រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកខ្លួនបានបើករថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងក្នុងល្បឿនលឿនរេចង្កូតនៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងលាន់ឮសូរដូចរន្ទះ បណ្តាលឱ្យរបាំងថ្ម២កំណាត់ត្រូវបាក់បែកខ្ទេចខ្ទី ហើយរថយន្តបានហោះឡើងទៅទំលើរបាំងថ្ម ជាប់ទៅមុខលែងរួចដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ សីហា ២០១២ នៅចំណុចភូមិដំណាក់ធំ៣ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកសាំងយ៉ុង ពណ៌ស ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវវេងស្រេងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុនោះរថយន្តបង្កហេតុបានគេចជាមួយម៉ូតូមួយគ្រឿងដែលជិះនៅពីមុខនោះក៏រេចង្កូតទៅពន្លះរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខ និងរបាំងថ្មចំនួន២កំណាត់បាក់បែកខ្ទេចខ្ទី ប៉ុន្តែសំណាងល្អ ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សណាម្នាក់ត្រូវរបួសធ្ងន់ធ្ងរឡើយ ។ ក្រោយពេលកើតហេតុប៉ូលិសមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការសម្របសម្រួលរវាងរថយន្តបង្កហេតុ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