រាជធានីភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជានៅបរទេស បានជួយសង្គ្រោះពលរដ្ឋខ្មែររងគ្រោះចំនួន១៨នាក់នៅប្រទេសចំនួន២ និងបាននាំត្រឡប់មកកម្ពុជាវិញ ។
ប្រភពដដែលបន្តថា ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក បានសហការជាមួយអាជ្ញាធរអាហ្វ្រិកខាងត្បូង និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) បានជួយសង្គ្រោះពលរដ្ឋខ្មែរចំនួន១៣នាក់ ដែលបានទៅធ្វើការជាកម្មករលើទូកនេសាទនៅអាហ្វ្រិកខាងត្បូងអស់រយៈពេលជាច្រើនឆ្នាំ ហើយទទួលរងការធ្វើបាបគ្រប់បែបយ៉ាងពីសំណាក់ម្ចាស់ទូកនេសាទ ។ ពលរដ្ឋខ្មែររងគ្រោះទាំង១៣នាក់នេះ បានមកដល់ប្រទេសកម្ពុជាវិញជា២ក្រុម ដោយក្រុមទី១មានគ្នា៤នាក់ បានមកដល់កម្ពុជាកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ និងក្រុមទី២មានគ្នាចំនួន៩នាក់ មកដល់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ។
ចំណែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី បានសហការជាមួយអាជ្ញាធរឥណ្ឌូណេស៊ី និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានជួយសង្គ្រោះពលរដ្ឋខ្មែរចំនួន៥នាក់ ដែលរងគ្រោះដោយមេខ្យល់បោកបញ្ឆោតឱ្យទៅធ្វើការជាកម្មករខុសច្បាប់លើទូកនេសាទថៃអស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានជួយសង្គ្រោះនៅពេលទូកនេសាទចូលនេសាទខុសច្បាប់ក្នុងដែនទឹកឥណ្ឌូណេស៊ី ។ ពលរដ្ឋរងគ្រោះទាំង៥នាក់នេះ នឹងវិលត្រឡប់មកដល់មាតុប្រទេសវិញនៅថ្ងៃទី២៩ សីហា នេះ វេលាម៉ោង៤និង១០នាទីរសៀល ។ នេះមិន មែនជាលើកទី១នោះទេ ៕
ចែករំលែកព័តមាននេះ