ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ប្រើអំពើហិង្សាដោយសហព័ទ្ធទាញដំបងឫស្សីវាយប្រពន្ធចំនួន១០ដំបង បណ្តាលឱ្យរងរបួសយ៉ាងដំណំត្រូវនគរបាលចាប់ឃាត់ខ្លួន ។ ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៧ សីហា ២០១២ នៅភូមិក្រសាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។
លោកវរសេនីយ៍ត្រី កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា បុរសល្មើសជាប្តីឈ្មោះយៀង គន្ធា អាយុ៤០ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះផន ម៉ឹប អាយុ៣១ឆ្នាំ ទាំង២នាក់ប្តីប្រពន្ធរស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ លោកអធិការនគរបាលស្រុកបានបន្តថា នៅល្ងាចថ្ងៃកើតហេតុ បុរសដៃដល់ជាប្តីបានមកពីផឹកស្រាស្រវឹង ពេលនោះស្ត្រីជាប្រពន្ធបានស្តីបន្ទោស ទើបប្តីខឹងក៏ទាញទូរស័ព្ទដៃគប់ ធ្វើឱ្យស្ត្រីជាប្រពន្ធមានការភិតភ័យបានរត់ទៅប្តឹងលោកមេភូមិ និងដេកនៅផ្ទះលោកមេភូមិ១យប់ ។ លុះព្រឹកឡើងបុរសជាប្តីបានទៅហៅឱ្យត្រឡប់មកផ្ទះវិញ តែស្ត្រីជាប្រពន្ធនិយាយថា មិនទាន់ទៅទេ បើទៅឱ្យមេភូមិដោះស្រាយសិន ហើយពេលនោះ ប្តីប្រមឹកខឹងក៏ចាប់ទាញសក់ក្បាល និងយកដំបងឫស្សីជាង១ម៉ែត្រ ប៉ុនក.ជើងវាយទៅលើប្រពន្ធ ចំនួន១០ដំបង បណ្តាលឱ្យរបួសយ៉ាងដំណំត្រូវចំក.ដៃ១កន្លែង, ចង្កេះ១កន្លែង និងខ្នង១កន្លែង ។ ក្រោយពេលកើតហេតុបុរសជាប្តីត្រូវបានលោកមេភូមិទៅប្តឹងសមត្ថកិច្ចឱ្យចា់ឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ សីហា ២០១២ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី៕
ចែករំលែកព័តមាននេះ