ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទេស​រដ្ឋ​មន្ត្រី​ឱម យ៉ិនទៀង ​ប្រតិ​កម្ម​ចំពោះ​​​អ្វី​ដែល​ថា​ កម្ពុជា​មិន​មាន​ការ​កែលម្អ​បញ្ហា​​សិទ្ធិ​មនុស្ស​ ​និងសិទ្ធិ​នយោបាយ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនិងជាប្រធានអង្គភាពរបស់រាជរដ្ឋាភិ​បាល​កម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រឆាំងមានឈ្មោះថា គណបក្សសង្គ្រោះជាតិ ដែលរួមគ្នាបង្កើតដោយ​គណ​បក្ស​សមរង្ស៊ី និងគណ បក្សសិទ្ធិ​មនុស្ស​នោះ មាន​ផែនការបំផ្លាញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមានគម្រោងឲ្យ​សមា​ជិក២រូប របស់គណបក្សសមរង្ស៊ី ដើរចេញពី​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះថែមទៀត ។

ថ្លែងប្រាប់​ក្រុមអ្នក​រាយ​ការណ៍​​ព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​ពេល​ដែលលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​អញ្ជើញ​ទៅ​ជូន​ដំណើរ​សម្តេច​នាយករដ្ឋមន្រ្តី​ទៅ​ចូលរួម​កិច្ចប្រជុំកំពូលលើកទី១៦នៃ​ប្រទេសចលនាមិនចូល​បក្សសម្ព័ន្ឋនៅ​ប្រទេស​អ៊ីរ៉ង់ នាព្រឹកថ្ងៃទី២៩ សីហា ២០១២ លោកឱម យ៉ិន​ទៀង ក៏មាន​ប្រតិកម្មតប​ទៅនឹង​របាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជា ដែល​សរ​សេរ​​ដោយ​លោក​សូរិយា ស៊ូប៊ែរឌី​ប្រេសិត​ពិសេស​របស់​លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួល​បន្ទុកសិទ្ធិ​មនុស្ស​​​ប្រចំា​​​កម្ពុជា ដោយ​​លើក​​ឡើង​ថា លោក​ស៊ូ​ប៊ែរឌី​គួរ​តែទៅធ្វើជាទីប្រឹក្សា​របស់​គណ​បក្សប្រឆាំងជាជាង​ធ្វើជាអ្នករាយការណ៍​ពិសេស​​​របស់​​អ​ង្គ​ការ​សហ​ប្រជា​ជាតិ ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី២៧ សីហា ឆ្នាំ២០១២​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជា​ជាតិ​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​ប្រចាំកម្ពុជា បានចេញរបាយការណ៍ឆ្នាំ២០១២របស់លោកសូរិយា ស៊ូប៊ែរឌី ដោយក្នុងរបាយការណ៍នោះ លោកសូរិយា ស៊ូប៊ែរឌី បានថ្លែងថា កម្ពុជា​ទទួល​បាន​អនុសាសន៍​ជាច្រើន​ទាំង​ទ្វេ​ភាគី និង​ពហុ​ភាគី ដោយ​អង្គ​ការ​ផ្សេងៗ ប៉ុន្តែវា «គួរឲ្យ​សោក​ស្តាយ» ដែលអនុ​សាសន៍​ភាគ​ច្រើន​បំ​ផុត​ដែល​កម្ពុជា​ទទួលបាន ដើម្បីកែលម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និងសិទ្ធិនយោ​បាយនៅ​​តែមិនមានការ​អនុវត្តន៍ ។

នៅក្នុងរបាយការណ៍របស់​លោកប្រេសិតពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​ប្រចំាកម្ពុជា បានបន្តថា មានចំណុចគុណវិបត្តិចម្បងៗនៅក្នុងការគ្រប់គ្រងការបោះឆ្នោតក្នុងប្រទេសកម្ពុជា ហើយ​ត្រូវ​ធ្វើ​កំណែ​ទម្រង់បន្ទាន់ និងរយៈពេលយូរ ដើម្បីផ្តល់ឲ្យកម្ពុជានូវទំនុកចិត្ត នៅក្នុងដំណើរការបោះឆ្នោត​និងនៅក្នុងការធ្វើការងារ​របស់គណៈ​កម្មា​ធិការជាតិ​រៀប​ចំការបោះឆ្នោត ។ លោក ស៊ូប៊ែរឌី បានសរសេរនៅក្នុងរបាយការណ៍ថា ប្រជាជនកម្ពុជាមានភាព​ស៊ាំទៅនឹង​ការនិយាយថា ការបោះឆ្នោតប្រជាធិបតេយ្យ ហើយបញ្ហាប្រឈមចម្បង គឺជាការបន្ទុចបង្អាក់ការនាំលទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ជនកម្ពុជា​វ័យ​ក្មេង។

គួរបញ្ជាក់ថា លោកស៊ូប៊ែរឌី ក៏បានរៀបចំឧបសម្ព័ន្ធបន្ថែមសម្រាប់របាយការណ៍របស់លោកផងដែរ ដែលនឹងចេញនៅ​ខែកញ្ញា​២០១២នេះ ហើយនឹងផ្តោតលើបញ្ហានៃផលប៉ះពាល់ដោយសារសម្បទានដីសេដ្ឋកិច្ច ។  លោកបន្តថា ការខាតបង់​របស់ប្រជាជន​ពីសម្បទានបែបនោះ គឺមានកម្រិតខ្ពស់ ហើយឧបសម្ព័ន្ធនោះនឹងផ្តល់នូវការវិភាគ និងអនុសាសន៍ផងដែរ ដើម្បីឆ្លើយតបទៅនឹង​ផលប៉ះពាល់ទៅ​លើជីវិតប្រជាជនបណ្តាលមកពីបញ្ហាសម្បទានដីសេដ្ឋកិច្ចទាំងនោះ ជាពិសេសប្រជាជនក្រីក្រតាមជនបទ ប្រជា​ជនជាជនជាតិភាគតិច និង​ជនទាំងឡាយ ដែលមានភាពទន់ខ្សោយ ។

លោកស៊ូប៊ែរឌី បន្តថា ការបន្តដាក់កម្រិតលើសេរីភាពនៃការបញ្ចេញមតិ បានធ្វើឲ្យប៉ះពាល់ដល់សេរីភាព នៃការបញ្ចេញមតិ​ក្នុង​ប្រទេសកម្ពុជា ។  ជាពិសេសអំពីហានិភ័យ និងបញ្ហាប្រឈមរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស ដែលកំពុងតែមាន​និន្នាការ​កើន​ឡើង ក្នុងនោះក៏មាន​​ការ​​ប្រើ​កាំ​ភ្លើងបាញ់​លើ​ប្រជា​ជនផងដែរ ។យ៉ាងណាក៏ដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​គណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ទៀតថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈល្អប្រសើរមិន​ដូចអ្វីដែល​លោក​ស៊ូ​ប៊ែរ​ឌី បានលើក​ឡើង​នោះ​ទេ ហើយ​ថា​របាយ​ការណ៍​របស់​លោក​សូរិយា ស៊ូប៊ែរឌីនោះ គ្រាន់តែនិយាយតាមអង្គការ​សង្គមស៊ីវិលមួយចំនួន និងនិយាយតាមបក្សប្រឆាំងប៉ុណ្ណោះ ៕