ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជអាជ្ញា​រង​កំពុង​​សាក​សួរ​ក្រុម​ជួញ​ដូរ​គ្រឿងញៀន​​ដ៏​សកម្ម​​ជា​បន្ត​ទៀត​នៅព្រឹក​នេះ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​ត្រូវ​​ចោទ​៤​នាក់​ដែល​ក្នុង​នោះ​មាន​អតីត​លោក​ផ្កាយ​២ ចាន់ ឫទ្ធី​ឌី ​ម្នាក់​ផង​នោះ កំពុង​ត្រូវបាន​លោក​ព្រះ​រាជអាជ្ញា​រង​ គឺ​ ​ប៊ុណ្ណារ៉ា សាក​សួរ​បន្ត​នា​វេលា​ម៉ោង​ជាង​៨​ព្រឹក​​ថ្ងៃទី​២៩ សីហា ២០១២ នេះ នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ដើម្បី​ឈាន​ទៅ​ដាក់​បន្ទុក​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​បើក​សវនា​ការ​ជំនុំ​ជម្រះ​ ។

គួរបញ្ជាក់ថា សមត្ថ​កិច្ច​​នគរ​បាល​​មន្ទីរ​​ប្រឆាំង​​គ្រឿង​ញៀន​​នៃ​ក្រសួង​​មហា​ផ្ទៃ​​ កាល​​ពី​ព្រឹក​​ថ្ងៃទី​​២៨ សីហា ​បាន​បញ្ជូន​​ក្រុម​​ជួញ​ដូរ​​គ្រឿង​ញៀន​ចំនួន​៤នាក់​​នៅ​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ ​ដើម្បី​​ប្រគល់​​ជូន​ស្ថាប័ន​​អយ្យ​ការ​​សាក​សួរ​​និង​ចោទ​ប្រកាន់​​ជា​ផ្លូវ​ការ ។

​ជន​ជាប់​សង្ស័យ​​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ធំនេះ​​មាន​​ ១-​​ឈ្មោះ​ចាន់​ ​ប្ញទ្ធី​ឌី ​អាយុ​​៤៥​ឆ្នាំ ​អតី​ត​​ផ្កាយ​​២ ​​​យោធា ២- ​ឈ្មោះ​​លៀប​ ​ឈុន​រី ​ភេទ​​ប្រុស អាយុ​​៣៦​ឆ្នាំ ​ជា​អង្គរក្ស​ និង​ជាអ្នក​​បើក​បរ​​រថយន្ត​​ឱ្យ​ឈ្មោះ​ចាន់​ឫទ្ធី​ឌី​ ៣-​​ឈ្មោះ​​ឌៀប ​ស៊ុន​ឡាយ ​ភេទ​ប្រុស ​អាយុ​​៥១​​ឆ្នាំ ​​​និង​​៤-​ឈ្មោះ​​ញ៉ែម ​សុខា ​ភេទ​ស្រី អាយុ​​៤៩​ឆ្នាំ ​ត្រូវ​​ជា​ប្រពន្ធ​​របស់​ឈ្មោះ​ឌៀប​ ​ស៊ុន​ឡាយ ។ ជាមួយ​​នឹង​ការ​នាំ​ខ្លួន​​ជន​សង្ស័យ​​ទៅ​កាន់​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​នេះ​ សមត្ថ​កិច្ច​​ក៏​បាន​​​ភ្ជាប់​​ជាមួយ​នូវ​វត្ថុ​តាង​​ដែលរ​ឹប​អូស​​បាន​ ​រួម​មាន​ថ្នាំ​ញៀន ​​ប្រភេទ​​មេតំ​​ហ្វេតា​មីន ​(ICE) ទម្ងន់​​៩៨៩,៩ក្រាម​ ​ថ្នាំ​ញៀន​​​ប្រភេទ​​គ្រាប់​​(WY) ​យ៉ា​ម៉ា​​ ឬ​យ៉ា​បា​​ចំនួន​​៤១.៣២៧​​គ្រាប់​ ​ស្មើ​នឹង​ទម្ងន់​​៣.៧១៩,៥​​ក្រាម​​រថយន្ត​​​​២គ្រេឿង​ ទូរស័ព្ទ​​ដៃ​​២គ្រឿង​ ជញ្ជីង​​ថ្លឹង​​គ្រឿង​ញៀន​១​ និង​ឯក​សារ​​មួយ​ចំនួន​ទៀត​ ។
សំណុំ​រឿង​​គ្រឿ​ង​ញៀន​​មន្ត្រី​យោ​ធា​ផ្កាយ​​២​ ​នេះ​​ស្ថិត​​នៅ​លើ​លោក​​គី ​ប៊ុណ្ណា​រ៉ា ព្រះ​រាជ​អាជ្ញា​រង​​អម​សាលា​​ដំបូង​​រាជ​ធានី​សាក​សួរ​ ដោយ​បាន​​​ចំណាយ​​​​ពេល​ពេញ​​១​ថ្ងៃ​ ទើប​ចោទ​ប្រកាន់​​​ជា​ផ្លូវ​ការ​ ដែល​​ការ​សាក​សួរ​​ពី​សំណាក់​​តំណាង​​អយ្យ​ការ​​ធ្វើ​ឡើង​​ចំពោះ​មុខ​​ជន​ត្រូវ​ចោទ​​ ។

