រាជធានីភ្នំពេញ ៖ «សាខាផ្សារថ្មី» ដែលជាសាខាទី២របស់តំណាងចែកចាយផលិតផល Samsung KLD ត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០១២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អគ្គនាយក KLD លោកអេរិច ង៉ោ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Samsung លោកវ៉ាត់ ឡាំផេង បូករួមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត ។
លោកអេរិច ង៉ោ អគ្គនាយកក្រុមហ៊ុន KLD លើកឡើងថា «មកពីហាងតែមួយផ្គត់ផ្គង់តម្រូវការអត់ទាន់ ទើបយើងសម្រេចចិត្តបើកសម្ពោធហាងមួយទៀត ដើម្បីបំពេញសេចក្តីត្រូវការ និងការជឿជាក់របស់អតិថិជនលើ KLD និងផលិតផល Samsung ដែលយើងកំពុងចែកចាយ ព្រោះអាជីវកម្មរបស់ខ្ញុំរីកចម្រើនជាលំដាប់ ព្រោះខ្ញុំប្រមើលដឹងពីតម្រូវការទីផ្សារ និងស្លាកសញ្ញាដែលខ្លាំង»។
នាយកសាខាក្រុមហ៊ុន Samsung ថៃប្រចាំកម្ពុជាលោកវ៉ាត់ ឡាំផេង ក៏បានមានប្រសាសន៍ដែរថា ទន្ទឹមនឹងតម្រូវការលើទីផ្សារកាន់តែកើនឡើង បូករួមនឹងភាពជឿជាក់លើស្លាកសញ្ញាផលិតផល Samsung ប្រកបដោយគុណភាពខ្ពស់ មិនត្រឹមតែពង្រីកវិសាលភាពចែកចាយតាមរយៈបង្កើនដៃគូតំណាងចែកចាយកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែដៃគូខ្លួនអាជីវកម្មរបស់ Samsung ខ្លួនឯង ក៏បានពង្រីកសាខារបស់ខ្លួនព្រោងព្រាត ដើម្បីបំពេញឱ្យទាន់ និងគ្រប់តម្រូវការរបស់អតិថិជនដែលចេះតែកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែង KLD ជាឧទាហរណ៍ស្រាប់។ លោកឡាំផេង បន្ថែម ។
ដើម្បីឆ្លើយតបទៅនឹងសញ្ញាណរីកចម្រើនរបស់ Samsung រយៈខ្លីនេះ អគ្គនាយកក្រុមហ៊ុន KLD បានសង្កត់ធ្ងន់ថា មួយរយៈក្រោយនេះទាំង KLD ក៏ដូចជា Samsung ទាំងមូលទទួលបានជោគជ័យដ៏ត្រចះត្រចង់លើត្រកូល Galaxy ទាំងលើ Smartphone និង Tablet ដូចជា Galaxy Note, Galaxy SII, Galaxy SIII, Galaxy Tab, Galaxy Tab 2 10.1និងជាពិសេស Galaxy Tab 2 7.0ដែលមានមុខងារហៅចេញបានដូច Smartphone ទូទៅ ។KLD ជាតំណាងចែកចាយផលិតផល Samsung ដំបូងគេបង្អស់នៅកម្ពុជាចាប់តាំងពីខែមេសា ឆ្នាំ២០១២មកម៉្លេះ ។ ទីតាំងមុនគេនេះ ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង ទល់មុខម៉ង់ឌីយ៉ាល់ ។ ដោយមើលឃើញពីភាពជោគជ័យលើការចែកចាយផលិតផល Samsung លើទីផ្សារកម្ពុជា អគ្គនាយករបស់ KLD លោកអេរិច ង៉ោ ក៏បានសម្រេចចិត្តបើក«សាខាផ្សារថ្មី» ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤០Eo ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី១ មួយបន្ថែមពីលើសាខាម៉ុងឌីយ៉ាល់ ៕
ចែករំលែកព័តមាននេះ