្រើន​សង្ឃឹម​ថា ការ​ប្រ​កួត​របស់​យើង​ពិត​ជា​បាន​ល្អ​ហើយ​អាច​​បន្ត​​បាន​យូរ​ ។ ប៉ុន្តែ​យ៉ាង​​ណា ខ្ញុំ​មិន​គិត​អំពី​សម្ពាធ​ទាំង​នោះ​ទេ ។ ខ្ញុំ​គ្មាន​ពិន្ទុ​ណា​ពី​ឆ្នាំ​មុន​ដែល​ត្រូវ​ការ​ពារ​នោះ​ទេ ហើយ​នេះ​ក៏​ជា​រឿង​ល្អ​មួយ​ផង​ដែរ »​។​​រែដ​វ៉ាន់​ស្កា​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា របួស​ស្មា​ស្តាំ​របស់​ខ្លួន​នៅ​តែ​បង្ក​ជា​ឧបសគ្គ​សម្រាប់​នាង​នៅ​ឡើយ ។

សម្រាប់នាង​អុី​វ៉ា​ណូ​វិច​វិញ​ គឺ​នាង​ធ្លាប់​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៤​ក្រប​ខណ្ឌ​នេះ​ចំ​នួន​៣លើក​(ឆ្នាំ​២០០៧, ២០១០​និង​ ២០១១)​ ។ ជ័យ​ជម្នះ​ក្នុង​ជុំទី​១​លើក​នេះ​កើត​មាន​ក្រោយ​ពី​នាង​បាន​បំ​បាក់​កីឡាការិនី​វ័យ​១៧​ឆ្នាំ​របស់​អ៊ុយ​ក្រែន Elina Svitolinaក្នុង​លទ្ធផល​៦-៣​និង​៦-២ ។ នៅ​ជុំ​បន្ទាប់​នាង​នឹង​ប៉ះ​ជា​មួយ​កីឡាការិនី​ស៊ុយ​អែត Sofia Arvidssonដែល​បាន​បំ​បាក់​​កីឡា​ការ​ិនី​វ័យ​៤១​ឆ្នាំ​របស់​ជប៉ុន​ Kimiko Date Krumm​ក្នុង​លទ្ធផល​​ ៦-៤​និង​៦-២ ។​ ចំណែក​នាង​ ប៉េង ស៊ូ​​អាយ​កីឡាការិនី​ក្តី​សង្ឃឹម​អា​ស៊ី​​បាន​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​រុស្ស៊ី​ Elena Vesnina​ក្នុង​លទ្ធផល ៧-៦និង​៦-១ ៕