គួរ​រំលឹក​ថា​​ អតីត​​ឧត្ត​ម​សេនីយ៍​ទោ​ឈ្មោះ​​​​ចាន់​ ​ឫទ្ធី​ឌី​​ ជា​​នាយ​ទាហាន​​​​កង​ទ័ព​ជើង​គោក​ ត្រូវ​​បាន​សមត្ថកិច្ច​​នគ​រ​បាល​​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ក្រសួង​មហា​ផ្ទៃ​ស​ហការ​ជាមួយ​​អាជ្ញា​ធរ​​ខណ្ឌ​មានជ័យ​​​​ ព័ទ្ធ​ចាប់​​ខ្លួន​នៅ​​ក្នុង​បរិវេណ​ភូមិគ្រឹះ​​ដ៏​ស្កឹម​ស្កៃ​​​គ្មាន​ពីរ​មួយ​កន្លែង​​​ ស្ថិត​នៅ​​ភូមិ​​អូរ​​​អណ្តូង​​​​ទី​​១​ សង្កាត់​ព្រែក​​ប្រា​ ​ខណ្ឌ​មានជ័យ​ ​​កាលពី​វេលា​ម៉ោង​​៣​រសៀ​ល​​ថ្ងៃទី​​២៤​ សីហា ​ឆ្នាំ​២០១២ ។​​​ តាម​​ប្រភព​ព័ត៌​មាន​​​ពីមន្ត្រី​​សមត្ថកិច្ច​​​ចម្រុះ​​ក្នុង​​ប្រតិបត្តិការ​​ខាង​លើ​បាន​​ឱ្យ​​ថា​​ មុន​​​ពេល​ឈាន​​ដល់ការ​​​ឃាត់​ខ្លួន​​​ឈ្មោះ​​ចាន់​ ឫទ្ធីឌី នេះគឺ​​នគរបាល​​​ជំនាញ​​​បានធ្វើការ​​ស្រាវ​ជ្រាវ​អស់​រយៈ​ពេល​ជាង​​មួយ​ខែ​កន្លង​មក​ហើយ​​ ​ទើប​កំណត់​​បាន​មុខ​សញ្ញា​​ដ៏​ធំ​ម្នាក់នេះ ។​​

មុន​ការ​ចាប់​ខ្លួន​​​ គឺ​សមត្ថកិច្ច​​បាន​ប្រើ​ប្រាស់​​កម្លាំង​​ជំនាញ​​​អន្ទង​ទិញ​​ថ្នាំ​​ញៀន​​ពីឈ្មោះ​​ចាន់ ឫទ្ធីឌី​ ​​​ចំនួន​​​​ពីរ​ខាំ​​ ។​ ​​ពេលនោះ​​ឈ្មោះ​​ចាន់​ ឫទ្ធីឌី  ​ក៏​បាន​​យក​ថ្នាំ​​ញៀន​​ប្រភេទ​​​ម្សៅ​​មក​លក់ឱ្យ​​​​ម៉ូយ​​តាម​​ទី​តាំង​ដែល​បានណាត់​ជួប​គ្នា​ ​លុះពេល​​យក​ថ្នាំ​ញៀន​មក​ដល់​ក៏ត្រូវ​​ក្រុម​​​សមត្ថកិច្ច​​​ព័ទ្ធ​​​​ចាប់​​​​តាម​​​ដង​ផ្លូវ​ ​ប៉ុន្តែ​​​​ឈ្មោះ​ចាន់​ ឫទ្ធីឌី​ បាន​​ជិះ​​​​​រថ​យន្ត​​​ម៉ាក​​ធុន​ដ្រា​​​​ មួយ​គ្រឿង​​​បើក​រត់​សំដៅទៅ​​ចូល​​ភូមិគ្រឹះ​​របស់​ខ្លួន​​​​​ ។ ​ពេល​នោះ​សមត្ថកិច្ច​​​ជំនាញ​​បង្ខំ​ចិត្ត​​​​ធ្វើ​ការ​ឡោម​ព័ទ្ធ​​​ចាប់​ខ្លួន​​​​ឈ្មោះ​ចាន់ ឫទ្ធីឌី ​នៅ​ក្នុង​ភូមិ​គ្រឹះ​តែម្តង​ ​និង​ធ្វើ​ការ​​ឆែក​ឆេរ​​​លំនៅ​ឋាន​​ភ្លាមៗរក​ឃើញ​​ថ្នាំ​ញៀន​​​​គ្រាប់​​ប្រមាណ​​២​ម៉ឺន​គ្រាប់​​ និង​ប្រភេទ​​​ម្សៅ​​​ជាង​​២០​កញ្ចប់​​ធំ​ ។ ​

