ខេត្តបន្ទាយមានជ័យ ៖ ផលដំឡូងមីដែលទទួលបានមានបញ្ហាចោទតែមួយទេគឺការចិញ្ច្រាំហាលឱ្យស្ងួត ដើម្បីអាចលក់បានភ្លាមៗតាមតម្រូវការរបស់ឈ្មួញ ដែលមិននិយមដំឡូងស្រស់ ។ ដោយសារតម្រូវការនេះ ពលរដ្ឋរស់នៅតាមជាយដែន បាននាំគ្នាបង្កើតមុខរបរស៊ីឈ្នួលចិញ្ច្រាំដំឡូងមីហាលឱ្យឈ្មួញសម្រាប់ដឹកចេញទៅលក់បន្ត ។ កសិករឈ្មោះឃឹម វិត រស់នៅស្រុកម៉ាឡៃ បាននិយាយថា ក្រៅពីធ្វើស្រែនិងចម្ការ គ្រួសារ គាត់ប្រកបរបរស៊ីឈ្នួលចិញ្ច្រាំដំឡូងមី ហាល ឱ្យឈ្មួញ ហើយរបរនេះ សម្រាប់ក្រុមគ្រួសាររបស់គាត់ដែលមានបងប្អូន និងកូន៦នាក់ អាចរកប្រាក់ក្នុងមួយថ្ងៃបានជិត១០ម៉ឺនរៀលដែរ។
ចំណែកស្រ្តីឈ្មោះកែវ ពា ជាអ្នកស្រុកម៉ាឡៃដែរនិយាយថា ក្រុមគ្រួសាររបស់គាត់ប្រកបមុខរបរស៊ីឈ្នួលចិញ្ច្រាំដំឡូងមីទើបតែនៅឆ្នាំនេះទេ ដោយក្នុងមួយថ្ងៃអាចរកប្រាក់ ក្នុងម្នាក់បានជាងពីរម៉ឺនរៀល ។ ការចិញ្ច្រាំដំឡូងមី គឺងាយស្រួលព្រោះថាបាននៅក្បែរផ្ទះរង់ចាំតែឈ្មួញដឹកយកមកឱ្យដល់ផ្ទះហើយនាំបងប្អូនកូនចៅ ចិញ្ច្រាំ ក្នុងមួយខេងចំណុះ ៥០ គីឡូក្រាម បាន កម្រៃ៩០០រៀល ។ ក្នុងមួយថ្ងៃ ក្នុងម្នាក់អាចរកលុយបាន២ម៉ឺនទៅ៣ម៉ឺនរៀល ដោយចិញ្ច្រាំរួចហាលតាមមុខផ្ទះ ឬតាមចិញ្ចើមថ្នល់រយៈពេល២ទៅ៣ថ្ងៃទើបច្រកដាក់ការុង ហើយឱ្យឈ្មួញមកយក ។ គាត់រៀបរាប់បន្តទៀតថា របរនេះមានភាពល្អប្រសើរជាងនាំគ្នាទៅរកការងារធ្វើទាំងប្រថុយប្រថាននៅលើទឹកដីថៃដែរ ។
ពាក់ព័ន្ធនឹងហាងឆេងដំឡូងមី លោកសោម យិន ប្រធានក្រុមហ៊ុនម៉ាឡៃត្រេឌីង ថ្លែងថា នៅស្រុកម៉ាឡៃមានក្រុមហ៊ុនទិញដំឡូងមី និង ពោត ពីកសិករ ចំនួន៧ក្រុមហ៊ុន តែនៅដំណើរ ការចំនួន៤ក្រុមហ៊ុន ។ បច្ចុប្បន្នចំពោះ ដំឡូងមីស្ងួត១គីឡូក្រាម ថ្លៃ៥,៥០បាត ទៅ៦បាត ឯដំឡូងមីស្រស់១គីឡូក្រាមថ្លៃ១,៥០បាត ទៅ២បាត ។ លោកសោម យិន បន្តថា នៅស្រុកម៉ាឡៃ ប្រជាកសិករដាំដំឡូងមី ៥៧ភាគរយ និងពោត២០ភាគរយ សណ្តែកបាយ១០ភាគរយ ។
ចំណែកផ្ទៃដីដាំដំឡូងមីមានចំនួន១២.000ហិតា ហើយក្នុងមួយហិតា បានផលពី២៥ទៅ៣០ តោន ។ ឈ្មួញថៃចូលមកទិញ ដំឡូងមីក្នុងឆ្នាំ២០១២នេះ តាមរយៈក្រុមហ៊ុនម៉ាឡៃត្រេឌីងចំនួន១០.០០០តោន បើប្រៀបធៀបនឹងឆ្នាំ២០១១មានការកើនឡើង៕


ចែករំលែកព័តមាននេះ