រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានី ដោយសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាលាដំបូងរាជធានីបានធ្វើពិធីដុតបំផ្លាញគ្រឿងញៀន និងឧបករណ៍ផលិតគ្រឿងញៀនមួយចំនួនមានទម្ងន់សរុបប្រមាណជាង១តោន ដែលសមត្ថកិច្ចរឹបអូសបានពីជនល្មើសកាលពីឆ្នាំ២០១១កន្លងមក។
បើតាមមន្ត្រីសាលាដំបូងរាជធានីអះអាងថា ក្នុងឆ្នាំ២០១១កន្លងមកសមត្ថកិច្ចក៏ដូចសាលាដំបូងរាជធានី រឹបអូសគ្រឿងញៀន និងឧបករណ៍ផលិតគ្រឿងញៀនពីជនល្មើសបានប្រមាណជាង៣តោន តែពិធីដុតបំផ្លាញត្រូវធ្វើចែកជាពីរប្រភេទ គឺការដុតបំផ្លាញដោយភ្លើងដែលធ្វើនាពេលនេះប្រមាណជាង១តោន និងការបំផ្លាញដោយប្រើសារធាតុគីមីសន្សាបដែលនឹងធ្វើនៅពេលក្រោយទៀត។ ពិធីដុតបំផ្លាញនាពេលនេះ ធ្វើឡើងនៅដីឡូត៍ទំនេរមួយកន្លែងក្នុងតំបន់បឹងស្នោ សង្កាត់និរោធ ខណ្ឌមានជ័យ ។
លោកកៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីដុតបំផ្លាញនេះ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ លោកសុខ រឿន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញឱ្យដឹងថា នេះជាលើកទី៧ហើយដែលអយ្យការ និងសាលាដំបូងរាជធានីបានធ្វើការដុតបំផ្លាញគ្រឿងញៀនជាទ្រង់ទ្រាយធំ ហើយការដុតបំផ្លាញនាពេលនេះចែកចេញជា២ប្រភេទគឺគ្រឿងញៀនដែលអាចដុតបំផ្លាញដោយភ្លើងមានចំនួន១៤ប្រភេទ និងគ្រឿងញៀនដែលត្រូវបំផ្លាញដោយប្រើសារធាតុគីមីបន្សាបរាប់លានគ្រាប់មានចំនួន១៤ប្រភេទដែរសរុបទាំងអស់គឺ២៨ប្រភេទ ។
លោកសុខ រឿន បានឱ្យដឹងទៀតថា បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ បញ្ជាក់ឱ្យឃើញថា ឧក្រិដ្ឋជនធ្វើចរាចរណ៍គ្រឿងញៀននៅតែមានសកម្មភាពជានិច្ចគ្រាន់តែប្តូររូបភាពពីការជួញដូរពីបរិមាណច្រើន មកប្រើប្រាស់រូបភាពមានបរិមាណតិចតែប្រព្រឹត្តច្រើនកន្លែងវិញ។ គ្រឿងញៀនទាំងអស់នេះបានពង្វក់ស្មារតី អូសទាញជនស្លូតត្រង់ដែលបានប្រើប្រាស់បំពាន ពិសេសយុវវ័យឱ្យហ៊ានប្រព្រឹត្តបទល្មើសគ្រប់ប្រភេទដែលជាកង្វល់ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាល សហគមន៍ គ្រួសារ និងអ្នកប្រព្រឹត្តផ្ទាល់តែម្តង ។
លោកកែប ជុតិមា មានប្រសាសន៍ថា គ្រឿងញៀននេះយើងមើលឃើញតិច តែវាអាចបំផ្លាញរាជធានីភ្នំពេញទាំងមូលបាន ឬអាចបំផ្លាញ១ចំហៀងប្រទេស ។ ការធ្វើឱ្យមាន ឬគ្មានគ្រឿងញៀនវាអាស្រ័យលើបុគ្គល និងគ្រួសារនីមួយៗចូលរួមទប់ស្កាត់ជាមួយអាជ្ញាធរនិងសមត្ថកិច្ច ស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។ ពិសេសយុវវ័យរបស់យើង រួមទាំងយុវសិស្សផង កំពុងធ្លាក់ខ្លួនជាជនរងគ្រោះ ដោយសារគ្រឿងញៀន ។ ដូច្នេះ ការអនុវត្តកម្មវិធីមិត្តអប់រំមិត្តជារឿងសំខាន់ និងរួមគ្នាធ្វើឱ្យភូមិ សង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញ គ្មានគ្រឿងញៀន ជាទីកន្លែងប្រកបដោយសុភមង្គល ។ លោកអភិបាលរាជធានីបានបន្ថែមទៀតថា អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងជំរុញការលុបបំបាត់គ្រឿងញៀនដែលជាចំណុចសំខាន់នៃនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ព្រោះបទល្មើសភាគច្រើនផ្តើមចេញពីបញ្ហានេះ។
លោកកៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងដែរថា គ្រឿងញៀនជាបញ្ហាសាកលដែលបង្កការលំបាកធ្ងន់ធ្ងរដល់សង្គម។ លោកបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាកាន់តែប្រឈមខ្លាំងនឹងការប៉ុនប៉ងយកធ្វើជាកន្លែងផលិត ការជួញដូរ និងប្រើប្រាស់គ្រឿនញៀនរបស់ឧក្រិដ្ឋជន ដែលសមត្ថកិច្ចយើងបង្ក្រាបបានជាបន្តបន្ទាប់ ៕



ចែករំលែកព័តមាននេះ