ក្រោយ​​ពេល​​ចូល​ឆែក​ឆេរ​​​ដល់​ក្នុង​លំនៅ​ឋាន​​​ដ៏ស្កឹម​ស្កៃ​​​នេះ​សមត្ថ​កិច្ច​​​ក៏​បាន​​​​ឱ្យ​ដឹង​ថា​​​ ឈ្មោះ​ចាន់​ ឫទ្ធីឌី​ គឺ​ជា​មុខ​សញ្ញា​រក​ស៊ី​ជួញ​ដូរ​​ថ្នាំ​ញៀន​​ដ៏​ធំ​មួយ​អស់​រយៈ​ពេល​ជា​យូរ​​មក​ហើយ និង​ពុំ​ធ្លាប់​ត្រូវ​​បាន​ចាប់​ខ្លួន​​ឡើយ ដោយ​​សារ​​ឈ្មោះ​​នេះ​ប្រកប​​របរ​រក​ស៊ី​​បើក​ហាង​​​បៀរ​ហ្គាឌិន​​​ផឹក​ស៊ី​​មួយ​កន្លែង​​យី​ហោ​​រស្មី​​បឹង​កេង​កង​បន្លំ​ភ្នែក​​អ្នក​​ដទៃ​​ ដើម្បី​​បិទ​បាំង​​មុខ​របរ​​ជួញ​ដូរ​​ថ្នាំញៀន​​របស់​ខ្លួន ។ ចំពោះ​ហាង​​រស្មី​បឹង​កេង​កង​​នៅ​វេលា​ល្ងាច​ថ្ងៃ​​ដដែល​ ​ក្រុម​សមត្ថ​កិច្ច​​បាន​ឆែក​ឆេរ​​រុក​រក​ថ្នាំ​ញៀន​​បន្ត​​ ប៉ុន្តែ​ពុំ​ទាន់​ដឹង​លទ្ធ​ផល​​នៅ​ឡើយ​​ទេ​​ ។​ ដោយ​ឡែក​ប្រតិ​បត្តិ​ការ​​ឆែក​ឆេរ​ក្នុង​ភូមិ​គ្រឹះ​ខាង​លើ​​ សមត្ថ​កិច្ច​​សម្រេច​​ដក​ហូត​រថយន្ត​​២​​គ្រឿង​​ មាន​ម៉ាកធុន​ដ្រា​ មួយ​គ្រឿង​ ​​និង​រថយន្ត​ប្រភេទ​​ទួរីស​មួ​យគ្រឿង​ ។

នៅ​ថ្ងៃទី​​២៦ សីហា ​ជន​​២នាក់​​ប្តី​​ប្រពន្ធ​​ក៏​ត្រូវ​​បាន​​​ចាប់​ខ្លួន​​ដែរ ដែល​បុរស​ជា​ប្តី​​​ឈ្មោះ​​ឌៀប ​ស៊ុន​ឡាយ ​និង​ប្រពន្ធ​​ឈ្មោះ​ញ៉ែម​ សុខា ​ជា​អ្នក​​អ៊ុត​សក់​​ មាន​អាសយ​ដ្ឋាន​​ផ្ទះ​លេខ​​៤៥I៨ ​ផ្លូវ​​ចូល​វត្ត​​អង្គ​តាមិញ ភូមិ​​​ត្រពាំង​​ល្វា ​សង្កាត់​​កាកាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ការ​ចាប់​ខ្លួន​​​២នាក់​ប្តី​ប្រពន្ធ​​នេះ​​ក៏​មាន​​​ការ​នាំ​ខ្លួន​​អតី​ត​ផ្កាយ​​២​​ទៅ​ចង្អុល​​បង្ហាញ​​ផង​ដែរ​។

​តាម​​​ប្រភព​​ព័ត៌​មាន​​ចុង​ក្រោយ​​នា​វេលា​ម៉ោង​​៥​ល្ងាច​​ថ្ងៃទី​២៨ សីហា បាន​ឱ្យ​ដឹង​ថា ​ក្រុ​ម​ជន​​ត្រូវ​ចោទ​​មិន​ទាន់​​ដឹង​ថា ​ត្រូវ​ចោទ​​ប្រកាន់​បែប​​ណា​​នៅ​ឡើយទេ ​ព្រោះ​មិន​​ទាន់​សាក​សួរ​​ចប់​នៅ​ឡើយ​ ហើយ​តុលា​ការ​​បាន​ប្រគល់​​​ជន​ត្រូវ​ចោទ​​ឱ្យ​សមត្ថ​កិច្ច​​នាំ​ខ្លួន​​ត្រឡប់​​ទៅ​​វិញ ដោយ​​កំណត់​​សាក​សួរ​​បន្ត​នៅ​​ថ្ងៃ​​ទី​​២៩ សីហា ​នេះ​ទៀត​ ៕